ព្រះវិហារៈ ស្នងការ​នគរ​បាល​ខេត្ត​ព្រះ​វិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ​ នៅថ្ងៃ​ទី ២៥ ​ខែតុលា​នេះ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​បំណែក​អា​លុយ​មីញ៉ូម​ និង ​ជ័រ​ដែល​រក​ឃើញ​ធ្លាក់​រាយ​ប៉ាយ​ជាង ​១០ ​បំណែក​ក្នុង​ទីតាំង​មួយ​នៅ​ឃុំ​ស្រ​យង់​ស្រុក​គូលែន​ខេត្ដ ​ព្រះវិហារ នោះ​​គឺ​ជា​យន្ដ​ហោះ​ដ្រូន​​។

លោក យិន ចំណាន ​បាន​​ប្រាប់​ភ្នំពេញ​បុស្ដិ៍​​ថា៖ «ការ​សន្និ​ដ្ឋាន​របស់​យើង​នេះ​គឺ​គិត​ថា​ប្រ​ហែល​ជា​បំណែក​យន្ដ​ហោះ​ដ្រូន​អី​ហើយ​។ ជាការ​សន្និ​ដ្ឋាន​ប្រហែល​មាន​គេ​បង្ហោះ​ធ្វើ​អី ហើយ​បំណែក​នេះ​ជា​បំណែក​ដ្រូន​ដែល​គេ​បង្ហោះ​នោះ​ ព្រោះ​បើ​តាម​រូប​ភាព​ដែល​យើង​ប្រ​មូល​បាន​គឺ​មិន​សូវ​ធំ​ទេ​»។

លោក​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​បំណែក​អាលុយ​មីញ៉ូម​និង​ជ័រ​ សមត្ថ​កិច្ច​នៅ​មិន​ទាន់​ប្រមូល​បាន​អ្វី​ផ្សេង​ទៀត​ទេ​។ ប៉ុន្ដែ​នៅ​កំពុង​បន្ដ​ស៊ើប​អង្កេត​បន្ថែម​ទៀត​​។​

លោក ចាន់ កិត្យា នាយ​ប៉ុស្ដិ៍​ឃុំ​ស្រយង់ដែល​បាន​ចុះ​ប្រមូល​បំណែក​ទាំងនេះ​​ផ្ទាល់​បាន​​ឲ្យ​ដឹង​ថាការ​ធ្លាក់បំណែក​នេះ​ មិន​មាន​ប៉ះ​ពាល់​សុវត្ថិ​ភាព​​ពល​រដ្ឋ​​ទេ​។

លោក​ថា​៖«​ពេល​នេះ​យើង​រក​ឃើញ​បំណែក​ចំនួន​១៧ហើយ​។ ប៉ុន្ដែ​យើង​កំពុង​រុក​រក​បន្ដ​ទៀត​និង​ប្រមូល​ព័ត៌​មាន​ពី​ពល​រដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បន្ថែម​»។

បើ​តាម ​លោក​ កិត្យា បំណែក​នេះបាន​ធ្លាក់​រាយ​ប៉ាយ​នៅ​ច្រើន​កន្លែង​ក្នុង​ឃុំ​ស្រ​យង់​ដែល​មាន​ទំហំ​​ជាង១០​គី​ឡូ​ម៉ែត្រ​។

លោក​បាន​បញ្ជាក់​ថា​៖ «​បំណែក​ដែល​យើង​ប្រមូល​បាន​ជា​ប្រភេទ​ដែក​អាលុយ​មីញ៉ូម (ដែក​ដឺរ៉ា) ​ជា​ប្រភេទ​ដែក​ស្ដើង​ៗ និងជ័រ ​ហើយ​វា​ដូច​គ្នា​នឹង​បំណែក​ដែល​ផ្ទុះ​ កាល​ពីឆ្នាំ ​២០០៩ គឺ​មាន​សភាព​ដូចគ្នា​អ៊ីចឹង​ដែរ​»។

គួរ​បញ្ជាក់​ថា ហេតុ​ការណ៍​ដែល​សង្ស័យ​ថា​ផ្ទុះ​យន្ដ​ហោះ​ដ្រូន​​នេះ​ បាន​កើត​ឡើង​កាល​ពី​ម៉ោង​ជាង​៦​ព្រឹក​ថ្ងៃ​ទី ២៥ ​ខែ​តុលា​ឆ្នាំ​២ ០១៨​ ក្នុង​ភូមិ​សាស្ដ្រ​ ឃុំ​ស្រ​យង់ ស្រុក​គូលែន​ ខេត្ត​ព្រះ​វិហារ​។ រីឯ​កាល​ពី​ឆ្នាំ​២០០៩​ក៏មាន​​ករណី​ផ្ទុះ​ធ្លាក់​បំណែក​បែប​នេះ​ដែរក្នុង​ខេត្ដ​ព្រះ​វិហារតែ​មួយ​​​៕