ភ្នំពេញ: សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ករណីបុរសម្នាក់បានបាញ់សម្លាប់ភរិយារួចបាញ់សម្លាប់ខ្លួនតាមក្រោយកាលពីយប់ថ្ងៃទី ៣ ខែតុលា នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនោះ បើតាមការសន្និដ្ឋាន គឺជាការកើតឡើងដោយសារភ្លើងប្រចណ្ឌ។
លោក ឃុន ឡេង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី ២ បានឲ្យដឹងពីម្សិលមិញថា បុរសជាប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួលក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញជាមន្ត្រីនាយរងផ្នែកបច្ចេកទេស និងគិលានដ្ឋាននៃនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃបានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ១ គ្រាប់ ចំក្បាលចំហៀងខាងស្តាំ ធ្លាយទៅខាងឆ្វេង។
លោកបន្តថា ចំណែកជនរងគ្រោះជាភរិយា ឈ្មោះ កែវ ស្រីដា អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួលជាមួយគ្នាព្រមទាំងមានបងស្រី (ខាងប្ដី) ម្នាក់រស់នៅជាមួយដែរ។ ជនរងគ្រោះបានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ២ គ្រាប់ ដោយត្រូវចំដើមទ្រូងខាងស្តាំ ១ កន្លែង និងត្រូវចំក្រោមផ្ចិតធ្លាយមកកណ្តាលខ្នងចំនួន ១ កន្លែង។
លោក ឃុន ឡេង បញ្ជាក់ថា៖ «មន្ត្រីជំនាញយើងបានធ្វើកោសល្យវិច័យរួចរាល់ហើយគឺគ្មានរឿងអ្វីក្រៅពីរឿងប្ដីប្រពន្ធប្រចណ្ឌគ្នាទេ។ រឿងហ្នឹងគឺខាងប្រពន្ធគាត់ប្រចណ្ឌប្ដីគាត់ ពេលប្ដីត្រឡប់ពីធ្វើការវិញ គឺប្រពន្ធរករឿងថា ប្ដីគាត់ហ្នឹងមានស្រីខាងក្រៅ ក្រោយមកក៏ឈ្លោះប្រកែកគ្នា តែភ្លាមៗនោះបងស្រី (ខាងប្ដី) គាត់មកឃាត់ដែរ ហើយពួកគាត់មិនស្ដាប់ក៏ឈានដល់ការបាញ់គ្នាបែបនេះ»។
លោក ឡេង បន្ថែមថា ក្រោយកើតហេតុមានបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុរួមមាន អាវុធខ្លី ១ ដើម ម៉ាកឡុកចិន CF92 ពណ៌ខ្មៅ, បង់ ១, គ្រាប់ចំនួន ៥ គ្រាប់ និងសម្បកគ្រាប់ចំនួន ៣ ត្រូវបានមន្ត្រីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុក។
លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ ដោយទូរស័ព្ទលោកគ្មានអ្នកទទួលកាលពីម្សិលមិញ។
ចំណែកលោក នូ ទូច អធិការរងនគរបាលខណ្ឌមានជ័យទទួលបន្ទុកផែនព្រហ្មទណ្ឌបានថ្លែងថា លោកបានទទួលព័ត៌មាននេះដែរ ប៉ុន្ដែមិនបានចុះទៅស៊ើបអង្កេត ឬធ្វើកោសល្យវិច័យទេ ដោយបានបង្វែរសំណួរឲ្យសួរអ្នកផ្សេងទៀត។ លោកថា៖ «ខ្ញុំគ្រាន់ដឹងរឿងហ្នឹងតែខ្ញុំអត់បានចុះស៊ើបអង្កេតផងអ៊ីចឹងខ្ញុំមិនអាចនិយាយបានទេ»។
ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំង ២ នាក់កាលពីម្សិលមិញមិនអាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់បន្ថែមពីករណីនេះបានទេ។
ប៉ុន្តែតាម Fresh News ដែលបានដកស្រង់សម្ដីសាក្សីឈ្មោះ អ៊ុក សុផាន់ណា ភេទស្រី អាយុ ៤៥ ឆ្នាំត្រូវជាបងស្រីរបស់ឈ្មោះ អ៊ុក ម៉ារ៉ាឌី (ប្ដី) បានឲ្យដឹងថា កាលពីល្ងាចថ្ងៃកើតហេតុ អ្នកស្រីកំពុងដាំបាយនៅក្នុងផ្ទះកើតហេតុ ស្រាប់តែឃើញប្អូនប្រុសគាត់ឈ្មោះ អ៊ុកម៉ារ៉ាឌី ត្រឡប់មកផ្ទះ។ លុះមួយសន្ទុះក្រោយមក ក៏ឃើញប្រពន្ធឈ្មោះ កែវ ស្រីដា (ប្អូនថ្លៃ) ត្រឡប់មកផ្ទះតាមក្រោយដែរ។
អ្នកស្រីបន្តថា ពេលនោះអ្នកទាំង ២ បានឈ្លោះគ្នាដោយប្រពន្ធចោទប្តីថា មានស្រីខាងក្រៅហើយខណៈមានការជជែកគ្នា ឈ្មោះ អ៊ុក ម៉ារ៉ាឌី បានយកកាំភ្លើងខ្លី ១ ដើម មកអាម៉េគំរាមប្រពន្ធ។ ប៉ុន្ដែអ្នកស្រីបានស្ទុះចេញពីផ្ទះបាយចូលទៅឃាត់ឲ្យឈប់ឈ្លោះគ្នា។
បន្ទាប់មកអ្នកស្រីបានដើរត្រឡប់មកផ្ទះបាយវិញ ស្រាប់តែអ្នកទាំង ២ នាក់បានឈ្លោះគ្នាបន្តទៀត ហើយក៏ឮស្នូរកាំភ្លើងចំនួន ៣ គ្រាប់បន្តបន្ទាប់គ្នា។ ពេលនោះ អ្នកស្រីបានរត់ទៅមើល ស្រាប់តែឃើញឈ្មោះ អ៊ុក ម៉ារ៉ាឌី ដេកស្លាប់លើកម្រាលឥដ្ឋ ចំណែកឈ្មោះ កែវ ស្រីដា បានដេកស្លាប់លើកៅអីផ្ងារក្រោយ ក្បាលទល់នឹងឥដ្ឋនៅក្បែរគ្នានោះ។
បើតាមលោក ឃុន ឡេង សពឈ្មោះ អ៊ុក ម៉ារ៉ាឌី ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ភូមិពៅ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកសពប្រពន្ធប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕