កំពង់ធំ៖ ក្មេង​ប្រុស​អាយុ ១២ ម្នាក់ ​ដែល​បាន​យក​កាំភ្លើង​ច្នៃ​ទៅ​ជន្ល​លេង​ហើយ​រៀល​កៃ​ត្រូវ​ម្តាយ​​ស្លាប់​​កាល​ពី​ព្រលប់​ថ្ងៃទី ​១៦ ​មីនា​ នៅ​ភូមិ​-​ឃុំ​ទួល​គ្រើល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​នោះ ​​គឺ​សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួន​ទេ​​ ដោយសារ​ក្មេង​នោះ​មិន​ទាន់​គ្រប់​អាយុ ​និង​ជា​កំហុស​អចេតនា​។

លោក​ ទិត្យ​ សំណាង ​ស្នងការ​រង​​​នគរបាល​ខេត្ត​កំពង់ធំ​ឲ្យ​ដឹង​​ពី​ម្សិលមិញ​ថា​ ក្មេង​ប្រុស​បង្ក​ហេតុ​នោះ ឈ្មោះ​ គ្រឿង​​ ម៉ាណា​ អាយុ ​១២ ​ឆ្នាំ​​។ រីឯ​ស្រ្តី​រងគ្រោះ​​ជាម្តាយ​បង្កើត​ឈ្មោះ ​យ៉ិត​ ឃឿន​ អាយុ ​៣៣ ​ឆ្នាំ​ ពួក​គេ​រស់នៅ​ក្នុង​ភូមិ​-​ឃុំ​កើត​ហេតុ​ខាង​លើ។​ ប៉ុន្តែ​ក្មេង​ប្រុស​នោះ​​សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​ទេ ​ក្រោយ​​ពី​ស្រាវជ្រាវ​ឃើញ​ថា​​ ជា​ការ​ប្រព្រឹត្ត​​ដោយ​អចេតនា។

លោក​ថ្លែង​ថា៖ ​«តាម​ពិត​វា​​លេង​ទេ ​វា​មិន​មែន​ចេតនា​ តែ​បើ​វា​ខឹង​វា​កាប់​ម្តាយ​វា​ស្លាប់ ​គឺ​អាច​តុលាការ​គេ​ពិចារណា​​ដែរ​។ ​ប៉ុន្តែ​​ក្នុង​ច្បាប់​ រឿង​បទឧក្រិដ្ឋ​ក៏​ដោយ ​បទ​មជ្ឈិម​ក៏​ដោយ​ ក្មេង​អាយុ​​ក្រោម​ប៉ុណ្ណឹង​ មិន​អាច​ផ្តន្ទាទោស​បាន​ទេ​»​។

លោក​បាន​បន្ត​ថា​​ ករណី​នេះ​សមត្ថកិច្ច​​លោក​បាន​រាយ​ការណ៍​​ទៅ​ព្រះ​រាជ​អាជ្ញា​អម​សាលា​​ដំបូង​​ខេត្ត​កំពង់ធំ​ និង​នាយកដ្ឋាន​កណ្តាល​យុត្តិធម៌​​ក្រសួង​មហាផ្ទៃ​​រួច​ហើយ​។ ប៉ុន្តែ​ថ្វី​បើ​មិន​បាន​ឃាត់​ខ្លួន​ក្មេង​បង្ក​ក្តី​ក៏​លោក​បញ្ចូន​សំណុំ​រឿង​ទៅ​សាលា​ដំបូង​ខេត្ត​តាម​នីតិវិធី​ដែរ​ ដោយ​ចាំមើល​ថា​​ តើ​តុលាការ​​សម្រេច​យ៉ាង​ម៉េច​? តែ​បើ​ក្មេង​នោះ​​គ្រប់​អាយុ​វិញ​បើ​ទោះ​ជា​​កំហុស​អចេតនា​​ក៏​ឃាត់​ខ្លួន​ដែរ​។​

លោក​ស្នងការ​រង​ ទិត្យ​ សំណាង​ បាន​រំឭក​ប្រាប់​តាម​សម្តី​សាក្សី ថា ​ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​១៨ ​និង ​៣០ ​នាទី​ ព្រលប់​ថ្ងៃទី ​១៦​ ខែ​មីនា​ នៅ​ក្នុង​ភូមិ​ទួលគ្រើល ​ឃុំ​ទួល​គ្រើល ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពងធំ​។ ​មុន​ពេល​កើត​ហេតុ​ ក្មេង​បង្ក​បាន​បញ្ចូល​គ្រាប់​កង់​ ហើយ​បាន​យក​កាំភ្លើង​នោះ​ទៅ​ភ្ជង់​ជន្ល​ដាក់​ម្តាយ​លេង​ ក៏​រៀល​កៃ​ចេញ​គ្រាប់​ចំនួន ​២ ​គ្រាប់​ ត្រូវ​ចំ​ដើម​ទ្រូង​ស្លាប់​ភ្លាមៗ​នឹង​ផ្ទះ​ជន​រងគ្រោះ​តែ​ម្តង​៕