
បុរសជាជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈក្មេងស្រីម្នាក់ប្រព្រឹត្តនៅក្នុងចម្ការស្វាយចន្ទី។ រូបថត ប៉ូលិស
មណ្ឌលគិរីៈ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀចំបញ្ជូនបុរសជាជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី ៥ ខែឧសភានេះបន្ទាប់ពីឃាត់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈក្មេងស្រីម្នាក់ប្រព្រឹត្តនៅក្នុងចម្ការស្វាយចន្ទី។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងនៅថ្ងៃនេះថា កម្លាំងសមត្ថកិច្ចជំនាញរបស់លោកកំពុងបន្តកសាងសំណុំរឿងដើម្បីបញ្ជូនជននោះទៅតុលាការនៅរសៀលថ្ងៃទី៥ ខែឧសភានេះ។
លោកបានថ្លែងថា៖«ក្រោយពីទទួលបានសំណុំរឿងពីកម្លាំងកងរាជអាវុធហត្ថស្រុកកែវសីមា ពេលនេះកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តយើងកំពុងបន្តនីតិវិធី នៅពេលរួចរាល់នឹងបញ្ជូនទៅតុលាការនៅថ្ងៃនេះតែម្តង»។
លោកវរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការកងរាជអាវុធហត្ថស្រុក កែវសីមា បានឲ្យដឹងដែរថា ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗនៅត្រង់ចំណុចផ្លូវកែងដើមសុក្រំស្ថិតក្នុងភូមិអូរអាម ឃុំស្រែក្ទម្ព ស្រុកកែវសីមា ក្រោយពេលទទួលការប្តឹងផ្ទាល់មាត់ពីម្តាយជនរងគ្រោះនៅរសៀលថ្ងៃទី៤ ខែឧសភា។
បើតាមលោក ប៉ៃ លិន ម្តាយឪពុកជនរងគ្រោះបានស្រែកឲ្យជួយចាប់ជនសង្ស័យគ្រាដែលរូបគេកំពុងព្យាយាមរត់គេច។ ភ្លាមៗនោះកម្លាំងរបស់លោកមានគ្នា ៥ នាក់ដែលកំពុងយករថយន្តស៊ីរ៉ែនទៅជួសជុលនៅក្បែរនោះបានឃើញក៏ដេញតាមរហូតចាប់បានជនសង្ស័យនៅវេលាម៉ោង៣ និង៣០ នាទី រសៀលថ្ងៃនោះ។
លោកថ្លែងថា៖«ការពិតគាត់ដាក់ពាក្យបណ្តឹងទៅប៉ូលិសមុនទេ ដល់ពេលអ៊ីចឹង ទៅជនសង្ស័យរត់គេចខ្លួនបាត់ទម្រាំរកឃើញអស់ពេលមួយព្រឹក។ ពេលខ្ញុំយកឡានស៊ីរ៉ែនមួយទៅធ្វើនៅកន្លែងជាប់ថ្នល់ក្បែរកន្លែងចាប់បានហ្នឹងបានឃើញម្តាយជនរងគ្រោះកំពុងដេញតាមចាប់ជនសង្ស័យ គាត់ក៏ស្រែកថា ជួយចាប់ផង ជួយចាប់ផង ខ្ញុំក៏បានដេញតាមចាប់ភ្លាមៗ ដោយជនសង្ស័យ បានផ្តួលម៉ូតូរត់ យើងប្រឹងដេញចាប់ទម្រាំតែបាន» ។
លោកប៉ៃ លិន បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្លេះ គ្រីយ៉ា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែក្ទម្ព ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រីឯម៉ូតូ ១គ្រឿងរបស់ជនសង្ស័យម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-0236 ស៊េរីឆ្នាំ ២០០៧ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅបន្ទាយកងរាជអាវុធហត្ថនិងបានបញ្ជូនជនសង្ស័យទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធី។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស.រ.យ អាយុ១៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែក្ទម្ព ស្រុកកែវសីមា។
ដោយឡែក លោក ផេង សាវួន ជាមេប៉ុស្ដិ៍ឃុំស្រែក្ទម្ព បានឱ្យដឹងនៅថ្ងៃនេះថា ជនសង្ស័យបានចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះនៅក្នុងចម្ការស្វាយចន្ទីមួយក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែក្ទម្ព ខណៈពួកគេកំពុងធ្វើដំណើរទៅចៀរជ័រកៅស៊ូនៅទីតាំងក្បែរនោះ៕