កោះកុងៈ កម្លាំង​គណ:បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្តកោះកុង​បាន​ចុះ​ដក​បង្គោលរបង រុះរើ​សំណង់​ខ្ទម​អនាធិបតេយ្យ និង​ដកហូត​ដើមឈើ ដែល​បាន​ដាំ និង​សាងសង់​ដោយ​ខុសច្បាប់​ក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ​ស្ថិត​ក្នុង​ស្រុក​បទុមសាគរ ខេត្តកោះកុង ព្រមទាំង​ព្រមាន បញ្ជូនទៅ​តុលាការ បើ​ការរំលោភ​បំពាន​ស្ថិត​ក្នុង​ភាពមិន​រាងចាល​។

លោក សុខ សុទ្ធី អ្នកនាំពាក្យ និង​ជា​អភិបាលរង​នៃ​គណ:អភិបាលខេត្ត​កោះកុង​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​ទី​ ១១ មករា ក្រុមការងារ​ចម្រុះ​ខេត្ត​ដោយ​មាន​ការសម្របសម្រួល​ពី​លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​បាន​ចុះ​ដក​បង្គោលរបង រុះរើ​សំណង់​ខ្ទម​អនាធិបតេយ្យ​ចំនួន​ ១១ ខ្ទម ក្នុង​នោះ​ចំនួន ៩ ខ្ទម បាន​ធ្វើការ​រុះរើ​​រួចរាល់ និង​ចំនួន ២ ទៀត ម្ចាស់​ខ្ទម​បាន​ធ្វើ​កិច្ចសន្យា​រុះរើ​ដោយ​ខ្លួនឯង​។

លោក​បន្ត​ថា ដោយសារ​តែ​ពលរដ្ឋ​ទាំងនេះ​ទើប​ប្រព្រឹត្ត​ភាពល្មើស​ជា​លើកដំបូង និង​បានទទួល​កំហុស ទើប​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ព្រមាន​ហាម​ប្រព្រឹត្ត​ទង្វើ​ដដែល​ទៀត ដោយ​មិនមាន​ការឃាត់ខ្លួន​នោះទេ ប៉ុន្តែ​ក្នុងករណី​មិន​រាងចាល​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។

ជាមួយ​នឹង​ការចុះ​រុះរើ​នេះ លោក សុទ្ធី បានឱ្យដឹងថា តាមរយៈ​ការបង្ហោះ​ដ្រូន ក្នុង​តំបន់​ដែល​ចុះទៅ​បង្ក្រាប​នេះ​គឺ​នៅមាន​ការសាងសង់​ខ្ទម​ជាង ២០ បន្ថែមទៀត ប៉ុន្តែ​ដោយសារ​តែ​ទីតាំង​ទាំងនោះ​ស្ថិត​ក្នុង​ព្រៃជ្រៅ​ទើប​សមត្ថកិច្ច​មិនទាន់​អាច​ចុះទៅ​បង្ក្រាប​ក្នុង​ពេល​ភ្លាមៗ​បាន​។

លោក​បញ្ជាក់ថា​៖ «​តាម​ការស្មាន​មើលទៅ​ក្នុង​តំបន់​ព្រៃ​រាក់​នៃ​ឧទ្យាន​ជាតិ​បទុមសាគរ​មាន​ការ​ទៅ​សាងសង់​ខ្ទម​នៅក្នុង​ព្រៃ តាមរយៈ​កាប់​ទន្ទ្រាន​ដីព្រៃ​ជ្រៅ​ប្រហែល​ជាង ២០ ខ្ទម​ផ្សេងទៀត​។ ដោយសារតែ​ទីតាំង​គាត់​សាងសង់​នៅ​ឆ្ងាយៗ ហើយ​ភូមិសាស្ត្រ​លំបាក យើង​ធ្វើ​ ១ ​ជំហាន​ម្តងៗ​»​។

តាមរយៈ​ការកាប់​ទន្ទ្រាន​ដីព្រៃ​ពី​ខាងក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ​លោក សុខ សុទ្ធី រៀបរាប់​ថា ពលរដ្ឋ​ទាំងនោះ​បាន​បង្កើតជា​សកម្មភាព​នៃ​ការសាងសង់​ខ្ទម​តូចៗ​ដោយ​មាន​ដាំ​ដំណាំ​ហូប​ផ្លែ​មួយចំនួន​ក្នុង​ចេតនា​បង្ហាញថា ពួកគេ​បានរស់នៅ​ទីនេះ​ជាយូរ​ឆ្នាំ​មកហើយ​។

លោក​បន្តថា នៅពេល​មាន​ការបង្ក្រាប​រុះរើ​ពេល​នោះ​ពួកគេ​នឹង​បង្កើតជា​កម្លាំង​តវ៉ា ដើម្បី​ស្នើឱ្យ​រដ្ឋាភិបាល កាត់ឆ្វៀល​ដី​ដែល​រំលោភ​ក្នុង​តំបន់​ការពារ​នោះ​ទៅ​ឱ្យ​ពួកគេ ហើយ​ក៏​បាន​លក់​ដី​ទាំងនោះ​បន្ត​ទៅ​បុគ្គល​ដែល​នៅ​ពី​ក្រោយខ្នង​សម្រាប់​ធ្វើ​កម្មសិទ្ធិ​ស្របច្បាប់​។ ឧទ្យាន​ជាតិ​បទុមសាគរ​ស្ថិត​ក្នុង​ស្រុក​បទុមសាគរ ខេត្តកោះកុង មាន​ផ្ទៃដី​ប្រមាណ​ ១៧ ​ម៉ឺន​ហិកតា​។

បច្ចុប្បន្ន​ផ្នែក​ខ្លះ​នៃ​តំបន់​ការពារ​នេះ​ត្រូវ​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ និង​ផ្តល់​ជា​ដី​សម្បទាន​​សេដ្ឋកិច្ច និង​ ១ ​ផ្នែក​ទៀត ក៏បាន​ផ្តល់​ជាការ​ជួល​ក្នុង​រយៈពេល​វែង​ពី​រដ្ឋាភិបាល​ទៅឱ្យ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​អេកូទេសចរណ៍ ខណៈ​ការកាប់ទន្ទ្រាន​ពី​សំណាក់​ពលរដ្ឋ​ខុសច្បាប់ មាន​ចន្លោះ​ពី ២០០ ទៅ ៣០០ ហិកតា​។ នេះ​បើតាម​​រដ្ឋបាល​ខេត្តកោះកុង​។

លោក ថោង ច័ន្ទដារ៉ា អ្នកសម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក​ប្រចាំ​ខេត្ត​កោះកុង​ថ្លែងថា ការសាងសង់​ខ្ទម​ទាំងនេះ​គឺ​កើត​មាន​ឡើង​ជាយូរ​មកហើយ ហើយ​ក៏​កើតឡើង​ជា​ហូរហែ​ផងដែរ ដោយ​ហាក់​មាន​ការសមគំនិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​ខិលខូច​មួយចំនួន ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ណាមួយ​។

លោក​បញ្ជាក់ថា​៖ «​មានតែ​អាជ្ញាធរ​មូលដ្ឋាន​បិទ​ភ្នែក បើក​ដៃ​ឱ្យ​សកម្មភាព​ទាំងនេះ​កើតឡើង ព្រោះ​បើសិន​ជា​ប្រជាពលរដ្ឋ​ធម្មតា គាត់​មិនអាច​ហ៊ាន ដោយសារ​តែ​កម្លាំង​ជំនាញ គាត់​ចល័ត​ការពារ​រាល់​តែ​ថ្ងៃ​ហ្នឹង​។ ប៉ុន្តែ​នេះ រូបភាព​នេះ​គឺជា​ការឱ្យ​ដៃ​ជា​ថ្នូរ​នឹង​ការ​បាន​ប្រយោជន៍​ហើយ បាន​ទម្លាក់កំហុស​មក​តែ​ប្រជាពលរដ្ឋ​។ យើង​ទទួលស្គាល់​ថា អ្នក​រុករាន​ជា​ប្រជាពលរដ្ឋ ប៉ុន្តែ​អាច​រូបភាព​មាន​គេ​ជួល​ពី​ខេត្ត​ផ្សេង ដើម្បីឱ្យ​រុករាន និង​ឈរជើង​នៅ​លើដី​ទាំងនោះ​គឺ​មិនមែន​ពលរដ្ឋ​នៅក្នុង​ស្រុកភូមិ​ទេ​»​។

លោក ថោង ច័ន្ទដារ៉ា ថ្លែង​ដោយ​បាន​រំពឹងថា សមត្ថកិច្ច​ជំនាញ​គួរតែ​ពង្រឹង​តួនាទី​ការងារ​ឱ្យមាន​តម្លាភាព ហើយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវ​ចូលរួម​ចាត់​វិធានការ កុំ​បិទបាំង​ព័ត៌មាន បើ​ក្នុង​ករណី​រកឃើញ អ្នក​នៅ​ពី​ក្រោយខ្នង​ត្រូវតែ​ហ៊ាន​ចាត់វិធានការ បើទោះ​ជា​ជន​នៅ​ពី​ក្រោយខ្នង​នៃ​ការរំលោភ​យក​ដី​របស់​រដ្ឋ​មាន​ខ្សែ​ធំ​យ៉ាងណា​ក៏ដោយ​។

លោក ថោង ច័ន្ទដារ៉ា បាន​ថ្លែងឱ្យ​ដឹងថា​៖ «​យើង​ត្រូវតែ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​ហ្នឹង​ឱ្យឃើញ កុំ​ព្យាយាម​បិទបាំង ទោះ​ប៉ះ​ខ្សែ​អ្នកនេះ​​ ឬ​អ្នកនោះ ហើយ​យើង​មិន​ហ៊ាន​ប្រាប់ មិន​ហ៊ាន ចាប់​។ ធ្វើ​ដូច្នេះ​ដូច​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​បន្ត​ប្រព្រឹត្ត​ដដែល​ជា​ដដែល ព្រោះ​វា​មិនមាន​ដំណោះស្រាយ​នោះទេ​។ យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច ឱ្យ​មាន​តម្លាភាព​នៅក្នុង​ចំណាត់ការ​របស់​សមត្ថកិច្ច រកឱ្យ​ឃើញ​អ្នក​នៅ​ពីក្រោយ​ខ្នង បើ​មិន​អ៊ីចឹង ចេះតែ​កើតមាន​កន្លែង​នេះ កន្លែង​នោះ​បន្ត ធ្វើ​តាម​គ្នា​រហូត​»៕