សៀមរាប: មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប​កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ករណី​​ឈូសឆាយដី​ព្រៃ​របស់​រដ្ឋ​ជាង​ ៦ ​ហិកតា នៅ​ភូមិ​ខ្នារក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប បន្ទាប់ពី​សាលាដំបូង​​ខេត្ត​សម្រេច​ឃុំខ្លួន​មនុស្ស ៩ នាក់​​ ពីថ្ងៃ​ទី​ ៨ សីហា និង​រឹបអូស​ត្រាក់ទ័រ​ ៨ ​គ្រឿង​​ និង​ម៉ូតូ​ ១ ​គ្រឿង​ក្នុង​សំណុំ​រឿងនេះ​។

លោក ម៉ុង ប៊ុនលីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​រក​ឃាត់ខ្លួន​ជនល្មើស​ច្រើន​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ការឈូសឆាយ​ដីព្រៃ​រដ្ឋ​ជាង ៦ ​ហិកតា នៅ​ទីតាំង​ខាងលើ​នេះ បន្ទាប់ពី​ឃាត់ខ្លួន​ ៩ ​នាក់​ ជាមួយ​វត្ថុតាង​ត្រាក់ទ័រ​ ៨ ​គ្រឿង និង​ម៉ូតូ​ ១ ​គ្រឿង​កាលពី​ថ្ងៃទី​ ៧ ខែ​សីហា រួច​បាន​បញ្ជូន​ទៅកាន់​តុលាការ​។

លោក​បន្តថា ប្រតិបត្តិការ​នេះ​គឺ​មាន​ការចូលរួម​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​កន្ទួត និង​កម្លាំងយោធា​ភូមិភាគ​ ៤ ​ទើប​អាច​ឃាត់ខ្លួន​ពួកគេ និង​គ្រឿងចក្រ​ខាងលើនេះ​បាន​។ ​ជនសង្ស័យ​បាន​នាំគ្នា​ឈូសឆាយ​ដីព្រៃ​របស់​រដ្ឋ​រួច​ភ្ជួរ​ដីព្រៃ​អស់​ ៦,២២៥ ​ហិកតា ដោយ​កាប់រំលំ​ដើមឈើ​មួយ​ចំនួន និង​បោះបង្គោល​កំណត់​ព្រំដី​ដោយ​ខ្លួនឯង​។

លោក ប៊ុនលីម បញ្ជាក់ថា​៖ «​យើង​បាន​យក​គ្រឿងចក្រ និង​ម៉ូតូ​មក​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ រីឯ​ជនសង្ស័យ​ត្រូវ​បាន​រៀបចំ​សំណុំរឿង​តាមច្បាប់​ស្តីពី​ព្រៃឈើ​បញ្ជូន​ទៅ​តុលាការ តែ​ខ្ញុំ​អត់​ដឹង​តុលាការ​សម្រេច​បែបណា​ទេ​។ ក្រៅពី​ជនសង្ស័យ​ទាំង​ ៩ ​នាក់​នេះ​គឺ​យើង​នៅ​សង្ស័យ​មាន​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត អ៊ីចឹង​យើង​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ថែមទៀត​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​»​។

លោក​ យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចៅក្រម​សាលាដំបូង​ខេត្ត​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ ៩ ​នាក់​នោះ​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​ ៨ ខែ​សីហា ដោយ​ចោទ​ពី​បទ​កាប់​រានទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ដោយ​គ្មាន​ការអនុញ្ញាត ប៉ុន្ដែ​លោក​មិន​បាន​បញ្ជាក់​ពី​មាត្រា​ទេ​។

លោក​បញ្ជាក់ថា​៖ «​ចៅក្រម​សម្រេច​ឃុំខ្លួន​ទាំង ៩ ​នាក់​ហ្នឹង ហើយ​ក្រោម​បទចោទប្រកាន់​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ដោយ​គ្មាន​ការអនុញ្ញាត​ស្ដីពី​ច្បាប់​រដ្ឋបាល​ព្រៃឈើ ប៉ុន្ដែ​ខ្ញុំ​អត់​ចាំ​មាត្រា​ទេ​ទាល់តែ​មើល​ក្នុង​របាយការណ៍​...»​។

លោក​ ស៊ុន អេង អធិការនគរបាល​ស្រុក​ស្វាយលើ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ការបង្ក្រាប​​បទល្មើស​ឈូសឆាយ​ដីព្រៃ​នេះ ប៉ុន្ដែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​បាន​ស្នើ​កម្លាំង​លោក​បន្ថែម​ក្នុង​ប្រតិបត្តិការ​នេះ​ទេ​។ លោក​ថា​៖ « មន្ត្រីរដ្ឋបាល​ព្រៃឈើ គាត់​អត់​ស្នើ​កម្លាំង​ខ្ញុំ​ឲ្យ​ជួយ​ពួកគាត់​ទេ ប្រហែល​ជា​គាត់​មាន​កម្លាំង​គ្រប់គ្រាន់​ហើយ​»​។

លោក​ ចាន់ ចំរើន មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​​ប្រចាំខេត្ត​សៀមរាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បទល្មើស​រំលោភ​ដីធ្លី​នៅ​ខេត្ត​សៀមរាប​បាន​កើត​មាន​ជាច្រើន​រូបភាព ហើយ​ក៏​មាន​ច្រើន​ភាគី​ចូលរួម​ប្រព្រឹត្ត​បំពាន​ច្បាប់​ដែរ​។ ក្នុងនោះ​បុគ្គល​មាន​អំណាច និង​អ្នកមាន​លុយ​ខ្លះ តែងតែ​​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ពុករលួយ​ខ្លះ​រំលោភ​យក​ដី​រដ្ឋ ប៉ុន្ដែ​មិនត្រូវ​បាន​ទទួល​ទោសទណ្ឌ​ឲ្យ​ស្មើភាព​គ្នា​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ស្នើឲ្យ​​ដាក់​ទោសទណ្ឌ​អ្នកមាន​លុយ មាន​អំណាច​ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​នេះ​​គឺ​ទទួលទោស​តាម​ច្បាប់​ឲ្យ​ដូចនឹង​ពលរដ្ឋ​សាមញ្ញ​ដែរ ព្រោះ​អ្នកមាន​លុយ​ទាំងអស់​ហ្នឹង រំលោភ​យក​ដី​រដ្ឋ​ធំៗ​ណាស់ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​តុលាការ​ដាក់ទោស​តាម​ច្បាប់​ឲ្យ​មាន​តម្លាភាព និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​រងគ្រោះ​»៕