បាត់ដំបងៈ សមត្ថកិច្ច​នគរបាល​បាន​ដាក់​ការសង្ស័យ​ករណី​​ស្លាប់​មនុស្ស​ ២ ​នាក់​ (​ម្ដាយ និង​កូនស្រី​) ​ថា​ជា​អំពើ​ឃាតកម្ម បន្ទាប់ពី​ប្រទះឃើញ​សព​នៅក្រោម​គំនរ​ភ្នក់ភ្លើង​ឆេះ​ផ្ទះ​ ១ ​ខ្នង​នៅ​ភូមិ-ឃុំ​បន្សាយត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​កាលពី​ម៉ោង​ ១:៤០ ​នាទី រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ៣១ ខែ ឧសភា ឆ្នាំ​ ២០២០​។

លោក ផង់ សុភាព អធិការ​ស្រុក​ថ្មគោល​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា អ្នកស្រី គិម ធឿន អាយុ​ ៥២ ​ឆ្នាំ និង​កូនស្រី​របស់​គាត់​ឈ្មោះ យៃសៀវម៉ី អាយុ​ ១៨ ​ឆ្នាំ ត្រូវ​បាន​នគរបាល​កងពន្លត់​អគ្គិភ័យ​​ស្រុក​ថ្មគោល​ប្រទះឃើញ​ស្លាប់​នៅក្រោម​គំនរ​ភ្នក់ភ្លើង​ដោយ​រាងកាយ​របស់​ពួកគាត់​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ស្ទើរតែ​ក្លាយ​ទៅជា​​ដុំធ្យូង​។

លោក សុភាព បាន​បញ្ជាក់ថា​៖ «​យោងតាម​ការពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ម្ដាយ និង​កូនស្រី​ដែល​មាន​ស្នាមរបួស​ផ្នែក​ក្បាល និង​កន​គរបាល​ជំនាញ​បាន​សន្និដ្ឋានថា ករណី​គ្រោះ​អគ្គិភ័យ​នេះ ​គឺជា​អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស រួច​ដុត​ផ្ទះ​ចោល ដើម្បី​រំលាយសព​បំបាត់​ភ័ស្ដុតាង​»​។

លោក សុភាព បាន​បន្តថា មកទល់​ពេលនេះ​ក្រុម​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ និង​កំណត់​​អត្តសញ្ញាណ​ជនសង្ស័យ​ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឲ្យ​តុលាការ​​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។

តាម​របាយការណ៍​ស៊ើបអង្កេត​ចុងក្រោយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​កាលពី​ម្សិលមិញ សមត្ថកិច្ច​បាន​ដាក់​ការសង្ស័យ​​ទៅ​លើ​បុរស​ជា​ប្ដី​​ឈ្មោះ យៃ ឡើយ​អាយុ​ ៥២ ​ឆ្នាំថា ជា​អ្នកព្រឹត្ត​បទល្មើស​នេះ​។

លោក អ៊ឹម កុសល ប្រធាន​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ តាម​លទ្ធផល​នៃ​ការ​សាកសួរ​អ្នក​ភូមិ​នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​បាន​បញ្ជាក់​ថា​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ពួកគេ​បាន​​ឃើញ​បុរស​ជា​ប្ដី​ឈ្មោះ យៃ ឡើយ ស្នាក់​នៅផ្ទះ​ជា​មួយ​ប្រពន្ធ​ និង​កូនស្រី ដូចសព្វ​ ១​ ដង។ ប៉ុន្តែ​ក្រោយ​កើតហេតុ​ស្រាប់​តែ​បាត់​វត្តមាន​របស់​គាត់​ដោយ​គ្មាន​មូលហេតុ ហើយ​ទូរស័ព្ទ​ដែល​គាត់​ធ្លាប់​ប្រើ​ក៏​មិនអាច​ទាក់ទង​បាន។

លោក កុសល បាន​បញ្ជាក់​ថា៖ ​«ករណី​នេះ បុរស​ជា​ប្ដី​គឺជា​មនុស្ស​ដំបូង​ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​ប្រព្រឹត្ត​បទឃាតកម្ម​ដ៏ឃោរឃៅ​នេះ​ និង​កំពុង​រត់​គេច​ខ្លួន​ពី​ការតាម​ចាប់​របស់​សមត្ថកិច្ច»​។

លោក កុសល បាន​បន្ត​ថា៖ ​«ទោះយ៉ាងណា​មក​ទល់​ពេល​នេះ​ក្រុម​សមត្ថកិច្ច​នៅមិន​ទាន់​ដឹង​ច្បាស់​ពីគោល​បំណង​នៃ​អំពើ​ឃាតកម្ម​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ទៅលើ​ស្ត្រី​រងគ្រោះ​ទាំង​ ២ នាក់​ម្ដាយ និង​កូនស្រី​នោះ​ទេ​។ យើង​អាច​ដឹង​អំពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​ក្រោយ​ពី​បុរស​ជា​ប្ដី​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច»​។

បើ​តាម​លោក កុសល នៅ​ពេល​នេះ​ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​ស្វែងរក​តម្រុយ​នៃ​កន្លែង​លាក់​ខ្លួន​របស់​ជនសង្ស័យ​ជា​ប្ដី​ ដើម្បី​ឈាន​ទៅ​រក​ការចាប់​ឃាត់ខ្លួន​មក​ធ្វើការ​សួរ​នាំ​ជុំវិញ​ករណី​ខាង​លើ​នេះ៕