
គ្រឿងញៀនជាច្រើនតោនត្រូវបានដុតបំផ្លាញនៅកោះពេជ្រ កាលពីឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញៈ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនកំពុងសហការស្រាវជ្រាវរកខ្សែបណ្តាញមេខ្លោងរត់ពន្ធគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ប្រទេសកម្ពុជា បន្ទាប់ពីមន្ត្រីគយហុងកុងបានឃាត់ខ្លួនជនសង្ស័យ ២ នាក់ដែលនាំគ្រឿងញៀនជាង ៥១ គីឡូចេញពីកម្ពុជាតាមផ្លូវទឹកទៅដល់កំពង់ផែហុងកុង នៅថ្ងៃទី ១៨ ខែកុម្ភៈ។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនបានឱ្យដឹងកាលពីម្សិលមិញថាមន្ត្រីគយហុងកុងចាប់បានជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ២ នាក់ និងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ចំនួនជាង ៥១ គីឡូក្រាម ដែលដឹកជញ្ជូនចេញពីប្រទេសកម្ពុជាតាមមធ្យោបាយផ្លូវទឹក។ ប៉ុន្តែលោកមិនទាន់ទទួលបានដំណឹង និងអត្តសញ្ញាណជនសង្ស័យទាំងនោះនៅឡើយទេ។
លោក ម៉ក់ ជីតូ បានថ្លែងថា៖ «ករណីចាប់ជាក់ស្តែងអ៊ីចឹង គេនឹងកាត់ទោសនៅទីនោះ តែយើងក៏ត្រូវតែសហការគ្នាស្រាវជ្រាវព័ត៌មានពីខាងហុងកុង តើអ្នកពាក់ព័ន្ធក្នុងករណីនោះមានពីណាខ្លះទៀត ដើម្បីស្រាវជ្រាវតាមចាប់។ បើពាក់ព័ន្ធដល់ឡាវយើងរុញឱ្យឡាវតាមចាប់បន្តទៀត អ៊ីចឹងទៅណាស់»។
បើតាមលោក ម៉ក់ ជីតូ ចំពោះករណីគ្រឿងញៀននេះហុងកុងកំពុងស្ថិតក្នុងការស្រាវជ្រាវនៅខាងចុងទីហេតុនេះ កម្ពុជាស្ថិតក្នុងការស្រាវជ្រាវកណ្តាលទីព្រោះគ្រឿងញៀននោះអាចត្រូវបានគេរត់ពន្ធឆ្លងកាត់កម្ពុជាដែលមានប្រភពពីតំបន់ត្រីកោណមាសដែលជាដើមទី។
លោកបានបញ្ជាក់ថា៖ «ឥឡូវនេះ យើងកំពុងសហការគ្នាជាមួយគយកម្ពុជា និងហុងកុងដើម្បីស្វែងរកប្រភពដែលនាំចេញគ្រឿងញៀននោះពីកម្ពុជា។
យើងក៏សហការជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធ ដើម្បីស្រាវជ្រាវប្រភពពីខាងគេមកវិញថា តើជនសង្ស័យដែលគេចាប់បាននោះឈ្មោះអីបណ្តាញយ៉ាងម៉េច អីយ៉ាងម៉េច ដើម្បីយើងស្រាវជ្រាវបង្ក្រាបរួមគ្នាទាំងសងខាងតែម្តង»។
លោក ជីតូ បានឱ្យដឹងថា ករណីរត់ពន្ធគ្រឿងញៀនបែបនេះ សមត្ថកិច្ចធ្លាប់ចាប់បានជាច្រើនដងក្នុងពេលកន្លងទៅដែលពីមុនភាគច្រើន ការរត់ពន្ធតែងធ្វើឡើងតាមផ្លូវគោក ប៉ុន្តែពេលនេះបែរជាធ្វើឡើងតាមផ្លូវទឹកទៅវិញ។
លោកបានបញ្ជាក់ទៀតថា៖ «ក្រោយពេលមានស្ថានភាពកូវីដ អ្នករត់ពន្ធបានដូរផ្លូវចរាចរណ៍ ដែលកាលពីមុនផ្លូវគោក ឥឡូវភាគច្រើនតាមផ្លូវទឹក ដែលមាន ២ ច្រក ទី១ តាមប្រទេសឡាវ ហើយឆ្លងកាត់កម្ពុជា និង ១ ទៀត តាមប្រទេសថៃ ហើយបានមកឆ្លងកាត់កម្ពុជា។ កន្លងមកយើងចាប់បានក្រុមខ្លះចំនួន ២០០ គីឡូអ៊ីចឹងទៅ ក្រុមខ្លះទៀត ១៨០ គីឡូទៅ ហើយមានខ្លះទៀតរហូតដល់ ១ ០០០ គីឡូជាងក៏មានក្នុងករណីដឹកជញ្ជូនតាមសមុទ្របែបនេះ»។
យ៉ាងណាក្ដី ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជាបានទេកាលពីម្សិលមិញដោយសារទូរស័ព្ទលោក គ្មានអ្នកទទួល។ ចំណែកលោក មាស វិរិទ្ធិ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចទាក់ទងបានទេ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពថ្លែងថាគ្រឿងញៀនជាបញ្ហាប្រឈមមួយធំសម្រាប់ប្រទេសកម្ពុជាខណៈកម្ពុជានៅតែជាប្រទេសដែលមានការរត់ពន្ធគ្រឿងញៀនឆ្លងកាត់។ ក៏ប៉ុន្តែលោក គិមអេង សង្ឃឹមថា អាជ្ញាធរនឹងមានការសហការល្អជាមួយបណ្តាប្រទេសជិតខាង ដើម្បីឱ្យការចាប់បង្ក្រាបករណីគ្រឿងញៀនឆ្លងកាត់ប្រទេស កាន់តែមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ខ្ញុំថាប្រហែលជាកិច្ចសហការ និងការចាត់វិធានការរវាងបណ្តាប្រទេសជិតខាងរបស់យើងហ្នឹង មិនទាន់បានល្អប្រសើរ ទើបនាំឱ្យគ្រឿងញៀនចេះតែឆ្លងកាត់ប្រទេសកម្ពុជាទៅកាន់ប្រទេសដទៃ។ បើបញ្ហានៅតែកើតអ៊ីចឹងរវាងកម្ពុជា និងប្រទេសជិតខាងគួរតែរកវិធីណា ដើម្បីបង្កើនកិច្ចសហការបន្ថែម។ ជាមួយគ្នានោះអាជ្ញាធរមានសមត្ថកិច្ចត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន»៕