កណ្ដាលៈ សមត្ថកិច្ចបានសម្រេចសង់ផ្ទះ ១ ខ្នង ជូនបុរស «វិកលចរិត» ម្នាក់នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដែលត្រូវប្អូនស្រីចាប់ដាក់ច្រវាក់ ជើង នៅក្រោមដើមស្វាយក្រោយផ្ទះ អស់រយៈពេល ១០ ឆ្នាំមកហើយ ដើម្បីកុំឲ្យបុរសរូបនេះដើរប្រព្រឹត្តអំពើហិង្សាផ្សេងៗដល់អ្នកស្រុក។
លោក សោម រ៉ាវុធ នាយប៉ុស្តិ៍នគរបាលស្ដីទី ឃុំព្រែកតាមាក់ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា លោក ចេង គឹមសេង អាយុ ៤៩ ឆ្នាំ ត្រូវបានប្អូនស្រីបង្កើតរបស់គាត់ឈ្មោះ ចេង គឹមអាង អាយុ ៤៧ ឆ្នាំ សម្រេចចាប់ឃុំខ្លួនគាត់នៅក្រោមដើមស្វាយខាងក្រោយផ្ទះ ដោយដាក់ច្រវាក់ជើងអស់រយៈពេល ១០ ឆ្នាំមកហើយ បន្ទាប់ពីគាត់មានជំងឺវិកលចរិតព្យាបាលមិនជាហើយចូលចិត្តដើរបង្កអំពើហិង្សាទៅលើអ្នកភូមិ។
លោក រ៉ាវុធ បន្តថាកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមអ្នកលេងហ្វេសប៊ុកបានថតបង្ហោះរូបរបស់គាត់ដែលកំពុងជាប់ច្រវាក់ជើងហើយបានចាត់ទុកទង្វើរបស់ប្អូនស្រីគាត់ថា «ជាអំពើគ្មានមនុស្សធម៌» និងបានអំពាវនាវឲ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ក្នុងរឿងនេះ។
លោក រ៉ាវុធ បញ្ជាក់ថា៖ «បើមើលឃ្លីបវីដេអូដែលត្រូវបានគេថតបង្ហោះលើបណ្ដាញសង្គមនោះ វាពិតជាគួរឲ្យសង្វេគចំពោះបុរសរងគ្រោះនោះខ្លាំងណាស់ព្រោះគាត់ត្រូវបានប្អូនស្រីចាប់ដាក់ច្រវាក់ជើងជាប់នៅក្រោមដើមស្វាយដោយរូបកាយមានតែស្បែកដណ្ដប់ឆ្អឹង។ ប៉ុន្តែការពិតអ្នកដែលគួរអាណិតអាសូរនោះគឺស្ត្រីជាប្អូនទៅវិញទេ»។
យ៉ាងណាក៏ដោយក្រោយឃើញឃ្លីបវីដេអូខ្លីនោះ ក្រុមមន្ត្រីពាក់ព័ន្ធបានសហការគ្នាចុះអង្កេតលើករណីនេះ ដើម្បីរកមធ្យោបាយជួយដល់បុរសរងគ្រោះនោះ។
លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែលបានចុះទៅអង្កេតករណីនេះប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃចន្ទថា ក្រោយពីស្រាវជ្រាវ និងស៊ើបសួរពលរដ្ឋនៅក្នុងភូមិ និងពិនិត្យសំណុំឯកសារពីគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត បុរសរូបនោះគឺពិតជាមនុស្ស «វិកលចរិត» ប្រាកដមែន។
លោកបន្តថា៖ «ករណីនេះមិនមែនជាបទល្មើសចាប់បង្ខាំងមនុស្ស ដើម្បីផលប្រយោជន៍បុគ្គលនោះទេ តែវាជាវិធានការចុងក្រោយរបស់ស្ត្រីជាប្អូនជនរងគ្រោះ ដើម្បីទប់ស្កាត់កុំឲ្យបងប្រុសគាត់ទៅប្រព្រឹត្តអំពើល្មើសលើអ្នកដទៃ»។
លោក សាវិន បន្តថា តាមការពិនិត្យអត្តចរិតបុរសរងគ្រោះនោះមានភាព «រឹងរូស និងកាចសាហាវ»។ ទោះជាយ៉ាងណាលោកថា ករណីនេះគឺជាបទពិសោធថ្មីមួយទៀតសម្រាប់សមត្ថកិច្ចពាក់ព័ន្ធក្នុងការដោះស្រាយវិបត្តិសង្គម។
ក៏ប៉ុន្តែលោក សាវិន បានឲ្យដឹងថា ពេលនេះក្រុមសមត្ថកិច្ចបានសហការគ្នារៀបចំសង់ផ្ទះ ១ ខ្នងធ្វើអំពីថ្មប្រក់ស័ង្កសីទំហំ ៤ ម៉ែត្រគុណ ៤ ម៉ែត្រនៅក្បែរផ្ទះប្អូនស្រីរបស់គាត់ ដើម្បីឲ្យបុរសនោះស្នាក់នៅដោយគ្មានការដាក់ច្រវាក់ជើងតទៅទៀត។
ជុំវិញករណីនេះអ្នកស្រី ចេង គឹមអាង ដែលជាប្អូនស្រីបុរសរងគ្រោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាកាលពីជាង ១០ ឆ្នាំមុនបងប្រុសរបស់អ្នកស្រីធ្លាប់បួសជាសង្ឃបាន ២ ឆ្នាំ ប៉ុន្តែក្រោយមកក៏មានជំងឺប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។ ដោយក្ដីគោរពស្រឡាញ់បងប្រុស អ្នកស្រីបានលក់ដី ១ ហិកតា យកប្រាក់មកព្យាបាលបងប្រុសនៅមន្ទីរពេទ្យក្រុងតាខ្មៅ ប៉ុន្តែក្រោយមកខាងមន្ទីរពេទ្យបានសម្រេចឈប់ទទួលព្យាបាលដោយប្រាប់ថា គ្មានឱសថព្យាបាលជំងឺនេះទេ ប៉ុន្តែបានណែនាំអ្នកស្រីឲ្យយកបងប្រុសទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៊ី)។
អ្នកស្រីបានថ្លែងថា៖ «រយៈពេល ៤ ឆ្នាំ ដែលខ្ញុំបាននាំបងប្រុសរបស់ខ្ញុំទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត តែអាការជំងឺរបស់គាត់នៅតែមិនធូរស្រាល»។
អ្នកស្រីបន្តថា លុះត្រឡប់មកផ្ទះវិញបានតែ ១ ខែ បងប្រុសរបស់អ្នកស្រីបានដើរបង្ករឿងជាមួយអ្នកភូមិដោយវាយបំផ្លាញទ្រព្យសម្បត្តិរបស់គេចំនួន ៣ ដង និងវាយគេឲ្យគ្រោះថ្នាក់ចំនួន ២ លើក។ បន្ទាប់មកបានដុតផ្ទះរបស់អ្នកស្រី ប៉ុន្តែសំណាងល្អត្រូវបានអ្នកភូមិជួយពន្លត់ទាន់។
អ្នកស្រីបញ្ជាក់ថា៖ «ដោយខ្លាចគាត់ដើរបង្ករឿងទៀតនោះ ខ្ញុំក៏សម្រេចចាប់គាត់ចងដាក់ច្រវាក់នៅជាប់ដើមស្វាយខាងក្រោយផ្ទះដោយចងតង់កៅស៊ូប្រក់ពីលើការពារភ្លៀង និងកម្ដៅថ្ងៃ និងបានផ្ដល់អាហារ ៣ ពេលក្នុង ១ ថ្ងៃដល់គាត់»៕