សៀមរាបៈ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​ពិសោធន៍​ទៅលើ​ប្រេងឆា ប៊័រ មេនំបុ័ង ម្សៅមី និង​ត្រីខកំប៉ុង សរុប​ប្រមាណ​ជាង ៦៦ ​តោន ​ដែល​សង្ស័យថា ខូចគុណភាព បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែកឆេរ​នៅ​ទីតាំង​ស្តុក​ទំនិញ​ទាំងនេះ​កាលពី​ថ្ងៃទី​ ១០ ខែមករា​ហើយ​បាន​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន​។

លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​ទីតាំង​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​ឆែកឆេរ​នៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង-ខេត្តសៀមរាប​នោះ ពេលនេះ សមត្ថកិច្ច​បាន​បិទ​ទីតាំង​ស្តុក​ទំនិញ​នោះ​ជា​បណ្តោះអាសន្ន​ហើយ​។ ការបិទ​ទីតាំង​នោះ​ដោយ​រង់ចាំ​ការធ្វើ​ពិសោធន៍​លើ​ទំនិញ​របស់​មន្ត្រី​ជំនាញ​សិន ដើម្បី​រក​ទំនិញ​ខូចគុណភាព និង​ទំនិញ​ក្លែងក្លាយ ។

លោក​ប្រាប់ថា ទំនិញ​ទាំងនោះ​មាន​ប្រេងឆា​ជា​កាន​ចំណុះ ២៥ គីឡូក្រាម ចំនួន ១ ១៤០ ​កាន​ស្មើ ២៧ ៣៦០​ គីឡូក្រាម​,​ប្រេងឆា ដប​តូច​ចំណុះ​ ១០ ​គីឡូក្រាម​ចំនួន ១០០ ​កេស ស្មើ ១ ០០០ ​គីឡូក្រាម​,​ប្រេងឆា​ដប​ធំ​ ៩៧ កេស ស្មើ ១ ៦៩៧,៥ ​គីឡូក្រាម​,​ប្រេងឆា​ចំណុះ​ ៥ ​លីត្រ​ ៣ ​កេស ស្មើ​ ៥៧ ​គីឡូក្រាម​។

ក្រៅពីនេះ​មាន​ប៊័រលឿង​ចំណុះ ១៦ ​គីឡូក្រាម ៥០ ​កេស ស្មើ ៨០០ ​គីឡូក្រាម​,​ប៊័រស ចំណុះ ២៥ គីឡូក្រាម ចំនួន ១៧ ​កេស​ស្មើ ៤២៥​ គីឡូក្រាម​,​មេនំ​ប៉័ង​ចំនួន ២១ ​កេស​ស្មើ ២១០ ​គីឡូក្រាម​,​ម្សៅ​មី​សញ្ញា​កូនសោ ទឹកក្រូច ចំនួន ១ ១៥៣ ការុង​ស្មើ ២៨ ៨២៥ ​គីឡូក្រាម​,​ម្សៅមី​សញ្ញាត្រី​វិស័យ​ក្រហម ចំនួន ១៣០ ​ការុង ​៣ ២៥០ ​គីឡូក្រាម​, ត្រីខកំប៉ុង​រូប​ស្រី​ ៣ ​នាក់​ចំនួន ១១៩ ​កេស​ស្មើ ២៣៨០ ​គីឡូក្រាម​ដែល​សរុប​វត្ថុតាង​រួមទាំងអស់​មាន​ចំនួន​ ៦៦០០៤,៥ ​គីឡូក្រាម​។

លោក​បញ្ជាក់ថា​៖ «​ទំនិញ​ទាំងអស់​យើង​ពិនិត្យ​ទៅ​ឃើញ​មាន​ខូចគុណភាព​ខ្លះ​ហើយ ទំនិញ​ខ្លះ​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​។ ម្យ៉ាង​ប្រេងឆា​នេះ​យើង​ការពារ​ដល់​សុខភាព​ពលរដ្ឋ​»​។

លោក​ឲ្យ​ដឹង​បន្តថា ដោយសារ​តែ​ពេលនេះ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៃ​ការពិសោធ​យ៉ាងម៉េច​នៅឡើយ​នោះ​ដូច្នេះ​ម្ចាស់​ទីតាំង​ឈ្មោះ សេង ពាល គឺ​សមត្ថកិច្ច​គ្រាន់តែ​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​កិច្ចសន្យា​សិន ហើយ​នៅពេលណា​លទ្ធផល​ចេញមក​ឃើញថា ទំនិញ​ផលិតផល​ទាំងនោះ​មិន​មាន​បញ្ហា​អី​ទេ គឺ​សមត្ថកិច្ច​គយ​នឹង​ធ្វើការ​ផាកពិន័យ​ដោយសារ​ម្ចាស់​ទីតាំង​ស្តុក​ទំនិញ មិនបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ។

តែបើ​ទំនិញ​ណា​ខូចគុណភាព​ ឬ​ទំនិញ​ណា​ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ គឺ​សមត្ថកិច្ច​នឹង​ដុត​កម្ទេចចោល ហើយ​ម្ចាស់​ទំនិញ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ (​ផាកពិន័យ​) ។ តែ​ក្នុង​ការចុះ​ឆែកឆេរ​នេះ​ម្ចាស់​ទីតាំង​ក៏បាន​សហការ​ជាមួយ​សមត្ថកិច្ច​ដែរ​៕