ភ្នំពេញ: សមត្ថកិច្ច​ខណ្ឌ​ព្រែកព្នៅ​ពី​ម្សិលមិញ​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​ប្លុង​ចោល​កេស​ស័ង្កសី ​១ ដែល​មាន​អាវុធ​ខ្លីវែង​ជិត​ ១០ ​ដើម និង​គ្រាប់​មួយចំនួន​នៅ​មាត់បឹង​ក្នុង​ភូមិ​ឌួង សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដោយ​មន្ត្រី​សន្និដ្ឋាន​ថា ជនសង្ស័យ​អាច​ប៉ុនប៉ង​បង្ក​ចលាចល​ក្នុងសង្គម​។

លោក ឈិន គឹមធុយ អធិការ​នគរបាល​ខណ្ឌ​ព្រែកព្នៅ​បាន​ថ្លែងថា នគរបាល​ជំនាញ​ខណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​បាន​ប្លុងចោល​ប្រអប់​ដែល​មាន​បង្កប់ អាវុធ​វែង ខ្លី និង​សម្ភារ​ផ្សេង​នៅ​ទីតាំង​ខាងលើ​នេះ​។

លោក​ថា​៖ «​យើង​បាន​បញ្ជូន​អាវុធ​ទាំងនេះ​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា​ ហើយ ដើម្បី​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព ហើយ​កិច្ចការ​បន្ត​គឺ​យើង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ទម្លាក់អាវុធ​ទាំងនេះ​ចោល​»​។

បើ​តាម​លោក​ គឹមធុយ កេស​​អាវុធ​នេះ​ត្រូវ​បាន​ពលរដ្ឋ​មូលដ្ឋាន​ប្រទះឃើញ រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ទើប​មាន​​ការចុះពិនិត្យ​ និង​ប្រមូល​ទុក​។

លោក​ ណាំ សំខាន់ នាយរង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​ព្រែកព្នៅ​បាន​ឱ្យ​ដឹងពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​ពី​ពលរដ្ឋ​ឈ្មោះ សោម ភារម្យ ភេទ​ប្រុស និង​ឈ្មោះ វី ពៅ ភេទ​ប្រុស នៅ​ម៉ោង​ ១១ ​កន្លះ​ព្រឹក​ថ្ងៃទី ៨ វិច្ឆិកា​។ ពួកគាត់​បាន​ចេញពី​ផ្ទះ​ទៅរក​បេះ​បន្លែ​នៅ​មាត់បឹង​ក៏​ប្រទះឃើញ​កេស​បិទ​ជិត និង​មាន​ចាក់សោ​ផង​។

លោក​បន្តថា ពេល​ឃើញ​បែប​នេះ​ពួកគាត់​បង្ហើប​មើល​ក្នុង​កេស​ក៏​ឃើញ​មាន​កាំភ្លើង​​គ្រាប់ បង់​កាំភ្លើង និង​សម្ភារ​មួយចំនួន​ទៀត ហើយ​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ព្រែកព្នៅ​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​លោក​បាន​រាយការណ៍ និង​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ចុះ​ត្រួតពិនិត្យ​ដល់​ទីតាំង​។

លោក​ថា​៖ «​យើង​បាន​ពិនិត្យឃើញ​កាំភ្លើង​វែង ខ្លី និង​គ្រាប់​មួយចំនួន​ទៀត​។ យើង​បាន​លើកទឹកចិត្ត​ពលរដ្ឋ​ដែល​បានឃើញ​វត្ថុ​ទាំងនេះ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ ព្រោះ​បើ​គាត់​មិន​រាយការណ៍​ប្រាប់​មន្ត្រី​ជំនាញ​ទាន់ពេល​ទេ យើង​ខ្លាច​តែ​អាវុធ​ទាំងនេះ​ធ្លាក់​ទៅលើ​ដៃ​ជនខិលខូច​អាច​នឹង​បង្កបញ្ហា​ដល់​សង្គម​យើង​»​។

លោក​បន្ថែមថា ករណី​នេះ​សមត្ថកិច្ច​សង្ស័យថា ជនល្មើស​កំពុង​រៀបចំ​ផែនការ​ធ្វើ​សកម្មភាព​អ្វីមួយ​ ឬ​ចង់​បង្ក​ចលាចល​ក្នុងសង្គម​។ ការទម្លាក់​អាវុធ​ចោល​នេះ​អាច​មកពី​ជនល្មើស​ឃើញ​សមត្ថកិច្ច​កំពុង​​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ខាងមុខ​វិទ្យាល័យ​ព្រែកព្នៅ ហើយ​អាចមាន​បក្ខពួក​ផ្ដល់​សញ្ញា​ឱ្យ​​ដឹង​មុន ទើប​ពួកគេ​សម្រេចចិត្ត​ប្លុង​ប្រអប់​នោះ​ចោល​ទៅ​។

លោក សាន សុខសីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។

ប៉ុន្តែ​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រៃកព្នៅ​ឱ្យ​ដឹងពី​ម្សិលមិញ​ថា អាវុធ​​ទាំងនោះ​រួមមាន​៖ អាវុធ​វែង​ម៉ាក​ការ៉ាប៊ីន​ ១ ​ដើម អាវុធ​វែង​ម៉ាក​ M16 ចំនួន​ ១ ​ដើម អាវុធ​ខ្លីម៉ាក​ K៥៤ ​ចំនួន​ ៣ ​ដើម អាវុធ​ខ្លីម៉ាក​ P08 ​ចំនួន​ ២ ​ដើម បង់​អាវុធ​ម៉ាក​ K៥៤ ចំនួន​ ៣ ​បង់​មាន​គ្រាប់​ចំនួន​ ១០៩ ​គ្រាប់​។

តាម​របាយការណ៍​ដដែល​ក្រៅពី​នោះ​មាន​បង់​អាវុធ​ម៉ាក​ M16 ​ចំនួន ៣ ​បង់ មាន​គ្រាប់​ចំនួន​ ៦០ ​គ្រាប់ បង់​អាវុធ​ម៉ាក​ការ៉ាប៊ីន​ចំនួន​ ២ ​បង់​មាន​គ្រាប់​ចំនួន​ ៩ ​គ្រាប់ ស្រោម​អាវុធខ្លី​ចំនួន​ ១ កាំបិត​ខ្លី​ចំនួន​ ១ ​ដើម ស្ព្រៃយ៍​ពណ៌​ខ្មៅ​ចំនួន​ ១ ​ដប និង​កេស​ដែក​ស័ង្កសី​ទំហំ​ (៣០ ​ស.ម x ៦០ ​ស.ម​) ចំនួន​ ១៕