ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប.) ​កំពុង​បន្ត​អនុវត្ដ​វិធានការ​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​អាល់កុល​ក្លែងក្លាយ ក្រោយពី​បង្ក្រាប​បាន​ ៥ ​ករណី​ ចាប់ពី​ខែ​មីនា​រហូត​ដល់​ម្សិលមិញ ប៉ុន្តែ​មាន​តែ​ម្ចាស់​អាល់កុល​ក្លែងក្លាយ​ ១ ​ករណី​ប៉ុណ្ណោះ​ ដែល​បាន​ចូលខ្លួន​មក​ដោះស្រាយ​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​​ម្សិលមិញ​ថា រហូត​មក​ទល់​ពេលនេះ​ (​ម្សិលមិញ​) មាន​អាល់កុល​ក្លែងក្លាយ​ (​លាយ​មេតាណុល​) ​ដែល​ជា​សារធាតុពុល​មិនអាច​ប្រើ​ក្នុង​ការកម្ចាត់​មេរោគ​សរុប​ជាង ៦៤ ០០០ ​លីត្រ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បំផ្លាញ​ចោល​រួចរាល់​ហើយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

លោក​បាន​បន្តថា ក្រោយ​ការបង្ក្រាប​ករណី​ទាំងនេះ ក.ប.ប. បាន​ជូនដំណឹង​ជា​បន្តបន្ទាប់​ឱ្យ​ម្ចាស់​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ចូល​ខ្លួន​មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​។ ​ប៉ុន្ដែ​រហូត​ដល់​ពេល​នេះ​មាន​តែ​ម្ចាស់​ទីតាំង​ ១ ​ប៉ុណ្ណោះ​ដែល​បាន​ចូលខ្លួន​។

លោក​ថា​៖ «​សរុប​ទាំងអស់​យើង​បង្ក្រាប​បាន​ ៥ ​ករណី​ក្នុង​នោះ​មាន​ ១ ​ករណី ​បាន​ចូលខ្លួន​មក​ផ្ដល់​ជា​ព័ត៌មាន​បន្ថែម​ហើយ ដើម្បី​ឱ្យ​យើង​អាច​យកទៅ​កសាង​កំណត់​ហេតុ​បទល្មើស​បញ្ជូនទៅ​ព្រះរាជអាជ្ញា​។ ចំណែក​ ៤ ​ករណី​ទៀត​មិនទាន់​បង្ហាញខ្លួន​ទេ​។

ចំពោះ​នីតិវិធី​បន្ត​លើ​ករណីនេះ​គឺ​យើង​ផ្អែកលើ​នីតិវិធី​របស់​ព្រះរាជអាជ្ញា​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព ទំនិញ និង​សេវា​ដែល​ពួកគាត់​មាន​សិទ្ធិ​សម្រេច​លើ​ការផាកពិន័យ​ ឬ​ក៏​ដាក់ទោស​ទណ្ឌ​...»​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យ​ដឹងថា ការបំផ្លាញ​ចោល​អាល់កុល​ក្លែងក្លាយ​ជាង​ ៦៤ ០០០ ​លីត្រ​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​សុក្រ​ទី​ ១០ ខែមេសា នៅ​ទីតាំង​ស្ថានីយ​បូមទឹក​ស្អុយ​ទី​ ១ ​ទំនប់​កប់​ស្រូវ ក្នុង​ភូមិ​ផ្សារលិច សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​។

លោក ឌឹម ថេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ថ្លែងថា​៖ «​ក្នុងស្ថានភាព​ប្រទេស​ជាតិ​ក៏ដូចជា ពិភពលោក​កំពុង​ជួបប្រទះ​ជំងឺ​រាតត្បាត​កូវីដ​១៩​នេះ​តម្រូវការ​អាល់កុល​ដើម្បី​លាង​សម្អាត​ដៃ​កម្ចាត់​មេរោគ​បាន​កើនឡើង​យ៉ាងខ្លាំង​។

កត្ដា​នេះ​បង្ក​ឱ្យ​មាន​ការឆ្លៀតឱកាស​កេងចំណេញ​ផ្នែក​សេដ្ឋកិច្ច​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​លួច​បន្លំ​ចែកចាយ​អាល់កុល​ក្លែងក្លាយ​ (​មេតាណុល​) បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើ​»​។

លោក​បន្ដថា ក.ប.ប. នឹង​បន្ត​ស៊ើបអង្កេត​ និង​បង្ក្រាប​នូវ​សារធាតុ​មេតាណុល​ដែល​ជនខិលខូច​ដាក់លក់​ក្នុង​រូបភាព​ជា​អាល់កុល​កម្ចាត់​មេរោគ​ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​ការភាន់ច្រឡំ​ជា​អាល់កុល​ពិត​។

លោក​ ឆាយ គឹមខឿន អគ្គស្នងការរង​ និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែងថា ក្នុង​ពេល​រាជរដ្ឋាភិបាល​កំពុង​យក​ចិត្ដ​ទុកដាក់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ បែរ​​ជា​មាន​ជនខិលខូច​បន្លំ​លក់​ទំនិញ​ក្លែងក្លាយ​ទៅវិញ​។ ករណី​​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​អគ្គស្នងការដ្ឋាន​បាន​ចូលរួម​ជា​បន្តបន្ទាប់​ក្នុង​ការអនុវត្ដ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ និង​បង្ក្រាប​ទប់ស្កាត់​ការចរាចរ​លក់ដូរ​អាល់កុល​ក្លែងក្លាយ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​តួនាទី​ភារកិច្ច នគរបាលជាតិ​មាន​កងកម្លាំង​នគរបាល​សេដ្ឋកិច្ច​ជា​កងកម្លាំង​អនុវត្ដ​ផ្ទាល់​បាន​ចូលរួម​សហការ​ក្នុង​ការអនុវត្ដ​ទប់ស្កាត់ ការលក់ដូរ​ផលិតផល​ខុសច្បាប់ ការនាំចូល​ទំនិញ​គ្មាន​ពន្ធ និង​ការក្លែងបន្លំ​ស្លាក​សញ្ញា​ទំនិញ​ជាដើម​នេះ​។ ដូច្នេះ​ជា​គោលការណ៍​គឺ​យើង​មាន​ការម៉ឺងម៉ាត់​បំផុត​ក្នុង​ការស្រាវជ្រាវ​ស៊ើបអង្កេត ទប់ស្កាត់ និង​បង្ក្រាប​មិន​ឱ្យមាន​ករណី​បែបនេះ​កើតមាន​ឡើង​ទៀត​ទេ​»៕