ភ្នំពេញៈ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាលជាតិ​រាជធានី​កាលពី​ម្សិលមិញ​បាន​សហការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ទាក់ទង​ករណី​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​បាន​បំផុស​កុំឱ្យ​​កម្មករ​ចូលរួម​ចាក់​វ៉ាក់សាំង ​ហើយ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​​នៅថ្ងៃនេះ​។

ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​បុរស​រូបនេះ​បាន​បង្ហោះ​សារ​ជា​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ (TikTok) ​ដោយបាន​និយាយថា​៖ «(​វីដេអូ​នេះ​ផ្ញើជូន​កម្មករ​រោងចក្រ​ទាំងអស់​ប្រសិនបើ​យើង​ទទួល​ចាក់​វ៉ាក់សាំង​នេះ (Sinopharm) ២-៣ ​ឆ្នាំ​ក្រោយមក​​គឺ​ស្លាប់​ហើយ អ៊ីចឹង​បងប្អូន​អ្នក​ធ្វើការ​រោងចក្រ​មិនបាច់​ចាក់​ទេ ជឿ​តាម​ខ្ញុំ មិនបាច់​ចាក់​ទេ វ៉ាក់សាំង​ចិន​»​។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង និង​​បាន​បញ្ជូនមក​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​បញ្ជូនបន្ត​​ទៅ​តុលាការ​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​ (​ថ្ងៃ​ព្រហស្បតិ៍​) ​នេះ​។

យោងតាម​របាយការណ៍​របស់​​អគ្គស្នងការដ្ឋាន​គរបាល​ជាតិ​ឱ្យដឹងថា បុរស​ម្នាក់​នោះ​ឈ្មោះ តោ ចន្នី មុខរបរ​បើករថយន្ត​ដឹកទំនិញ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​ ២៤ មីនា និង​បាន​បញ្ជូនមក​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​បន្ថែម មុន​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​រាជធានី​ភ្នំពេញ​។

ទាក់ទង​នឹង​បទល្មើស​បែបនេះ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ​ថា​៖ «​បុគ្គល​ណា​ដែល​បាន​រារាំង​តាម​គ្រប់​មធ្យោបាយ​ក្នុង​ចេតនា​មិនឱ្យ​បុគ្គល​ដទៃ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​គឺជា​អំពើ​ល្មើសច្បាប់​ដែល​កំណត់​បាន​ជា​បទល្មើស​ "​រារាំង​ដល់​ការអនុវត្ត​វិធានការ​" ​តាម​បញ្ញត្តិ​ក្នុង​មាត្រា​ ១១ ​នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ និង​ជំងឺឆ្លង​កាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ៦ ​ខែ ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ​២ ០០០ ០០០ (​ពីរលាន​) ​រៀល​ទៅ​ ១០ ០០០ ០០០ (​ដប់​លាន​) ​រៀល​»​។

ទន្ទឹមនឹង​នេះដែរ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ចប្រចាំ​ក្រសួង​នេះ​​សម្រាប់​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ បាន​អំពាវនាវ​ដល់​កម្មករ និង​ជនរួមជាតិ​ឱ្យចូលរួម​ចាក់​វ៉ាក់សាំង​ទាំងអស់​គ្នា​។

លោក​ថា​៖ «​សូម​បងប្អូន​ជឿជាក់​លើ​វិទ្យាសាស្ត្រ និង​វ៉ាក់សាំង​គ្រប់​ប្រភេទ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ស្វែងរក​មក ខ្ញុំ និង​មិត្តភក្តិ​បាន​ចាក់​វ៉ាក់សាំង​ទាំងនោះ​រួចហើយ និង​មិនឃើញ​មាន​ផលប៉ះពាល់​អ្វី​ដល់​សុខភាព​យើងខ្ញុំ​ទេ​»​។

តាម​របាយការណ៍​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា ចំនួន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ (Sinopharm) គិតពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ដល់​ថ្ងៃទី​ ២៣ ខែ​​មីនា និង​វ៉ាក់សាំង​ (COISHIELD) ​ពីថ្ងៃ​ទី​ ៤ ខែ​មីនា ដល់​ថ្ងៃទី​ ២៣ ខែ មីនា ឆ្នាំ​ ២០២១ គឺមាន​​ចំនួន​សរុប​ចំនួន ២៤១ ៥៩៣ ​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន ៨៤ ៤៦៤ ​នាក់​៕

វីដេអូ៖