កំពង់ស្ពឺៈ ​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ​បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ​ករណី​គ្រោះ​ថ្នាក់​ចរាច​រណ៍​រថយន្ត​​ ៣​ គ្រឿង​ បុកគ្នា​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​​ស្លាប់​ និង​របួស​មនុស្ស​ជាង​ ១០ ​នាក់​ នៅ​ខេត្ត​កំពង់​ស្ពឺ ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍សប្ដាហ៍​មុ​ន​នេះ​ គឺ​ពិត​ជា​បង្កឡើង​ពី​ខាង​ភាគី​​​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​វីរៈ​ប៊ុន​ថាំ​ និង​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួក​គេ​ ដើម្បី​ព្យា​បាល​របួស​ និង​ធ្វើ​បុណ្យ​ជូន​សាច់ញាតិ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​បាន​ស្លាប់​ទៅ​ផងដែរ។​

អ្នក​ស្រី​ ឈួន កវី​ អាយុ ៤៣​ ឆ្នាំ ជា​ជន​រង​គ្រោះ​ម្នាក់​ មាន​ទីលំ​នៅ​ភូមិ​កំចាយ​មា​រខា​ង​ត្បូង​ ឃុំ​ក្រញូង​ ស្រុក​កំចាយ​មារ ​ខេត្ត​ព្រៃវែង ​បាន​រៀប​រាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​នៅ​រសៀល​ថ្ងៃ​កើត​ហេតុ​ គាត់​ និង​ប្ដី​របស់​គាត់​ឈ្មោះ ​សូត្រ ​វ៉ា ​អាយុ​ ៤៦ ​ឆ្នាំ ​និង​កូន​ស្រី​ម្នាក់​ទៀតឈ្មោះ ​វ៉ា ​រចនា​ អាយុ​ ១៦​ ឆ្នាំ ​បាន​នាំ​គ្នា​ជិះ​រថយន្ត​ដឹក​អ្នក​ដំណើរ​​របស់​ក្រុម​ហ៊ុន​វីរៈប៊ុន​ថាំ ​ដើម្បី​ត្រឡប់​ទៅ​ផ្ទះវិ​ញ ​បន្ទាប់​ពី​បាន​ចាក​ចេញ​មក​ធ្វើ​ការ​ងារ​ជា​កម្មករ​សំណង់​អស់​រយៈ​ពេល​ជាច្រើន​ខែ​នៅ​ក្រុង​ព្រះសីហនុ។​

​អ្នក​ស្រី​ថ្លែង​ថា​៖ ​«​កា​រ​ពិត​ទៅ​រថយន្ត​ដែល​ពួក​យើង​ជិះ​ ជា​អ្នក​បង្កហេតុ​ ព្រោះ​អ្នក​បើកប​រគាត់​បាន​បើ​ក​បំ​ពាន​ខ្សែ​គំនូស​ចរា​ចរណ៍​ឆ្លង​ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត​ ហើយ​ត្រូវ​រថ​យន្ត​ដឹក​ទំនិញ​ ១​ គ្រឿង​ ដែល​បើក​បញ្ច្រាស​គ្នា​ពី​កើត​ទៅ​លិច​ បុក​កៀរ​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​ប្ដី​របស់​ខ្ញុំ​ និង​អ្នក​ដទៃ​ទៀត ​ដែល​អង្គុយ​កៅ​អី​ផ្នែក​ខាង​ប៉ះ​ទង្គិច​នោះ ​ស្លាប់​ និង​របួសជា​ច្រើន​នាក់។​ បន្ទាប់​មក​រថ​យន្ត​ដឹក​ទំនិញ​នោះបាន​ទៅ​បុក​រថ​យន្ត​ ១ គ្រឿង​ បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ និ​ង​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់​ថែម​ទៀត»។​ ​

អ្នក​ស្រី​ កវី​ ដែល​បាន​រង​របួស​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ បាន​និយាយ​បន្ត​ថា​ គាត់​ត្រូវ​បាន​កម្លាំង​សម​ត្ថកិច្ច​ដឹក​យក​ទៅ​ដាក់​​គ្លីនិក​ឯ​កជន​មួយ​ឈ្មោះ «​តា​រ៉ន»​ ក្នុង​ទី​រួម​ខេត្ត​កំពង់ស្ពឺ​ ជា​ទី​ដែល​គាត់​ត្រូវ​បាន​ចំណាយ​ប្រាក់​ចំនួន ​១២០ ​ដុល្លារ​ ​ទៅ​​​លើ​​ថ្លៃ​​​ព្យា​បាល​របួស​ ដែល​គ្រាន់​តែ​ព្យួរ​សេរ៉ូម ១ កំប្លោក​តូច​ និង​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​២ ម្ជុល​។​ ក្រោយ​មាន​សភាព​ធូរស្រាល​បន្តិច​ គាត់​បាន​ចាក​ចេញ​ពីគ្លី​និក​នោះ ​ត្រឡប់​មក​កន្លែង​​កើត​ហេតុ​ ហើយ​ឃើញ​កូន​ស្រី​របស់​គាត់​កំពុង​អង្គុយ​យំ​ឱប​សព​ឪពុក​របស់​នាង។​ នៅ​ទី​នោះ ​គាត់​ និង​កូន​ស្រី​បាន​សុំ​ឲ្យ​សមត្ថ​កិច្ច​ជួយ​អន្ត​រាគមន៍​ដឹក​សព​ប្ដី​របស់​គាត់​ទៅ​ផ្ទះ​នៅ​ឯ​ស្រុក​កំចាយ​មារ ​ខេត្ត​ព្រៃ​វែង​ ​តែ​គ្មាន​មន្ត្រី​ ឬ​បុគ្គលិក​សុខា​ភិបាល​ណា​ម្នាក់​ឆ្លើយតប​នឹង​​សំណើរ​បស់​គាត់​ទេ។​ ​

អ្នក​ស្រី​ ថ្លែង​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​បុរស​នោះ ​គាត់​ជា​មន្ត្រី​ផ្នែក​អ្វី​នោះ​ទេ​ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ ខាង​រថ​យន្ត​សាមុយ​គេ​ទារ​ ១ ០០០ ​ដុល្លារ​ បើ​សិន​ជា​ចង់​ឲ្យ​ពួក​គេ​ដឹក​សព​ប្ដី​របស់​ខ្ញុំ​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត។ ​ តែ​ខ្ញុំ​គ្មាន​លុយ​ច្រើន​បែប​នោះ​ទេ។​ ​ខ្ញុំ​សុំ​ឲ្យ​គេ​ជួយ​ដឹក​សព​ប្ដី​របស់​ខ្ញុំទៅ​កា​ន់​វត្ត​ត្រែង​ត្រយឹង​ ដែល​មាន​ចម្ងាយ​ប្រមាណ ២​ គីឡូម៉ែ​ត្រ​ពី​កន្លែង​កើត​ហេតុ ដើម្បី​រៀប​ចំ​ពិធី​បូជា​សព ​ប៉ុន្តែ​អ្នក​បើក​បរ​រថ​យន្ត​សាមុយ​នោះ​ បាន​ទារ​ថ្លៃ​ដឹក​ជញ្ជូន​ ៧០ ​ដុល្លារ​ តែ​ខ្ញុំ​ និង​កូន​ព្រម​ទាំង​អ្នក​ភូមិ​ក្នុង​តំបន់​នោះ​​បាន​ជួយ​អង្វរ​ និង​ចេញ​ថ្លៃ​ត្រឹម ​៥០ ដុល្លារ​ទៅ​ឲ្យ​គេ»។​ ​​​ ​

​អ្នក​ស្រី​បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​ជា​គ្រួសារ​ក្រី​ក្រ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ អាជ្ញា​ធរ​នឹង​ជួយ​អន្ត​រាគម​ន៍​ទាមទារឲ្យ​ភាគី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​វីរៈ​ប៊ុន​ថាំ ​ផ្ដល់​សំណង​ខ្លះ»។

លោក​ តាប់ ​លន​ ស្នង​ការ​រង​ទទួល​បន្ទុក​ផែន​សណ្ដាប់​ធ្នាប់ចរា​ចរណ៍​ខេត្ត​កំពង់​ស្ពឺ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ សមត្ថ​កិច្ច​កំពុង​​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ដើ​ម្បី​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ជន​រងគ្រោះ។ ​

យោង​តាម​ការ​ចុះ​ពិនិត្យ​អង្កេត​ និង​ប្រមូល​ភ័ស្ដុតាង​នៅ​កន្លែង​កើត​ហេតុ​រួច​មក​ ក្រុម​មន្ត្រី​ជំនាញ​ បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​វីរ់ៈ​ប៊ុន​ថាំ​ ដែល​បាន​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។

លោក ​លន ​ថ្លែង​ថា​៖​ «​នៅ​ពេល​នេះ​ ភា​គី​ខា​ង​ក្រុម​ហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ​វីរៈ​ប៊ុន​ថាំ ​បាន​ចូល​ខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ និង​មាន​ការ​ធានា​អះអាង​ថា​ នឹង​ផ្ដល់​សំណង​ទៅ​តាម​ផ្លូវ​ច្បាប់​ដល់​ជន​រង​គ្រោះ​ដែល​ជិះ​រថយន្ត​របស់​ក្រុមហ៊ុន»។​ ​

​លោក ​ឡុង​ ណា​ផល​ ប្រធា​ន​រដ្ឋបាល​ទូ​ទៅ​នៃ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​វីរៈ​ប៊ុន​ថាំ​បាន​ឲ្យ​ដឹង​​ថា​ ក្រុមហ៊ុន​ធា​នា​រ៉ា​ប់​រ​ង​មួយ​​ដែល​ជា​ដៃ​គូរ​បស់​ក្រុម​ហ៊ុន​លោក​កំពុង​ធ្វើ​ការ​សិក្សា​ផ្ទៀង​ផ្ទាត់​របាយ​ការណ៍​ព័ត៌មាន​ស្ដី​ពី​ការ​វាយ​តម្លៃ​ជុំវិញ​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​នេះ។​

​​​លោក​បន្តថា​៖ ​«​ក្រុម​ហ៊ុន​ដៃ​គូរ​បស់​យើង​នឹង​ធ្វើ​ការ​ទូទាត់​សំណង​ដល់​ជន​រងគ្រោះ​ទៅ​តាម​នីតិវិធី​ច្បាប់»៕​