ក្រចេះ: ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ខេត្តក្រចេះ​បន្ត​ចុះ​ឃ្លាំមើល​ និង​បង្ក្រាប​បទល្មើស​លួច​ធ្វើ​អាជីវកម្ម​រ៉ែមាស​ខុសច្បាប់​នៅ​ចំណុច​អូរសាលោង​ក្នុង​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ទីតាំង​អាជីវកម្ម​រ៉ែមាស​គ្មាន​ច្បាប់​ចំនួន​ ៤ ​កន្លែង​ក្នុង​តំបន់​នេះ ត្រូវ​បាន​បង្ក្រាប​កាលពី​សប្ដាហ៍​មុន ដោយ​ឃាត់ខ្លួន​មនុស្ស​ ៣ ​នាក់​។

លោក​ ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្តក្រចេះ និង​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៃ​ខេត្ត​នេះ​ប្រាប់​ពី​ម្សិលមិញ​ថា​នៅ​ដើម​រដូវវស្សា​នេះ បទល្មើស​អាជីវកម្ម​រ៉ែ​មាស​បាន​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​អូរសាលោង​ស្ថិត​ក្នុង​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល​ និង​នៅ​អូរត្រូន ស្ថិត​ក្នុង​ភូមិ​ពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។

លោក​ថ្លែងថា​៖ «​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ស្រាវជ្រាវ​ និង​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​អត់​ច្បាប់​ ៤ ​កន្លែង​នៅ​ចំណុច​អូរសាលោង​ស្ថិត​ក្នុង​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ដោយ​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ចំនួន​ ៣ ​នាក់ ​ទៅ​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

លោក​ថា​ ក្រោយពី​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ទាំងនោះ សមត្ថកិច្ច​បាន​រុះរើ និង ប្រើ​គ្រឿងចក្រ​ឈូស​កាយ​ដី​លុបរណ្ដៅ​រ៉ែ​មាស​ខុសច្បាប់​ទាំងនោះ​វិញ​។ បន្ទាប់មក​ក្រុម​គណៈកម្មការ​ជំនាញ​បាន​បន្ត​ចុះ​ស្រាវជ្រាវ​រកឃើញ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ ៧ ​កន្លែង​ផ្សេងទៀត​ នៅក្នុង​តំបន់​អូរត្រូន​ដែល​មាន​ទីតាំង​នៅ​ភូមិ​ពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។

លោក​ ចំណាន ​ប្រាប់​ថា​៖ «​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ក្នុង​តំបន់​អូរត្រូន​នោះ​គឺជា​រណ្ដៅ​រ៉ែចាស់ ដែល​គេ​ឈប់​ប្រើ ហើយ​អ្នកភូមិ​ក្នុង​តំបន់​នោះបាន​នាំគ្នា​ជីក​កើប​យក​អាចម៍ដី​ពី​រណ្ដៅ​រ៉ែ​ទាំង​នោះមក​កិន​រ៉ែង ដោយ​ប្រើ​អាស៊ីត​ម្យ៉ាង​ដើម្បី​ញែក​ល្បាយ លោហធាតុ​មួយចំនួន​ចេញពី​មាស​»​។

អភិបាលរង​ខេត្ត​បន្ថែម​ថា​៖ «​ទោះ​ជា​បែបណា​ក្ដី វា​ជា​អំពើ​ល្មើសច្បាប់​ដែល​ចាំបាច់​ត្រូវតែ​បង្ក្រាប ព្រោះ​ទីតាំង​រណ្ដៅ​រ៉ែ​មាស​ដែល​គេ​បោះបង់ចោល​នោះ​ស្ថិត​ក្នុង​ទីតាំង​ដី​របស់​ក្រុមហ៊ុន Xing Yuan Kanng Yeak ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​ពី​រដ្ឋាភិបាល​កម្ពុជា​»​។

អនុប្រធាន​មន្ទីរ​រ៉ែ ខេត្ត​ក្រចេះ​លោក​ រ័ត្ន សុឡា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​នេះ​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​រួចហើយ ទាំង​ករណី​ដែល​បាន​កើតឡើង​ក្នុង​តំបន់​អូរសាលោង​ក្នុង​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល និង​តំបន់​អូរត្រូន​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។

លោក​និយាយថា​៖ «​ចំពោះ​ករណី​នៅ​តំបន់​អូរសាលោង តុលាការ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃទី​ ១៦ ខែ មិថុនា ឆ្នាំ​ ២០២០ បានសម្រេច​ចោទប្រកាន់​បុរស​ ៣ ​នាក់​ ពី​បទ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​បាន​បញ្ជា​ឲ្យ​នាំយក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន​។ ចំណែក ករណី​នៅ​តំបន់​អូរត្រូន យើង​មិនដឹងថា​តុលាការ​មាន​ចំណាត់ការ​បែបណា​ទេ​»​។

បើតាម​លោក​ សុឡា ជនជាប់ចោទ​ក្នុង​បទល្មើស​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​ក្នុង​តំបន់​អូរសាលោង​ទាំង​ ៣ ​នាក់​នោះ​រួមមាន ឈ្មោះ​ ឡាច គឹមហេង ឡាច គឹមហ័ង និង​ឈ្មោះ​ អឿ សេង​។ អ្នក​ទាំង​ ៣ មាន​លំនៅ​ក្នុងភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

លោក​បន្តថា ​រណ្ដៅ​រ៉ែមាស ដែល​អ្នក​ទាំង​ ៣ ​បាន​លួច​ជីក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​គ្មាន​ការអនុញ្ញាត​នោះ​មាន​ទីតាំង​នៅក្នុង​ទីតាំង​ដី​របស់​ក្រុមហ៊ុន Rithy Granite (Cambodia) Co.Ltd ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ថែមទៀត​។

លោក​ ជា សុភ័ក្ត្រ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រចេះ​ប្រាប់ថា នៅពេល​នេះ​តុលាការ​កំពុងមាន​ចំណាត់ការ​នីតិវិធី​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ថែមទៀត​លើ​សំណុំរឿង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​តំបន់​អូរត្រូន ដែល​ប្ដឹង​ដោយ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​៕