ភ្នំពេញៈ នគរបាល​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​កំពុង​​រៀបចំ​សំណុំរឿង​បញ្ជូន​ក្រុមដើរ​ឆក់​អ្នកដំណើរ​តាម​ដងផ្លូវ​​ចំនួន​ ៤ ​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​តាម​គម្រោង​ត្រូវធ្វើ​នៅ​ថ្ងៃទី​ ២៦ ​កុម្ភៈ​នេះ បន្ទាប់ពី​ស្រាវជ្រាវ​ចាប់បាន​កាលពី​ថ្ងៃ​ទី​ ២៣ ​កុម្ភៈ​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​។

លោក ឈួន មៀចស៊ីម៉ូលិន អធិការរង​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ចំការមន​ប្រាប់​កាលពី​ម្សិលមិញ​ថា ក្រុម​ឆក់​សកម្ម​ចំនួន​ ៤ ​នាក់​ដែល​សមត្ថកិច្ច​របស់​លោក​ចាប់ខ្លួន​បាន​នេះ​ធ្លាប់​ដើរ​ធ្វើ​សកម្មភាព​ឆក់​ជាច្រើន​ករណី​នៅ​ក្នុង​ខណ្ឌ​ចំនួន​ ២ គឺ​ខណ្ឌ​សែនសុខ និង​ខណ្ឌចំការមន​។ ​សមត្ថកិច្ច​ត្រូវ​បញ្ជូន​ពួកគេ​បន្តទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៦ កុម្ភៈ​។

លោក​ថ្លែងថា​៖ «​ថ្ងៃស្អែក​នេះ​ (​ថ្ងៃទី​ ២៦ ​កុម្ភៈ​) ​ខ្ញុំ​បញ្ជូន​ពួកគេ​​ទៅ​តុលាការ​ហើយ​ព្រោះ​បច្ចុប្បន្ន​​នេះ​យើង​កំពុង​កសាង​នីតិវិធី​មិន​​ទាន់​ចប់​»​។

លោក​បន្តថា មុន​ឈាន​ដល់​ការចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនេះ​គឺ​ដោយសារ​កាលពី​វេលា​ម៉ោង​ ២ និង​ ១៥ ​នាទី​រសៀល​ថ្ងៃទី​ ១១ កុម្ភៈ ពួកគេ​បាន​ឆក់​កាបូបស្ពាយ​ពី​គូសង្សារ​​ជា​ជនបរទេស​ ២ ​នាក់​នៅ​ចំណុច​មុខផ្ទះ​លេខ​ ៥ ផ្លូវ​ ៤៦០ ភូមិ​ ៤ សង្កាត់​ទួល​ទំពូង​ ១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​បាន​សម្រេច រួច​បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។

លោក​បន្តថា បន្ទាប់​កើតមាន​ហេតុការណ៍ និង​ប្រមូលបាន​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​របស់​លោក​កំណត់​មុខសញ្ញា​បាន និង​ចេញ​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​ ៨ ​នាក់​កាលពី​ម៉ោង​ ១០ ​កន្លះ​យប់​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ​​ឆ្នាំ​ ២០២០ នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​។

ប៉ុន្តែ​ក្រោយពី​សមត្ថកិច្ច​លោក​សាកសួរ​ទៅ​ឃើញ​ថា អ្នក​ជាប់​ពាក់ព័ន្ធ​មានតែ​ ៤ ​នាក់​ប៉ុណ្ណោះ​ចំណែក​មនុស្ស​ ៤ ​នាក់​ទៀត​មិន​ជាប់​ពាក់ព័ន្ធ​ទេ​។

ទោះយ៉ាងណា​លោក​ថា មិន​អាច​បង្ហាញ​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ទាំងនោះ​បានទេ​​ដោយសារ​ពួកគេ​ជា​អនីតិជន​ និង​មិនទាន់​ឆ្លងកាត់​ការជំនុំជម្រះ​ពី​តុលាការ​។

លោក​ថា​៖ «​បើតាម​ចម្លើយ​ពួកគេ​គឺ​សុទ្ធតែ​អ្នក​បោះបង់​ការសិក្សា​ចោល និង​មាន​អាយុ​ចន្លោះ​ពី​ ១៥ ​ទៅ​ ១៧ ​ឆ្នាំ​ដែល​សុទ្ធតែ​អនីតិជន​»​។

លោក មៀច ស៊ីម៉ូលិន បាន​បន្ថែមថា ក្រោយពី​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ទី​ ១- ​ម៉ូតូ​ម៉ាក​ហុងដា Beat ស៊េរី​ឆ្នាំ​ 2019 ​ពណ៌​ខៀវ​លាយ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HY-5651 ទី ​២- ម៉ូតូ​ម៉ាក​ហុងដា​សង់ ស៊េរី​ឆ្នាំ​ 2019 ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ​ 1HX-3844 ទី​ ៣- ​ម៉ូតូ​ម៉ាក​ហុងដា scopy ស៊េរី​ឆ្នាំ​ 2020 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HZ-0851 និង​ទី​ ៤- ​ម៉ូតូ​ម៉ាក​ស៊ុយហ្ស៊ុយគីនិច ស៊េរី​ឆ្នាំ​ 2020 ពណ៌​សលាយខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HZ-1877​។ ម៉ូតូ​ទាំង​ ៤ ​គ្រឿង​នេះ​ជា​មធ្យោបាយ​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ​ជិះ​ធ្វើ​សកម្មភាព​កន្លងមក​។

ទាក់ទង​នឹង​បទល្មើស​នានា​កាលពី​ថ្ងៃទី​ ១៣ ​កុម្ភៈ ឆ្នាំ​ ២០២០ លោក​ សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ​ធ្លាប់បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រិះរក​វិធានការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេល ខណៈ​របាយការណ៍​ក្រសួង​មហាផ្ទៃ​បង្ហាញថា​នៅ​ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​បទល្មើស​នានា​មាន​ការកើនឡើង​៕