រតនគិរីៈ ឈើ​ ៤ ​ជ្រុង​ទ្រវែង​ចម្រុះ​ប្រភេទ​ចំនួន​ ៣០ ​ដុំ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​រតនគិរី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ក្បែរ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ដោយ​សង្ស័យថា ឈើ​ទាំងនេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​លាក់ទុក ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

លោក ស៊ូយ សំណាង អធិការ​ស្រុក​អូរយ៉ាដាវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី​ ២៨ ខែមិថុនា ឆ្នាំ​ ២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តរតនគិរី ដឹកនាំ​ដោយ​លោក នូវ ដារ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៅតាម​ជួរ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ភូមិសាស្ត្រ​ស្រុក​អូរយ៉ាដាវ ហើយ​បាន​ប្រទះឃើញ​គំនរ​ឈើ​ចម្រុះ​ប្រភេទ ៣០ ​ដុំ ​នៅ​ព្រៃ​ក្បែរ​ច្រករបៀង​មួយ​ស្ថិត​ក្បែរ​ចម្ការ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​។ នៅក្បែរ​គំនរ​ឈើ​ទាំងនោះ​មាន​ម៉ូតូ​កែច្នៃ​ ១ ​គ្រឿង ដែល​សង្ស័យ​ក្រុម​ឈ្មួញ​បាន​លាក់ទុក ដើម្បី​ត្រៀម​បម្រុង​ដឹកជញ្ជូន​ឈើ​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

លោក​ថា​៖ «​យើង​មិនដឹងថា ឈើ​ទាំង ៣០ ​កំណាត់​នោះ​ជា​ប្រភេទ​ឈើ​អ្វីខ្លះ​នោះទេ ហើយ​គិត​ជា​ម៉ែត្រគុប​មាន​ប៉ុន្មាន​នោះ​ដែរ ប៉ុន្តែ​វា​មាន​រាង​ ៤ ​ជ្រុង​ទ្រវែង​ដែល​ភាគច្រើន​មាន​ទំហំ​មុខកាត់ ៤០ ​សង់ទីម៉ែត្រ ហើយ​ខ្លះទៀត​មាន​ទំហំ​មុខកាត់ ៣០ ​សង់ទីម៉ែត្រ និង​មាន​ប្រវែង​ពី​ ២,៥ ​ម៉ែត្រ​ទៅ ៣ ​ម៉ែត្រ​»​។

បើតាម​លោក​ សំណាង បច្ចុប្បន្ន​វត្ថុតាង​ឈើ​ទាំង ៣០ ​កំណាត់ និង​ម៉ូតូ​កែច្នៃ​ ១ ​គ្រឿង​នោះ​ ត្រូវ​បាន​ដឹកជញ្ជូន​យកទៅ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរយ៉ាដាវ ដើម្បី​វាស់វែង និង​ប្រកាស​ស្វែងរក​ម្ចាស់​ឈើ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ហុង គា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​បាន​ថ្លែងថា លោក​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ស្ដីពី​ការវាស់វែង​ភាពជាក់ស្ដែង​ពី​ចំនួន​ឈើ​ទាំង​នោះទេ​។ លោក​បន្តថា កាលពី​ថ្ងៃទី​ ២៥ ខែ មិថុនា ឆ្នាំ ២០២០ ក្រុម​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បាន​បង្ក្រាប​ចាប់​ឈើ​ស្រឡៅ​ចំនួន ២១ ​ដុំ​ផង​ដែរ ដែល​បច្ចុប្បន្ន​ឈើ​ទាំងនោះ​ក៏​នៅ​មិនទាន់​ធ្វើការ​វាស់វែង​នៅឡើយ​ដែរ​។

បើ​តាម​លោក គា រាល់​ឈើ​ដែល​បង្ក្រាប​ចាប់​រឹបអូស​បាន​ពី​បទល្មើស​ផ្សេងៗ​នៅតាម​ដងព្រៃ ឬ​ចម្ការ​ក្នុង​ភូមិ​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ប្រកាស​ជូនដំណឹង​ស្វែងរក​ម្ចាស់ ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅតាម​ច្បាប់ ប៉ុន្តែ​បើ​គ្មាន​អ្នកណាម្នាក់​មក​ទទួល​ស្គាល់​ថា​ជា​ម្ចាស់​ឈើ​ទេនោះ​ឈើ​ដែល​រឹបអូស​បាន​ពី​បទល្មើស​បែបនេះ ត្រូវ​ចាត់ទុក​ជា​ «​ឈើ​អញ្ញតិជន​» និង​ត្រូវ​ស្នើសុំ​ការសម្រេច​ពី​តុលាការ ដើម្បី​យក​រក្សា​ទុក​ជា​សម្បត្តិរដ្ឋ​៕