ភ្នំពេញ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៧ នាក់ ដែល​បំពាន​ច្បាប់​ស្តីពី​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​បាន​ឃាត់​យានយន្ត​ចំនួន ៥៧ គ្រឿង ដែល​បើកបរ​ល្មើស​បម្រាម​ក្នុង​អំឡុង​ពេល​រាជរដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

អ្នក​នាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា រយៈពេល​នៃ​ការ​ចាប់​ផ្តើម​អនុវត្ត​វិធានការ​បិទ​ខ្ទប់ និង​បម្រាម​គោចរ ដោយ​គិត​ចាប់​ពី​ថ្ងៃទី ១៦ ខែ​មេសា​មក សមត្ថកិច្ច​បាន​ឃាត់​យានយន្ត​ចំនួន ៥៧ គ្រឿង។

លោក​បន្ត​ថា៖ «ថ្ងៃទី ១៦ យើង​អនុវត្ត​បាន​ម៉ូតូ ៤២ គ្រឿង ថ្ងៃទី ១៧ ឃាត់​បាន​ម៉ូតូ ១៥ គ្រឿង ចឹង​សរុប​មក​ប៉ុន្មាន​ថ្ងៃ​នេះ យើង​អនុវត្ត​ឃាត់​បាន​ម៉ូតូ ៥៧ គ្រឿង»។

លោក​ឱ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់ សមត្ថកិច្ច​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ ដើម្បី​ឱ្យ​ពួក​គាត់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​កាច​សាហាវ​នេះ។

កាល​ពី​ថ្ងៃទី ១៤ មេសា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល ១៤ ថ្ងៃ គិត​ចាប់​ពី​វេលា​ម៉ោង​សូន្យ​នា​ថ្ងៃទី ១៥ មេសា រហូត​ដល់​ថ្ងៃទី ២៨ មេសា ២០២១ ក្នុង​គោល​បំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្រ្ត​ទាំង​ពីរ​នេះ។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៧ នាក់ ដែល​បាន​បំពាន​ច្បាប់​ស្តីពី​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

លោក សុខសីហា ថ្លែង​ថា៖ «អ្នក​បំពាន​ទៅ​នឹង​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​កូវីដ ១៩ យើង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ទាក់ទង​អ្នក​មិន​អនុវត្ត​វិធាន​ក្នុង​មាត្រា ១១ នៃ​ច្បាប់​កូវីដ គឺ​មាន​ចំនួន ៧ នាក់ ក្នុង​នោះ ៦ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ ៥ នាក់ ត្រូវ​បាន​តុលាការ​ចេញ​ដី​កាឃុំ​ខ្លួន​ហើយ»។

ចំណែក​ម្នាក់​ទៀត សមត្ថកិច្ច​បាន​ធ្វើ​ការ​អប់រំ និង​បញ្ជូន​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

មាត្រា ១១ នៃ​ច្បាប់​នេះ​ចែង​ថា បទ «រារាំង​ដល់​ការ​អនុវត្ត​វិធានការ» ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល ទៅ ១០ លាន​រៀល។ ប៉ុន្តែ​ក្នុង​ករណី​បណ្តាល​ឱ្យ​មាន​ការ​ចម្លង​ជំងឺ​កូវីដ ១៩ ដល់​អ្នក​ដទៃ ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​ប្រឈម​ទោស​ពី ២ ឆ្នាំ ​ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ ទៅ ២០ លាន​រៀល»៕