បាត់ដំបងៈ សមត្ថកិច្ច និង​មន្ត្រី​​រដ្ឋ​បាល​ព្រៃ​ឈើ​ បាន​រឹប​អូស​យក​សំណាក​សត្វ​ស្លាប​ចម្រុះ​ចំនួន​ ១៩៧ ​ក្បាល​ នៅម្តុំ​លក់​ទឹក​ត្នោត​ជូរ នៅ​ភូមិ​ស្វាយកង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ប៉ុន្តែ​រក​ពុំ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ទេ។

លោក អ៊ុច ភិរុណ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើខេត្ត​បាត់​​ដំបង​ បាន​​ឲ្យ​ដឹង​កាល​ពីម្សិលមិញ​ថា ការ​រឹប​អូស សំណាក​សត្វ​ស្លាប​ដែល​ងាប់​​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ​២៤ ខែ ​មេសា ហើយ​សំណាក​សត្វ​ទាំង​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ថ្នាល​បណ្តុះ​កូន​ឈើ​ ដើម្បី​កប់​ចោល។

លោក ភិរុណ បាន​បញ្ជាក់​ថា​៖ «អត់​មាន​ម្ចាស់​ណា​ទទួល​ខុស​ត្រូវ​ទេ។ អាហ្នឹង​ជា​សំណា​ក​​សត្វ​ងាប់​អ៊ីចឹង អាហ្នឹង​តាម​នីតិវិ​ធី​របស់​គេ​ គេកប់​ឬ​ដុត​បំផ្លាញ​ចោ​ល។ លើក​លែង​តែសត្វ​ហ្នឹង​រស់ អាហ្នឹង​គេ​យក​ទៅ​ព្រលែង​នៅ​ព្រៃធម្ម​ជាតិ​របស់​វា»។

លោក ឈឹម សេរីវិចរ៉ា ប្រធា​ន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង ក៏​បាន​ឲ្យ​ដឹង​ដែរ​​ថា សមត្ថកិច្ច​បាន​ធ្វើ​ការ​ណែនាំ​អប់រំ​អ្នក​លក់​សត្វ​ស្លាប​ឱ្យ​បញ្ឈប់​ការ​ទិញ​ប្រភេទ​សត្វ​ស្លាប​ទាំង​នេះ។ សមត្ថ​កិច្ច​ក៏បាន​សួរនាំ​ម្ចាស់តូប​លក់​សត្វ​ទាំង​នេះ ​ប៉ុន្តែ​មិនមាន​ម្ចាស់ណា​ទទួល​ខុស​ត្រូវ។ ក្នុង​ ១​ ឆ្នាំ សមត្ថ​កិច្ច​ចុះ​ធ្វើ​សកម្មភាព​នេះ​ ២ ទៅ ៣ ដង​។ កាល​ពី​ឆ្នាំ​មុន​ សមត្ថ​កិច្ច​ធ្លាប់​ដុត​សំណាក​សត្វស្លាប​នេះ​ ២​ ទៅ​ ៣ ​ដង​ដែរ​ ដែល​ជា​ប្រភេទ​សត្វ​ស្លាប​ព្រៃ​ដែល​មាន​ដូច​ជា សត្វ​ត្លុំ ក្រួច កុក និង​ពួក​សត្វ​ស្លាប​ព្រៃ​ផ្សេង​ទៀត។

លោក ឈឹម សេរីវិចរ៉ា បាន​បញ្ជាក់​ថា​៖ «លក់​រាល់​លើក គេ​ហាម​ប៉ុន្មាន​ដង​ហើយ​ គាត់​នៅ​តែ​អ៊ីចឹង​។ ដុត​ប៉ុន្មាន​ដង​ហើយ​។ យើង​គ្រាន់​តែ​ធ្វើកិច្ច​សន្យា​ឱ្យគាត់​ឈប់​លក់​ដូរអ៊ីចឹង។ នៅ​ម្តុំ​លក់ទឹក​ត្នោត​ជូរ។ អត់​មា​ន​នរណា​ទទួល​ខុស​ត្រូវ។ អត់​មាន​នរណា​ចេញ​មុខ។ អាហ្នឹង​ដូច​របៀប​គេយក​មក​លក់ សត្វ​ស្លាប​ សត្វព្រៃ ដាក់​អន្ទាក់ ដាក់​អី លក់​ឱ្យ​គាត់​អ៊ីចឹង​ណា»។

បើតាម​លោក សេរីវិចរ៉ា សត្វស្លាប​ទាំង​នេះ​មិន​ដឹង​ប្រភ​ព​​មក​ពីណា​ខ្លះនោះ​ទេ​ ប៉ុន្តែ​អាច​មកពី​ទន្លេ​ «តាម​ស្រែ តាមព្រៃ​អ៊ីចឹង​ណា»៕