ភ្នំពេញៈ សមត្ថកិច្ច​សង្កាត់​ចោមចៅ​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ស្វែងរក​ចាប់​បុរស​ជា​ជនសង្ស័យ​ម្នាក់ ១ ​ថ្ងៃ​ ក្រោយពី​ស្ត្រី​ជា​ប្រពន្ធ​បានដាក់​ពាក្យបណ្ដឹង​រឿង​ប្រើ​អំពើហិង្សា​ដោយ​បាន​ចាក់​សាំង​ដុត​នាង​កាលពី​ថ្ងៃទី​ ១៩ ខែ​មករា​នេះ​។

លោក ជា សុវណ្ណ អធិការរង​ផែនព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​គរបាល ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ឈ្មោះ វង់ ចាន់សុភាព អាយុ ២៩ ​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ បូ ស្រីនាង អាយុ​ ២៩ ​ឆ្នាំ​ជា​កម្មករ​កាត់ដេរ​។

លោក សុវណ្ណ ថ្លែងថា​៖ «​សមត្ថកិច្ច​របស់​យើង​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ក្រោយពី​ស្ត្រី​រងគ្រោះ​មកប្តឹង​សមត្ថកិច្ច​របស់​យើង ក្រោយពី​នាង​ចេញ​ពី​មន្ទីរពេទ្យ ដោយសារ​រលាកភ្លើង​មិន​ធ្ងន់ធ្ងរ​»​។

លោក ជា សុវណ្ណ ​ថ្លែងប្រាប់​ដោយ​យោងតាម​ការអះអាង​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​រឿងនេះ​គឺ​មុន​កើតហេតុ​ស្ត្រី​រងគ្រោះ​មិនបាន​រួមរស់​នៅ​ជាមួយ​ប្តី​របស់គាត់​អស់​ជាច្រើន​ខែ​មកហើយ​។ លុះ​មកដល់​រសៀល​ថ្ងៃទី​ ១៩ មករា គាត់​បាន​ទៅ​បន្ទប់​ជួល​ដើម្បី​យក​សម្លៀកបំពាក់ និង​របស់របរ​របស់​គាត់​។

បើតាម​មន្ត្រីនគរបាល​មួយរូប​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា មុន​កើតហេតុ​ស្ត្រី​រងគ្រោះ​ឈ្មោះ បូ ស្រីនាង បានមក​បន្ទប់​ជួល​របស់​នាង​ដើម្បី​យក​ខោអាវ ព្រោះ​នាង​មិន​បាន​រួមរស់​នៅ​ជាមួយ​ប្តី​របស់​នាង​ជាង​ ១ ​ខែ​មកហើយ ក៏​ស្រាប់តែ​បុរស​ជា​ប្តី​បាន​ឈ្លោះ​ប្រកែក​ជាមួយ​គាត់​ដោយ​ស្តីបន្ទោស​គាត់​ថា ទៅ​ដេក​ជាមួយ​ប្រុស បន្ទាប់​មក​ក៏​យក​ដប​សាំង​ចំណុះ​ប្រហែល​ ១ ​លីត្រ​ចាក់​លើ​ខ្លួន​គាត់​ហើយ​កេះ​ដែក​ដុត​តែម្តង​។

លោក ថេង កុសល នាយ​នគរបាល​ប៉ុស្តិ៍​ក្នុង​សង្កាត់​ចោមចៅ​ ៣ បាន​ឲ្យ​ដឹងថា រវាង​ស្ត្រី​រងគ្រោះ និង​ជនល្មើស​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ដោយ​បាន​រៀបការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​ ៧ ​ឆ្នាំ​មកហើយ​ព្រមទាំង​មានកូន​ស្រី​ ២ ​នាក់​ផង​ហើយ​ពួកគេ​បាន​មក​រស់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​ទី​ ១ ក្នុង​សង្កាត់​ចោមចៅ​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក​ប្រាប់​តាម​សម្តី​សាច់ញាតិ​ស្ត្រី​រងគ្រោះ​ថា ដោយ​ការរស់នៅ​មិន​ចុះ​សម្រុង​គ្នា ប្តី​ប្រពន្ធ​ខាងលើ​ស្ម័គ្រចិត្ត​រៀងខ្លួន​សុំ​លែងលះ​គ្នា​ដោយ​សន្តិវិធី ដែល​មាន​ការឯកភាព​យក​កូន​ម្នាក់​មួយ កូនច្បង​រស់នៅ​ជាមួយ​ប្តី រីឯ​កូនប្អូន​រស់នៅ​ជាមួយ​ប្រពន្ធ​។ ដោយ​ពួកគេ​មិនបាន​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង ១ ​ខែ​មកហើយ​។

លុះ​មកដល់​រសៀល​ថ្ងៃទី​ ១៩ ខែ​ មករា ឆ្នាំ​ ២០២០ ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​កូនស្រី និង​ប្អូនស្រី​តូច​ម្នាក់​ទៀត​ទៅ​បន្ទប់​ជួល​ដែល​ជនសង្ស័យ​ (​ប្តី​) ​ស្នាក់នៅ​ក្នុង​បំណង​ទៅ​ប្រមូល​ខោអាវ​របស់​នាង​។ ពេលទៅ​ដល់​ស្រាប់តែ​ខាង​ប្តី​ខឹង ស្ទុះ​យក​ដប​សាំង​ចាក់​ស្រោច​លើ​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ ហើយ​ដុត​តែម្តង បណ្ដាល​ឱ្យ​ឆេះ​រលាក​រលួយ​ពេញ​ខ្លួនប្រាណ រួច​យកលុយ យក​ទូរស័ព្ទ រត់គេច​ខ្លួន​បាត់​។ បន្ទាប់ពី​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ហើយ​ក្រោយពី​គ្រូពេទ្យ​រុំ​របួស​ឲ្យ​ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោមចៅ​ ៣៕