កំពង់ចាមៈ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ករណី​បុរស​ចាក់ក​សម្លាប់​ប្រពន្ធ​ហើយ​គេច​ខ្លួន​ទៅ​ស្លាប់​ក្នុង​ព្រៃ​កាលពី​ថ្ងៃទី​ ២៣ ខែ​មេសា​នៅ​ភូមិ​អម្ពិល ឃុំ​ព្រែកដំបូក ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ខណៈ​រឿង​នេះ​នៅ​មិន​ទាន់​ច្បាស់​។

លោក សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រីសន្ធរ​ប្រាប់​ឲ្យ​ដឹងថា អំពើ​មនុស្សឃាត​ដែល​បុរស​ជា​ប្តី​ចាក់ក​សម្លាប់​ប្រពន្ធ ហើយ​គេច​ខ្លួន​ទៅ​ស្លាប់​ក្នុង​ព្រៃរបោះ​ក្នុង​ភូមិ​ខាង​លើ​នោះ​រហូត​មក​ទល់​ពេល​នេះ​ព័ត៌មាន​លម្អិត​ពី​ប្រវត្តិ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​សុខភាព​គឺ​សមត្ថកិច្ច​មិន​ទាន់​ប្រមូល​បាន​អស់​ទេ​។

លោក​បន្ត​ថា​៖«​ខ្ញុំ​មិន​អាច​សន្និដ្ឋាន​ថា​មកពី​អ្វី​ឲ្យ​ច្បាស់លាស់​ទេ​។ ​មូលហេតុ​ពិត​នៃ​អំពើ​មនុស្សឃាត​នេះ​យើង​នៅ​មិន​ទាន់​ប្រមូល​ព័ត៌មាន​អស់​នៅ​ឡើយ​ទេ​ថា តើ​ជនដៃដល់​អាច​មាន​ជំងឺ​សរសៃប្រសាទ​ ឬ​ក៏​អត់​?»​។ លោក​ថា ជនសង្ស័យ​ឈ្មោះ ឡាច ថា អាយុ​ ៣៨ ​ឆ្នាំ ឯ​ប្រពន្ធ​រងគ្រោះ​ឈ្មោះ ស ស្រីនាង អាយុ​ ២៦ ​ឆ្នាំ​មាន​កូន​ស្រី​ម្នាក់​អាយុ​ ១០ ​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​។

លោក​ប្រាប់​តាម​សម្តី​អ្នកភូមិ​ថា មុន​ថ្ងៃ​កើតហេតុ​ប្រហែល​កន្លះ​ខែ ជនសង្ស័យ​បាន​សួរ​ប្រពន្ធ​ថា ហេតុអ្វី​បាន​ជំពាក់​លុយ​គេ​ដល់​ទៅ​ ៣៥០០ ​ដុល្លារ តើ​លុយ​នោះ​ខ្ចី​គេ​មក​ធ្វើ​ស្អី​ខ្លះ​? ប៉ុន្តែ​ស្ត្រី​រងគ្រោះ​បាន​ស្រែក​​ទៅ​ប្តី​ថា​កុំ​ចង់​ដឹង​ថា​គាត់​ជំពាក់​នរណា​អី សំខាន់​រក​តែ​លុយ​នោះ​មក​ឲ្យ​គាត់​យក​ទៅ​សង​គេ​ទៅ​វា​ចប់​រឿង​ហើយ​។

លោក សុខ យ៉េន បន្ត​តាម​សម្តី​អ្នកភូមិ​ថា ជនសង្ស័យ​ជា​មនុស្ស​ស្រវឹង​ខួប​ផឹកស្រា​រាល់​ថ្ងៃ​ហើយ​ក៏​តែង​បង្ក​ហិង្សា​លើ​ប្រពន្ធ​ស្ទើរ​រាល់ថ្ងៃ​ដែរ​។ ​លោក​ថា​មុន​ពេល​កើតហេតុ​អ្នក​ភូមិ​ថា​ពួកគេ​មាន​ទំនាស់​ក្នុង​គ្រួសារ ព្រោះ​ជនសង្ស័យ​ដឹង​រឿង​ប្រពន្ធ​ជំពាក់​លុយ​គេ​ទើប​ឈ្លោះ​គ្នា​។ ​លុះ​ដល់​ចន្លោះ​ម៉ោង​ ២ ​ទៅ​ ៣ ​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​ ២៣ ខែ​មេសា ក៏​ស្រាប់តែ​អ្នក​ផ្ទះ​ក្បែរ​ខាង​ឮ​សូរ​សំឡេង​ជជែក​គ្នា​ និង​សំឡេង​ស្រែក​ឲ្យ​ជួយ​ហើយ​ពេល​អ្នកភូមិ​ទៅ​មើល​ក៏​ឃើញ​ស្ត្រី​រងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។

លោក ម៉េង ថៃអ៊ាង នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រែកដំបូក​បាន​ប្រាប់​ដែរ​ថា ជនសង្ស័យ​នៅ​ពេល​ស្រវឹង​ម្តងៗ តែង​បង្ក​ជម្លោះ​ក្នុង​គ្រួសារ ហើយ​ក៏​មាន​ប្រើ​ហិង្សា​ផង​ដែរ ប៉ុន្តែ​មិន​មាន​វាយដំ​បង្ក​របួសស្នាម​ធ្ងន់​ទេ​។

លោក​ប្រាប់​តាម​សម្តី​សាច់ញាតិ​ស្ត្រី​រងគ្រោះ​ថា​៖ «​លោក ឡាច ថា មិន​ដឹង​ថា មាន​ជំងឺ​សរសៃប្រសាទ​ឬ​ក៏​អត់​ទេ ប៉ុន្តែ​ជន​នេះ​ពេល​មាន​អារម្មណ៍​មិន​ល្អ ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​តែង​ទៅ​ទិញ​ថ្នាំ​សរសៃ​ប្រសាទ​មក​ឲ្យ​លេប​។ ​ប៉ុន្តែ​ជនសង្ស័យ​គ្មាន​លិខិត​ពេទ្យ​បញ្ជាក់​ពី​ជំងឺ​សរសៃ​ប្រសាទ​ទេ​»​។

លោក​នាយ​នគរបាល​ប៉ុស្តិ៍​រំឭក​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា​នៅ​លើ​កញ្ចឹងក​ស្ត្រី​រងគ្រោះ​មាន​ស្នាម​ចាក់​នឹង​វត្ថុ​ស្រួច​ធ្លាយ​បំពង់ក​ពី​ស្តាំ​ទៅ​ឆ្វេង​ ១ ​កន្លែង​។​ ​ឯ​ជនសង្ស័យ​ក្រោយពី​សម្លាប់​ប្រពន្ធ​ហើយ​បាន​រត់​ចូល​ព្រៃ​របោះ​ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រហែល​ ២ ​គីឡូម៉ែត្រ​ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេកស្លាប់​នៅ​ទី​នោះ​។ ប៉ុន្មាន​ថ្ងៃ​មុន​កើតហេតុ ជនសង្ស័យ​មិន​បាន​ហូប​អាហារ​អ្វី​ទេ​ និង​ចេះ​តែ​ផឹកស្រា​។ ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនសង្ស័យ​មិន​បាន​ធ្វើ​អត្ថឃាត​ខ្លួន​ឡើយ​ព្រោះ​គ្មាន​ស្លាកស្នាម​នៅ​លើ​ខ្លួន ប៉ុន្តែ​សង្ស័យ​ថា​អាច​ខ្យល់គ​ស្លាប់​៕