កណ្ដាលៈ សមត្ថកិច្ចនៅមិនទាន់រកឃើញជនសង្ស័យពាក់ព័ន្ធនឹងឃាតកម្មលើនារីម្នាក់នៅអនុវិទ្យាល័យព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាលនៅឡើយទេ ក្រោយពេលជននោះ បានលោតពីលើស្ពានតឹបាស្សា (ស្ពានអ្នកលឿង) កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
យោងតាមហ្វេសប៊ុកស្នងការខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា វេលាម៉ោង២រសៀល ស្ត្រីម្នាក់មានឈ្មោះ ទន់ ស្រីណយ អាយុ២០ឆ្នាំ មានលំនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ជាអតីតប្រពន្ធជនសង្ស័យឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២១ឆ្នាំ មានលំនៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ត្រូវបានបុរសរូបនេះកាប់បណ្ដាលឲ្យស្លាប់នៅមុខបរិវេណអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
លោក អ៊ាវ ចំរើន បញ្ជាក់ថា៖ «ក្រោយពេលធ្វើសកម្មភាពកាប់ជនរងគ្រោះរួចជនសង្ស័យបានជិះម៉ូតូឡើងស្ពានតឺបាស្សា លុះដល់កណ្តាលស្ពានក៏ចតម៉ូតូហើយលោតចុះចូលទន្លេរហូតដល់ពេលនេះជនសង្ស័យមិនទាន់ឃើញឡើងគោកនៅឡើយ ដោយឡែកសមត្ថកិច្ចនគរបាលស្រុកកំពុងព័ទ្ធជុំវិញតំបន់នោះដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់»។
លោក រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្ដាលទទួលបន្ទុកផ្នែកយុត្តិធម៌ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅមុននេះបន្តិចថា រហូតមកទល់ពេលនេះជនសង្ស័យឬសាកសពជនសង្ស័យមិនទាន់ត្រូវបានរកឃើញនៅឡើយ។
លោកថ្លែងថា ប្រសិនបើជនសង្ស័យស្លាប់នៅកន្លែងលោតនោះមែន សាកសពអាចអណ្ដែតឡើង៣៦ម៉ោងក្រោយពេលស្លាប់។
លោករៀបរាប់ពីការសម្លាប់ថា៖ «វាស្ទាក់ចាំ ហើយវាកាប់ចំនួន៣កាំបិត ពីមុខផងពីក្រោយផង ចំក្បាល ត្រចៀក និងក។ វាប្រុងកាប់តាំងពីព្រឹក វាសំកុកចាំផ្លូវ មុនបែកគ្នា២ខែ វាជិះម៉ូតូកាត់ផ្លូវហ្នឹង ផ្ទះនៅជិតហ្នឹង»។
លោក រឿន ណារ៉ា បានបន្តថា ជនសង្ស័យនិងជនរងគ្រោះ«ទើបលែងគ្នាបានប្រហែល២ខែ ហើយលែងគ្នាត្រឹមមេភូមិ។ យើងមិនដឹងថាពេលការ គេបានចុះសំបុត្រអាពាហ៍ពិពាហ៍ឬអត់ទេ វាអាចគ្រាន់តែមានឪពុកម្តាយដឹងឮទាំងសងខាង ដល់លែងគ្នាវិញត្រឹមមេភូមិ មិនបានទៅដល់ឃុំទេ។ ប្រុសមុខរបរកម្មករជាងឡាន ចំណែកស្រីគាត់លេងតុងទីន រាប់លុយក្នុងផ្សារ។ ពួកគេបានគ្នា២ឆ្នាំហើយមិនបានចុះអេតាស៊ីវិលទេព្រោះក្មេងពេក»។
លោកថ្លែងថា តាមការស្រាវជ្រាវ មូលហេតុនៃឃាតកម្មនេះគឺជនសង្ស័យមានការប្រចណ្ឌនឹងអតីតប្រពន្ធនិងរស់នៅមិនចុះសម្រុងគ្នា។ ចុងក្រោយវាថា ជនរងគ្រោះដើរលេងចូលឆ្នាំមានប្រុសថ្មី»។
ដោយឡែកនៅលើហ្វេសប៊ុករបស់ជនសង្ស័យដែលមានអាខោនឈ្មោះ«Bong Räth Os Kae» ជនសង្ស័យបានសរសេរនៅម៉ោងជាង២រសៀលក្រោយប្រព្រឹត្តឃាតកម្មថា៖«ជាចុងក្រោយទោះមិនបានកើតក្នុងថ្ងៃតែ១ក៏ស្លាប់ក្នុងថ្ងៃតែមួយដែរ បងស្រឡាញ់អូនអាណយ»។
ចំណែកនៅថ្ងៃទី១៨ ខែមេសា ជនសង្ស័យបានសេរសេរថា៖ «ថ្ងៃនេះថ្ងៃចុងក្រោយហើយ BRO ដែរ យើងផឹកជាមួយគ្នាប្រហែលជាអស់ពេលផឹកជាមួយពួក BRO ទៀតហើយ»។
រហូតមកទល់ពេលនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវនិងរង់ចាំមើលសពជនសង្ស័យផុសឡើងនៅកន្លែងដែលបានលោតចូលទឹកនោះ៕