ព្រៃវែងៈ សមត្ថកិច្ច​បាន​បាញ់សម្លាប់​ក្របី​ញី​ ១ ​ក្បាល​កាលពី​ម្សិលមិញ​ បន្ទាប់ពី​ក្របី​ ១ ​ក្បាល​នេះ​បាន​វ័ធ​បុរស​ម្នាក់​ស្លាប់ និង​ ២ ​នាក់​ទៀត​រងរបួស​ កាលពី​ថ្ងៃទី​ ៣១ ខែតុលា នៅ​ភូមិ​ស្តាស្រុក ឃុំ​ព្នៅ​ទី​ ២ ស្រុក​ស៊ីធរ​កណ្តាល​។

លោក សេង សាវ៉ន អធិការ​ស្រុក​ស៊ីធរ​កណ្តាល​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ រឿន រេន ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ​ ​ត្រូវ​ក្របី​វ័ធ​ចំ​ភ្លៅ ដើមទ្រូង និង​ត្រូវ​ក្របី​ជាន់​ចំ​ឆ្អឹងជំនីរ​។ ចំណែក​ជន​រងរបួស​ឈ្មោះ ណេន ចំរើន ភេទ​ប្រុស អាយុ​ ៣៩ ​ឆ្នាំ របួស​កំភួនជើង​ខាងស្ដាំ​ធ្ងន់​និង ឈ្មោះ​ ណេន យ៉េន ភេទ​ប្រុស អាយ​ ៥១ ​ឆ្នាំ ​ត្រូវ​កែងដៃ និង​ដងខ្លួន​រងរបួស​ស្រាល​។

លោក​រំឭក​ប្រាប់ថា មុន​ថ្ងៃកើតហេតុ​ឈ្មោះ ណេន យ៉េន បាន​ទិញ​ក្របី​ប្រហែល​ ៧ ​ទៅ​ ៨ ​ក្បាល​មក​ចិញ្ចឹម​ហើយ​ឈ្មោះ ណេន ចំរើន ​ជា​ប្អូន​បាន​សុំ​ទិញ​ក្របី​ញី​ ១ ​ក្បាល​ពី​បង​របស់​គាត់ ណេន ចំរើន ព្រោះតែ​ឃើញ​ក្របី​នោះ​ឡើងសាច់​អាច​យក​មក​ប្រើ​ការងារ​កសិកម្ម​បាន​។ បន្ទាប់ពី​ទិញ​ក្របី​បាន​ហើយ ស្ត្រី​ជា​ប្រពន្ធ​របស់​ឈ្មោះ​ ណេន ចំរើន បាន​យក​ក្របី​នោះ​ទៅ​ចង​នៅ​វាលស្រែ​ឱ្យ​វា​ស៊ី​ស្មៅ​។

លោក​បន្តថា លុះ​ដល់​ពេល​ល្ងាច​ស្ត្រី​ជា​ប្រពន្ធ​របស់​ឈ្មោះ​​ ចំរើន បាន​ទៅ​ដឹក​ក្របី​នោះ​មក​ផ្ទះ​វិញ​តែ​ត្រូវ​សត្វ​ក្របី​នោះ​ដេញ​វ័ធ​។ ដោយ​ឃើញ​ក្របី​ដេញ​វ័ធ​ស្ត្រី​ជា​ប្អូនថ្លៃ​ដូច្នេះ ណេន យ៉េន បាន​រត់​ទៅ​ជួយ​តែ​ត្រូវ​សត្វ​ក្របី​នោះ​ដេញ​វ័ធ​បណ្តាលឱ្យ​របួសស្រាល​។ ខណៈ​នោះ​ ណេន ចំរើន បាន​រត់​យក​ដំបង​បំណង​វាយ​សត្វ​ក្របី​នោះ តែ​ត្រូវ​ក្របី​វ័ធ​ត្រូវ​កំភួនជើង​ស្តាំ​ ១ ​ស្នែង​ទៀត​។

លោក សាវ៉ន បន្តថា ដោយ​ឃើញ​សភាព​បែបនេះ​មាន​បុរស​ចំនួន​ ៥ ​នាក់ ​ដោយ​ម្នាក់ៗ​បាននាំគ្នា​កាន់ដំបង​ម្នាក់​ ១ៗ​ដេញតាម​វាយ​សត្វ​ក្របី​នោះ ហើយ​បុរស​ឈ្មោះ​ រឿន រេន​ក្នុងចំណោម​បុរស​ ៥ ​នាក់​នោះ​កាន់តែ​ដប​ទឹកសុទ្ធ​មួយ​ទេ ព្រោះ​គាត់​អះអាង​ប្រាប់​គេ​ថា គាត់​មិនបាច់​ប្រើ​ដំបង​ទេ ព្រោះ​គាត់​ចេះ​មន្តអាគម​សូត្រ​តែ​បាលី​ទៅ​ គឺ​សត្វ​ក្របី​នោះ​ស្លូត​ឯង​ហើយ​។

លោក​បញ្ជាក់ថា​៖ «​គេ​ប្រាប់​ខ្ញុំ​ថា បុរសរងគ្រោះ​ស្លាប់​នោះ​ត្រូវ​ស្រា​ស្រឿងៗ​ផង ពេល​ដែល​គាត់​ដេញ​សត្វ​ក្របី ​គឺ​គាត់​សូត្របាលី​មន្តអាគម​ប្រោះ​ទឹក​ហើយ​ប្រាប់​គេ​ថា​គាត់​ប្រោះ​តែ​ទឹក​បន្តិច​ គឺ​ក្របី​នោះ​អត់​ស៊ី​ស្មៅ​ ១ ​អាទិត្យ​ក៏មាន​។ តែ​ក្របី​នោះ​ក៏​ស្ទុះ​មក​វ័ធ​គាត់​ត្រូវ​ចំ​ភ្លៅ ដើមទ្រូង និង​ត្រូវ​ក្របី​ជាន់​ចំ​ឆ្អឹងជំនីរ ហើយ​រត់​ចូល​ព្រៃ​បាត់​»​។

លោក​បន្តថា បន្ទាប់ពី​ត្រូវរបួស​ហើយ​នោះ​អ្នកភូមិ​បាន​ដឹក​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​ឃុំព្នៅ​ទី​ ២ ស្រុក​ស៊ីធរ​កណ្តាល តែ​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ឃុំ​។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើកោសល្យវិច័យ​រួចហើយ សមត្ថកិច្ច​បាន​ចាត់ចែង​ប្រគល់​សាកសព​ដល់​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​ជនរងគ្រោះ​ ២ ​នាក់​ទៀត​ក៏​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ព្នៅ​ទី​ ២ ​នៅ​ឡើយ​ដែរ​។

លោក​បន្ថែមថា ដោយសារ​តែ​ខ្លាច​មាន​គ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ​ទៀត​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​របស់លោក​ឱ្យ​បាញ់សម្លាប់​សត្វ​ក្របី​នោះ​។ កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​តាម​បាញ់​វា​ងាប់​នៅក្នុង​ព្រៃ​នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា​។ ​ចំពោះ​ខាង​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មិន​ដឹងថា​ប្តឹង​ម្ចាស់​ក្របី​ឬ​យ៉ាងណា​នោះទេ​តែ​លោក​គិតថា ជនរងគ្រោះ​រូបនោះ​បាន​ស្ម័គ្រចិត្ត​ទៅ​តាម​ចាប់​ក្របី​នោះ​ដោយ​ខ្លួនឯង​ទេ​ទើប​ក្របី​វ័ធ​បណ្តាល​ឱ្យស្លាប់​។

លោក​ សាវ៉ន ថា​៖ «​បើ​យើង​ពិនិត្យ​លើ​អង្គហេតុ​គឺ​គ្មាន​អ្នកណា​ទៅ​បង្ក​បទល្មើស​លើ​ជនរងគ្រោះ​ទេ ព្រោះ​ម្ចាស់​ក្របី​គ្នា​ក៏​រងគ្រោះ​ដែរ​»៕