The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​បដិសេធ​រឿង​ ឃាត់​ខ្លួន​អធិការ​រង​ ពាក់ព័ន្ធ​នឹង​ការ​ដឹក​ឈើ

សមត្ថកិច្ច​បដិសេធ​រឿង​ ឃាត់​ខ្លួន​អធិការ​រង​ ពាក់ព័ន្ធ​នឹង​ការ​ដឹក​ឈើ

Content image - Phnom Penh Post
​ឈើ​​ ដែល​ត្រូវ​បាន​គេ​អះ​អាង​​ថាជារបស់ លោកខៃ វណ្ណៈ។ Nokor Dragon News

សមត្ថកិច្ច​បដិសេធ​រឿង​ ឃាត់​ខ្លួន​អធិការ​រង​ ពាក់ព័ន្ធ​នឹង​ការ​ដឹក​ឈើ

មណ្ឌលគិរីៈ លោក​ខៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​អូររាំង ដែល​សង្ស័យ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ទេ ដោយ​គ្រាន់​តែ​ហៅ​មក​សាក​សួរ​ធម្មតា​តែ​ប៉ុណ្ណោះ ជុំវិញ​ការ​ដឹក​ជញ្ជូន​កំណាត់​ឈើ​តូចៗ​និង​ចាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ស្នង​ការរង​នគរបាល​ខេត្ត​មណ្ឌលគិរី។

លោក​សូ សុវណ្ណ ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួន​លោក​ខៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​អូររាំង​ទេ ប៉ុន្ដែ​លោក​ព្រះរាជ​អាជ្ញា​រង​គ្រាន់​តែ​ហៅ​មន្ត្រី​រូប​នេះ​មក​សាកសួរ​ធម្មតា ជុំវិញ​ការ​ដឹក​ឈើ​ចាស់ៗ​និង​ចំណិត​តូចៗ​នៅ​ក្នុង​រថយន្ត​ដែល​ដឹក​ចេញ​ពី​អង្គភាព ទៅ​ផ្ទះ​របស់​លោក​នៅ​ស្រុក​កែវ​សីមា។

លោក​បន្តថា លោក​មិន​បានដឹង​ច្បាស់​ថា កន្លងមកនេះ លោក​អធិការរង​រូបនេះ​ធ្លាប់​បាន​រក​ស៊ី​ដឹក​ឈើ​ប្រណីត ឬ​យ៉ាង​ណា​ទេ ប៉ុន្ដែ​គ្រាន់​តែ​ដឹង​ថា លើក​នេះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រថយន្ត​របស់​លោក​ឃើញ​ឈើ​ដែល​ប្រើការ​មិន​កើត។ បន្ទាប់​មក​សមត្ថកិច្ច​បាន​យក​រថយន្ត​ដឹក​ឈើ​នោះ​ទៅ​រក្សា​ទុក​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សិន ហើយ​មនុស្ស ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក សូ សុវណ្ណ បាន​បញ្ជាក់ថា៖ «ខ្ញុំ​បានទទួល​ដំណឹង​ហ្នឹងហើយ ប៉ុន្តែ​លោក ខៃ វណ្ណៈ គ្រាន់​តែ​ដឹក​តែ​ចំណិត​ឈើ​តិ-តួច​ទេ គ្រាន់​លក់​រួច​ថ្លៃ​បាយ ថ្លៃ​សាំង ធ្វើ​ជា​អុស​ដុត​ទេ ហើយ​គេ​មិន​មាន​ឃាត់​ខ្លួន​ទេ គេ​គ្រាន់​តែ​ហៅ​ទៅ​សួរនាំ​ធម្មតា​ទេ ព្រោះ​វា​ជា​រឿង​កំប៉ិក​កំប៉ុក ហើយ​យើង​ចេះ​តែ​យោគ​យល់​គ្នា​ទៅ»។

នៅពេល​ទាក់ទង​ពី​ម្សិលមិញ លោក អ៊ុំ វណ្ណ​សុភ័គ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី និយាយ​ថា លោក​មិន​សូវ​ដឹង​ព័ត៌មាន​ច្បាស់​ទេ ហើយ​វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់​បាន លោក​ក៏​មិន​ទាន់​ទទួល​ដែរ ដោយ​លោក​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​ខាង​សមត្ថកិច្ច​ដែល​កំពុង​ធ្វើការ​លើ​រឿង​នេះ។

លោក​បញ្ជាក់ថា៖ «រឿងនេះ​ខាង​សមត្ថកិច្ច​មិនទាន់​ប្រគល់​ឈើ​នោះមក​ឲ្យ​ខាង​ជំនាញ​តាម​នីតិវិធី​នៅ​ឡើយ»។

យោងតាម​សារព័ត៌មាន​ក្នុងស្រុក​ឈ្មោះ «នគរវត្ត» ចុះផ្សាយ​កាលពី​ថ្ងៃទី៩ មករា​ថា៖ «លោក​ខៃ វណ្ណៈ មាន​តួនាទី​ជា​អធិការ​រង​នគរបាល​ស្រុក​អូររាំង និង​ជា​មេ​ឈ្មួញ​ឈើ​ដ៏​សកម្ម​ជា​យូរ​ឆ្នាំ​មក​នោះ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី​ចាប់​វាយ​ខ្នោះ​ក្នុង​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ជាក់​ស្តែង កាល​ពី​ព្រលប់​ថ្ងៃទី ៨ ខែ​មករា នៅ​ចំណុច​វាល​អាមេរិកាំង ស្រុក​អូររាំង តាម​បញ្ជា​ថ្នាក់​លើ​បញ្ជូន​ខ្លួន​មក​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អូររាំង​ទាំង​យប់ ជាមួយ​ការ​ចាប់​យក​វត្ថុតាង​ឡាន និង​ឈើ។

សារព័ត៌មាន​នេះ ផ្សាយ​បន្តថា ប៉ុន្តែ​មិនដឹង​ជា​សម្របសម្រួល​ដោយ​វិធី​ណា​បែរជា​លោក​អធិការ​រង​រូប​នោះ​បាន​របូត​ខ្នោះ​ពី​ដៃ​នៅ​យប់​ថ្ងៃ​ដដែល​គេច​ខ្លួន​បណ្តោះ​អាសន្ន​ជាមួយ​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា អស់​លុយ​ចំនួន ៣៥ ០០០ ដុល្លារ។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ លោក​ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ដែល​បាន​ហៅ​លោក​ខៃ វណ្ណៈ មក​សាក​សួរ ថា​លោក​មិន​ទទួល​បាន​ព័ត៌មាន​ច្បាស់​នោះ​ទេ ហើយ​សុំ​មិន​អធិប្បាយ​លើស​ពី​នេះ និង​បាន​បដិសេធ​នូវ​ការ​ពាក់​ព័ន្ធ​នឹង​ចំនួន​លុយ​កាក់​ខាង​លើ។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​សូមជម្រាបថា វា​មិនមែនជា​ព័ត៌មាន​ពិត​ទេ ហើយ​រឿង​ដែល​ថា សមត្ថកិច្ច​ទទួល​លុយ ៣៥ ០០០ ដុល្លារ​ពី​លោក​អធិការ​រង​នគរបាល​នេះ ក៏​ជា​រឿង​មិន​ពិត​ដែរ ខ្ញុំ​មិន​ដឹង​ថា គាត់​បាន​ព័ត៌មាន​ហ្នឹង​ពី​ណា​ទេ វា​ជា​រឿង​មិន​ពិត​ទេ។ ខ្ញុំ​សុំ​មិន​ពន្យល់​ហេតុផល​វែង​ឆ្ងាយ​ទេ»។

ទោះយ៉ាងណា លោក​ខៃ វណ្ណៈ អធិការរង​នគរបាល ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ករណី​នេះ​បាន​ទេ៕

អត្ថបទគួរចាប់អារម្មណ៍