ភ្នំពេញៈ គិត​ត្រឹម​យប់​ថ្ងៃទី​ ៤ ខែមេសា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១២ ​នាក់ និង​ឃាត់​យានយន្ត​ចំនួន​ ១៦៥ ​គ្រឿង ​ដែល​ល្មើស​នឹង​បម្រាម​គោចរ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​ចរាចរណ៍ និង​អាជីវកម្ម​នានា​ចាប់ពី​ម៉ោង ៨ ​យប់​ដល់​ម៉ោង​ ៥ ​ព្រឹក គិត​ចាប់តាំងពី​ថ្ងៃទី​ ២ ខែមេសា​មក​។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា អាជ្ញាធរ​បាន​ចុះបង្ក្រាប និង​បិទ​ទីតាំង​ស្ទីម ម៉ាស្សា​សូណា​យីហោ​ «​ផ្ទះ​សុខភាព​» ​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ ៣ ក្នុង​សង្កាត់​ចោមចៅ​ទី​ ១ ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១២ ​នាក់ ​ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​បម្រាម​គោចរ​។

លោក​បន្ថែមថា អ្នក​ទាំង​ ១២ ​នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ លោក​ថា​៖ «​គ្រូពេទ្យ​នឹង​ចុះ​ទៅយក​សំណាក​តេស្ត​រក​កូវីដ​១៩​ទាំង​ ១២ ​នាក់ បន្ទាប់ពី​យក​សំណាក​រួច យើង​បញ្ជូន​គាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ព្រែកព្នៅ ក្រោយពី​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ហើយ ឬ​តេស្ត​កូវីដ​អវិជ្ជមាន​ទើប​បញ្ជូនទៅ​តុលាការ​»​។

តែ​លោក​បញ្ជាក់ថា បុគ្គល​ដែល​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ គឺ​អ្នក​ដែល​ចូល​ទៅរក​សេវា​ម៉ាស្សា និង​ម្ចាស់​ហាង​ប៉ុណ្ណោះ ខណៈ​អ្នកបម្រើ​ការងារ​នៅ​ទីនោះ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ​នឹង​បញ្ជូន​ត្រឡប់​ទៅផ្ទះ​វិញ​។

បើតាម​លោក ដារិទ្ធិ អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​ហាង​ពាក់ព័ន្ធ​វិធានការ​របស់​ក្រសួង​សុខាភិបាល​រួម​នឹង​បម្រាម​គោចរ​ដែរ ប៉ុន្តែ​ម្ចាស់​ហាង ហាក់បី​ដូចជា​មិន​អើពើ ទើប​ឈាន​ដល់​ការបិទ​ហាង​នេះ​។

ទន្ទឹមនឹង​ការអនុវត្ត​បម្រាម​គោចរ​នេះដែរ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ សាន សុខសីហា បានឱ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​ ៤ មេសា សមត្ថកិច្ច​បាន​ឃាត់​យានយន្ត​ចំនួន ១០ ​គ្រឿង ខណៈ​ពលរដ្ឋ​ភាគច្រើន​បាន​យល់ដឹង​ពី​បម្រាម​នេះ​។

លោក​ថា​៖ «​នៅ​យប់​ថ្ងៃទី​ ៤ មេសា អ្នកបើកបរ​ល្មើស​បម្រាម​គោចរ​មាន​តិចតួច​មែនទែន បាន​ន័យ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​បាន​យល់ដឹង​សរុប​រួម​មក​សមត្ថកិច្ច​ឃាត់​យានយន្ត​មានតែ​ ១ ​គ្រឿង​ទេ រថយន្ត​ ៦ ​គ្រឿង និង​ម៉ូតូ ៤ ​គ្រឿង អ៊ីចឹង​រយៈពេល​ ៣ ​ថ្ងៃ​ឃាត់​បាន​យានយន្ត​ ១៦៥ ​គ្រឿង​»​។

លោក​ សុខ សីហា ​បន្ថែម​ថា ក្នុងករណី​សមត្ថកិច្ច​ឃាត់​យានយន្ត​អ្នក​ល្មើស​បម្រាម​គោចរ ម្ចាស់​យានយន្ត​នោះ​អាច​ទូរស័ព្ទ​ហៅ​សាច់ញាតិ​មក​ទទួល​ពួកគេ​បាន ដោយ​ករណី​នេះ​អាច​រាប់​ថា ជា​ករណី​ចាំបាច់​។

លោក​ថា​៖ «​ទាក់ទង​ចំណុច​នេះ យើង​ក៏​មាន​ការលើកលែង​ដែរ​ប្រសិនបើ​គាត់​បញ្ជាក់​ច្បាស់​ថា គាត់​ត្រូវ​ទៅយក​សាច់ញាតិ​របស់គាត់ ប្រពន្ធ​កូន បងប្អូន​គាត់ ដែល​កំពុងតែ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ដកហូត​យានយន្ត​ដោយសារ​ល្មើស​បម្រាម​គោចរ ដូចជា​មិនមាន​បញ្ហា​អី​ទេ តែ​គាត់​ត្រូវ​ប្រាប់​សមត្ថកិច្ច​ថា​ទៅយក​សាច់ញាតិ​នៅ​គោលដៅ​ណា​»​។

យោងតាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្តីពី​ការអនុវត្ត​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ចេញផ្សាយ​នៅ​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ ២០២១ បាន​ហាម​ការធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​ចាប់ពី​ចន្លោះ​ម៉ោង ៨ យប់ ដល់​ម៉ោង ៥ ​ទៀបភ្លឺ រយៈពេល ២ សប្តាហ៍ ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១៤ ខែមេសា ២០២១​។

ដោយឡែក​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​រួម​នឹង​មន្ត្រី​សុខាភិបាល​នឹង​ចុះ​អនុវត្ត​ច្បាប់ ករណី​កូន​របស់​អ្នករត់​កង់​៣ រារាំង​មិនឱ្យ​គ្រូពេទ្យ​នាំ​ឪពុក​របស់​ខ្លួន ដែល​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូវីដ​១៩ ទៅធ្វើ​ចត្តាឡីស័ក​។ លោក ឆាយ ខែមរ័ត្ន អធិការ​ក្រុង​កំពង់ឆ្នាំង​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃទី​ ៥ មេសា ក្រុម​ការងារ​បាន​ចុះ​ទៅយក​អ្នករត់​កង់​ ៣ ​ម្នាក់ អាយុ​ ៣៦ ​ឆ្នាំ រស់នៅ​ភូមិ​ម៉ុងបារាំង សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង ទៅធ្វើ​ចត្តាឡីស័ក បន្ទាប់ពី​រកឃើញ​ថា ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​១៩ ប៉ុន្តែ​ត្រូវបាន​កូនស្រី​របស់គាត់​រារាំង​មិនឱ្យ​នាំខ្លួន​ទៅ​ទេ​។

លោក​ថា​៖ «​យើង​ចុះ​ទៅយក​ទាំង​ប្តី​ប្រពន្ធ​តាមពិត​គាត់​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ ប៉ុន្តែ​ក្រុមការងារ​សំណូមពរ​ឱ្យ​គាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត ប៉ុន្តែ​មានកូន​ស្រី​គាត់​ម្នាក់​រារាំង​មិន​ឱ្យ​ឪពុក​ទៅ​ដោយ​គាត់​ថា នៅផ្ទះ​អត់​មាន​អ្នកមើល​ថែកូនៗ​នៅផ្ទះ​»​។

លោក​បញ្ជាក់​ថា ក្រុមការងារ​បាន​ឆ្លងទៅ​ស្ថាប័ន​មួយចំនួន និង​ឆ្លងទៅ​ក្រសួង​សុខាភិបាល​ដើម្បី​សុំ​គោលការណ៍ និង​អភិបាលក្រុង​កំពង់ឆ្នាំង ដើម្បី​ធ្វើ​កំណត់ហេតុ​ឈ្មោះ​កូន​ដែល​រារាំង ដើម្បី​អនុវត្តតាម​នីតិវិធី​។

លោក​ ខែមរ័ត្ន ​ឱ្យ​ដឹងថា ក្នុងករណីនេះ​សមត្ថកិច្ច​នឹង​ចុះ​អនុវត្តតាម​នីតិវិធី​នៅត្រឹម​ល្ងាច​ថ្ងៃទី​ ៥ ​មេសា បើសិន​កូនស្រី​របស់​អ្នករត់​កង់​៣​នៅតែ​រារាំង​សមត្ថកិច្ច នោះ​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​ផងដែរ​។

យោង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ក្នុង​មាត្រា ១១ ចែង​ថា «​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​ដែល​បានដាក់​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២ ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ ​លាន​រៀល​ទៅ​ ២០ ​លាន​រៀល បើ​បណ្តាល​ឱ្យ​មាន​ការចម្លង​ជំងឺ​កូវីដ​១៩ ដល់​អ្នកដទៃ ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​»៕