ភ្នំពេញៈ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ម្សិលមិញ​បាន​បន្ត​នីតិវិធី​ស៊ើបសួរ​ក្រុម​ជនសង្ស័យ​ ៧ ​នាក់ បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១ ​ខែ​តុលា ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ករណី​​ឆក់​ប្លន់​ក្នុង​នោះ​មាន​ ៣ ​នាក់​ ពាក់ព័ន្ធ​ឃាតកម្ម​នៅ​ខណ្ឌ​ព្រែកព្នៅ​។

លោក ជា សុវណ្ណ អធិការរង​ខណ្ឌ​ពោធិ៍សែនជ័យ​ប្រាប់​កាលពី​ម្សិលមិញ​ថា ក្រុម​ជនសង្ស័យ​ ៧ ​នាក់​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ឆក់​ប្លន់​នោះ ពេល​នេះ​កំពុង​ត្រូវបាន​ស៊ើបសួរ​ដើម្បី​រក​បក្ខ​ពួកគេ​ទៀត​។

លោក​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​ខ្ញុំ​កំពុង​បន្ត​ស៊ើបសួរ​ពួកគេ​ហើយ​មិនទាន់​បញ្ជូនទៅ​តុលាការ​ទេ​»​។

លោក​ប្រាប់ថា កម្លាំង​នគរបាល​​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​បើក​ប្រតិបត្តិការ​តាម​បង្ក្រាប​ក្រុម​ជនសង្ស័យ​ទាំងនោះ ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ប្លន់​នៅក្នុង​ទឹកដី​ខណ្ឌ​កំបូល​ និង​ខណ្ឌ​ពោធិ៍សែនជ័យ​រួមទាំង​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ និង​បាន​ដកហូត​ម៉ូតូ​ធ្វើ​សកម្មភាព​ ៤ ​គ្រឿង​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ទេ​ពី​ម្សិលមិញ ព្រោះ​គ្មាន​អ្នក​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​លោក​សារ៉ាន់ បាន​ប្រាប់​អង្គភាព​ព័ត៌មាន​ Fresh News ថា ក្រោយពី​មន្ត្រី​ជំនាញ​សាកសួរ​អស់​ពេល​ ១ ​យប់ ​១ ​ថ្ងៃ​ ក៏​បែក​ធ្លាយ​រឿង​ជនសង្ស័យ​ ៣ ​នាក់ ​គឺជា​ឃាតករ​ដែល​ធ្លាប់​​បាន​វាយ​សម្លាប់​បុរស​ម្នាក់​កាលពី​ថ្ងៃទី​ ១៤ ខែ​ សីហា ឆ្នាំ​ ២០១៩ នៅ​ម្តុំ​វត្ត​ពោធិ៍​នៅ​ខណ្ឌ​ព្រែកព្នៅ​។

លោក យឹម សារ៉ាន់ បាន​បន្តថា ជនសង្ស័យ​ករណី​ឃាតកម្ម​នេះ ទី​១- ​ឈ្មោះ សៀង តុង ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ​ ជាជាង​ពិតាន​មាន​លំនៅ​ភូមិ​ស្វាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍សែនជ័យ ទី​២- ​ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​ពន្សាំង​​ ខណ្ឌ​ព្រែកព្នៅ និង​ទី​៣- ឈ្មោះ សន ប៊ុនធិម អាយុ​ ១៧ ​ឆ្នាំ ​ស្នាក់នៅ​សង្កាត់​ស្នោ​។

លោក​អធិការ​បន្តថា ខណៈ​នេះ​កម្លាំង​ជំនាញ​ខណ្ឌ​ពោធិ៍សែនជ័យ​កំពុង​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខណ្ឌ​ព្រែកព្នៅ និង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​រក​ភ័ស្តុតាង​បន្ថែមទៀត​។

ចំណែក​ជន​ ៤ ​នាក់​ទៀត ទី​១- ឈ្មោះ យ៉ុង សហសវត្សរ៍ ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ស្នោ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍សែនជ័យ​។ ទី​២- ​ឈ្មោះ​ កាក់ សំរេច ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ស្នោកើត សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍សែនជ័យ​។ ទី​៣- ​ឈ្មោះ សាន ផានិត ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ ​មាន​លំនៅ​ភូមិ​ស្រែអំពិល សង្កាត់​​ស្នោ ខណ្ឌ​ពោធិ៍សែនជ័យ និង ទី​៤- ​ឈ្មោះ រឿន សារ៉ូត ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ស្រែរាជ្ជះ សង្កាត់​សំរោងក្រោម ខណ្ខ​ពោធិ៍សែនជ័យ​។

ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​រួមមាន ថ្នាំ​ក្រាម​សថ្លា​ចំនួន​ ១ ​កញ្ចប់​តូច​ និង​ម៉ូតូ​ ៤ ​គ្រឿង ក្នុង​នោះ​មាន ម៉ាក​ហុងដាសេ​ ១២៥ ​ពណ៌​ខ្មៅ​ពាក់​ស្លាក​​លេខ​ភ្នំពេញ​ 1GW-4373, ​ម៉ាក​​ហុងដាសេ​ ១២៥ ពណ៌​ខ្មៅ ពាក់​​ស្លាក​លេខ​ភ្នំពេញ​ 1HD-9258. ម៉ាក​ហុងដាសេ​ ១២៥ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HN-0663, ​ម៉ាក​ហុងដា សេ​ ១២៥ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HP-2321 ទូរស័ព្ទដៃ​ ២ ​គ្រឿង ម៉ាក iPhone 6 និង iPhone 7 ​ខ្សែក​ ២ ​ខ្សែ និង​ចិញ្ចៀន​ ១ ​វង់ ​និង​លុយ​ ១០ ០០០ រៀល​។

បើតាម​លោក យឹម សារ៉ាន់ សកម្មភាព​ចុងក្រោយ​របស់​ក្រុម​​ជនសង្ស័យ​ទាំងនោះ​គឺ​ការធ្វើ​សកម្មភាព​ដេញ​កាប់​ប្លន់​ម៉ូតូ​នៅមុខ​វត្ត​ព្នៀត​ក្នុង​ទឹកដី​សង្កាត់​សំរោងក្រោម តែ​មិនបាន​សម្រេច​​កាលពី​អំឡុង​ខែ​កញ្ញា​ និង​ ១ ​ករណី​ទៀត​ គឺ​ឆក់​ទូរស័ព្ទ​ម៉ាក iphone7 plus នៅមុខ​វត្ត​តាភេម ក្នុង​ខណ្ឌ​កំបូល​៕