ព្រះសីហនុ: សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​បន្ត​សាកសួរ​បុរស​ជា​ជនសង្ស័យ​ជាតិចិន ៦ ​នាក់ ​បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៣០ ខែ​ កញ្ញា ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ប្រព្រឹត្ត​នៅក្នុង​ភូមិ​ ៥ សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ដោយ​រំដោះ​បាន​ជនរងគ្រោះ​ជាតិចិន​ចំនួន​ ៤ ​នាក់​។

លោក ហេង ប៊ុនទី មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ពិតជា​មាន​ការឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​ ៦ ​នាក់​មែន ជុំវិញ​ការ​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ចំនួន​ ៤ ​នាក់ ប៉ុន្ដែ​លោក​បដិសេធ​ការធ្វើ​អធិប្បាយ​បន្ថែម​ពី​ករណី​នេះ​ដោយ​បង្វែរ​សំណួរ​ទៅ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ​។

លោក​បញ្ជាក់ថា​៖ «​សូម​សួរ​ទៅ​អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​គឺ​គាត់​នឹង​បំភ្លឺ​ជូន​ហើយ ចំណែក​ខ្ញុំ​អត់​មាន​អ្វី​ត្រូវ​និយាយ​ទេ​»​។

យ៉ាងណា​ក្ដី​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​កាលពី​ម្សិលមិញ​មិញ​ថា លោក​នៅ​មិន​ទាន់​បានទទួល​ព័ត៌មាន​អ្វី​បន្ថែមទៀត​ជុំវិញ​ករណី​នេះ​ទេ ព្រោះ​មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កំពុង​ធ្វើការ​តាម​នីតិវិធី​ច្បាប់​។ ​ប៉ុន្ដែ​លោក​មិនទាន់​ដឹងថា​មន្ត្រី​គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ទាំង​ ៦ ​នាក់​នោះ​ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅពេលណា​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​ទាន់​ដឹង​គេ​បញ្ជូន​ទៅ​តុលាការ ឬ​អត់​ទេ គេ​កំពុង​ធ្វើការ​របស់គេ ព្រោះ​ខ្ញុំ​បាន​ជម្រាបជូន​ហើយ​ថា ពាក់ព័ន្ធ​នីតិវិធី​ច្បាប់ ខ្ញុំ​មិនអាច​ជម្រាប​ជូន​បានទេ​។ ខ្ញុំ​អត់​អាច​និយាយ​រឿង​ហ្នឹង​បានទេ​»​។

ប៉ុន្តែ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ Swiftnews ​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​ថា​៖ ​«​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា​បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង និង​ធ្វើ​ទារុណកម្ម​លើ​ក្រុម​ជនរងគ្រោះ​ដើម្បី​ជំរិត​ទារប្រាក់​ពី​សាច់ញាតិ​របស់​ពួកគេ​នៅ​ប្រទេស​ចិន​។

សារព័ត៌មាន​ដដែល​បន្ត​ថា​នៅពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង រួមមាន ទូរស័ព្ទដៃ​ចំនួន ៦ ​គ្រឿង ខ្នោះដៃ​ចំនួន ៤ ​គូ ពិលឆក់​ចំនួន​ ១ អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​ចំនួន​ ១ ​សន្លឹក កាត​ធនាគារ​ចំនួន​ ១ ​សន្លឹក ខ្សែ​ចំណង​ជ័រ​មួយ​ចំនួន រថយន្ត​ចំនួន​ ១ ​គ្រឿង និង​ប្រាក់​ដុល្លារ​ចំនួន ​១ ៥០០ ​ដុល្លារ​។ បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ និង​វត្ថុតាង​​ត្រូវបាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដោយ​កំពុង​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​»​។

លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សាលាដំបូង​ខេត្ត​ព្រះសីហនុ​មិន​ទាន់​ទទួល​សំណុំរឿង​ជនជាតិ​ចិន​ចំនួន​ ៦ ​នាក់​នេះ​ទេ «​ខ្ញុំ​អត់​ទាន់​បាន​ទទួល​សំណុំ​រឿងនេះ​នៅ​ឡើយ​ខ្ញុំ​គិតថា មន្ត្រី​ជំនាញ​ប្រហែល​ជា​កំពុង​កសាង​សំណុំ​រឿង​មក​តុលាការ ចាំមើល​បន្ដិច​ទៀត​ប្រហែល​គាត់​បញ្ជូន​មកដល់​តុលាការ​ហើយ​»៕