ភ្នំពេញៈ សមត្ថកិច្ច​នៅ​កំពុង​បន្តធ្វើ​ការសាកសួរ​ជនសង្ស័យ ៣ នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី ៩ ខែ​ មេសា​ ឆ្នាំ ២០១៩ នៅ​ក្នុង​ខណ្ឌ​ច្បារ-អំពៅ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន ខណៈ​ដែល​លោក​ សៅ សុខា មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ចំពោះ​មន្ត្រី​ណា​ក៏ដោយ​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់។

លោក ម៉ក់ ជី​តូ អគ្គស្នងការរង​នគរបាលជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​ឈាន​ដល់​មាន​ការ​ឃាត់​ខ្លួន​ជន​ទាំង ៣ នាក់​នេះ គឺធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ករណី​គ្រឿង​ញៀន​នេះ​ក៏​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​បន្ត​ទៀត ដើម្បី​ស្វែងរក​មេ​ខ្លោង​នៅ​ពី​ក្រោយ​ខ្នង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ។ ប៉ុន្តែ​យ៉ាងណា​ក្តី​លោក​ជី​តូ​ថ្លែង​ថា ជន​សង្ស័យ​ទាំង ៣ នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ហើយ​លោក​មិន​អាច​បង្ហាញ​អត្តសញ្ញាណ​បាន​ទេ។

លោក​បន្តថា៖ «ជាប់​ពាក់ព័ន្ធ​មន្ត្រី​កង​រាជអាវុធ​ហត្ថឬ​នៅ គឺ​មិនទាន់​ច្បាស់លាស់​នៅ​ឡើ​យ​ទេ ព្រោះនេះជា​ព័ត៌មាន​ដែល​យើង​កំពុង​ស៊ើបអង្កេត​ទេហើ​យ​យើង​កំពុងធ្វើការ​បន្ត​ជាមួយ​ព្រះរាជអាជ្ញាកំពុង​សិក្សា​វាយ​​​តម្លៃ រក​មេខ្លោង»។

ចំពោះ​គ្រឿងញៀន​វិញ លោ​ក ម៉ក់ ជី​តូ ក៏​មិនអាច​បញ្ជាក់​បាន​​ដែរ​​ថា មាន​ចំនួន​ប៉ុន្មាន ដោយ​គ្រាន់តែ​ប្រាប់​​យ៉ាងខ្លី​ថា ការ​ងារ​​នេះ គឺ​ស្ថិតក្នុង​ការសម្ងាត់ ដោយ​រង់ចាំ​ការ​ស៊ើប​អង្កេត​ចប់ ទើប​អាច​ប្រាប់​បាន ចៀសវាង​ការផ្សាយ​ព័ត៌មាន​ទៅធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ។

ប៉ុន្តែ​បើ​យោង​តាម​ការ​ចុះ​ផ្សា​យ​នៅតាម​បណ្តាសា​រព័ត៌មាន​ក្នុង​ស្រុក​មួយចំនួនបាន​ឲ្យ​ដឹងថា ការ​ឃាត់​ខ្លួន​នេះបានធ្វើ​ឡើង នៅ​យប់​ថ្ងៃទី​ ៩ ខែ មេសា ស្ថិត​ក្នុង​​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយ​ឈាន​ទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ ៣ នា​ក់ ដែលមាន​ឈ្មោះ ហោ រ៉ា​ពិ​ណា​ត ជា​នាយរង​ការិយាល័យ​ហិរញ្ញ​​វត្ថុនៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ចំណែក ​២ ​នាក់​ទៀត មិនទាន់​ស្គាល់​អត្តសញ្ញាណ។

ទោះ​យ៉ាង​ណាលោក មាស វី​រិ​ទ្ធិ អគ្គលេខាធិការ​អាជ្ញាធ​រ​ជា​តិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនបា​​ន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោកទទួលបាន​ដំណឹង​ពី​ការឃាត់ខ្លួន​ជន សង្ស័យ ៣ នា​ក់​នេះដែរដែល​ព័ត៌មាន​ទទួ​ល​បា​ន​គឺ​ពួកគេជា​មន្ត្រី​កង​រាជ​អាវុធហត្ថ តែ​នៅ​មិនទាន់​ច្បាស់​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ថ្នាក់​ណា​នៅ​ឡើយ​ទេ។

លោក មាស វិ​រិ​ទ្ធិ​ បន្តថា ចំពោះ​​វត្ថុតាងដែលជា​គ្រឿងញៀន ត្រូវបាន​ចាប់​នៅ​ហ្នឹង​កន្លែង ក៏​មិនទាន់​ច្បាស់​​​ថា មាន​ចំនួន​ប៉ុន្មាន​ដែរ ព្រោះ​ករណីនេះ អាច​រកឃើញ​បន្តបន្ទាប់​ទៀត។

លោក​បញ្ជាក់ថា៖ «ជា​មន្ត្រី​អាវុធហត្ថ​មែន តែ​មិនទាន់​ច្បាស់​ថា នៅ​កម្រិតណា​នៅឡើយ​ទេ ព្រោះ​កំពុង​ឆែក​មើល ហើយ​ពួកគាត់កំពុង​ឃាត់ខ្លួន​បណ្តោះ​​​អាសន្ននៅ​មន្ទីរ​ប្រឆាំ​ង​​គ្រឿង​ញៀន​ភ្នំពេញ ដើម្បី​សួរចម្លើយ​បន្ថែម រក​អ្នក​រួមគំនិត។ តាម​នីតិវិធី​នេះ គឺ​ក្នុងអំឡុងពេល ​៧២​ ម៉ោង ទើប​យើង​បញ្ជូ​ន​បន្តទៅ​តុលាការ»។

ចំណែកលោក សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេ​សក៏​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​​ដែរ​ថា លោក​មិន​អាច​ស្គាល់​បុគ្គល​គ្រប់​រូបក្នុង​ស្ថាប័ន​របស់​លោក​អស់​ទេ តែលោក​គាំទ្រ​ចំពោះ​វិធានការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នេះ។

លោក​បញ្ជា​ក់​​​ថា បើរក​ឃើញ​ថា មន្ត្រី​ណាជា​ប់​ពាក់​ព័ន្ធនឹង​បទ​ល្មើស​គ្រឿង​ញៀន លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹុងលើបុគ្គល​រូប​នោះ ទោះ​មាន​ឋានៈ​អ្វី​ក៏ដោយ ហើយ​មិន​ត្រូវ​យល់​យោគ​នោះ​ឡើយ។

លោក​ថ្លែង​ទៀត​ថា​៖ «មិន​បា​ច់​ទៅ​ខ្វល់​ច្រើនអ្នក​ណា​នាយកា​រិយា​​​ល័យ ឬ​មិន​នាយ​ការិយាល័​យ ស័ក្ដិប៉ុន្មាន​ក៏ដោយ ឲ្យ​តែ​មាន​បទ​ល្មើស គឺ​ត្រូវ​ធ្វើ​តាម​ច្បាប់​ទៅ ព្រោះ​នេះគឺជា​រឿង​បុគ្គល​របស់​ពួក​គេដែល​បាន​ទៅ​ប្រព្រឹត្ត​អំពើ​បែប​ហ្នឹង ​ហើយ​ខ្ញុំ​ស្អប់ ចំពោះ​បទ​ល្មើស​គ្រឿង​ញៀន​ហ្នឹង​ណាស់ ស្អប់​ទាំង​អ្នក​ជក់ និង​អ្នក​ជួញ​ដូរ។ ខ្ញុំ​បាន​ណែនាំ​រា​ប់មិន​អស់​ទេ អ៊ីចឹង​បើមា​នភ័ស្តុតា​ង ឃើញ​អាណា ដាក់​អាហ្នឹង​ទៅ ជាប់​គុក​ឲ្យ​ស្រឡះ​សាធុ​ទៅ»។

កាលពី​ចុងខែ​កុម្ភៈថ្មីៗនេះ ក៏​មាន​ការបើក​ប្រតិ​បត្តិការ​រឹបអូស​គ្រឿងញៀន​ជិត ៥០ គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក នឹង​ឈាន​ដល់​ឃាត់ខ្លួន​លោក គិត ធាង ដែលជា​អ្នក​ទទួលខុសត្រូវ​ទីតាំង​កម្សាន្ត​​ និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀតហើយ​ក្នុង​សំណុំ​រឿង​នេះ លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ក៏​​បាន​ចេញ​បញ្ជា​ឲ្យ​​​តាម​ចាប់​ខ្លួន​មន្ត្រី​ប៉ូលិស​ម្នាក់​​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​គ្រឿង​​ញៀន​នេះ​ផងដែរ។

លោក យ៉ង់ គឹម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព យល់ថា ការ​ដែលមាន​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​មួយ​ចំនួន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ដូច្នេះ ព្រោះតែ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជាមាន​ភាពខ្វះ​ចន្លោះ ដែ​ល​ងាយ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​សកម្មភាព​ល្មើស ហើយ​ភាគ​ច្រើន​នៃ​ពួកគេគ្មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​គ្រឿង​ញៀន​​នោះ​ទេ​គឺ​គិត​តែ​ផល​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ។

លោក​បន្តថា នៅ​​ពេល​នេះ ដល់​ពេល​ហើយដែល​អាជ្ញាធរ ​ត្រូវ​បោស​សម្អាតមន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន កុំ​ឲ្យ​ទទួលរង​នូវ​ការរិះ​គន់​ជាច្រើន​បន្ត​ទៀត​ពី​សំណាក់​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់​ថា៖ «មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ហ្នឹង កាលណា​មាន​ជាប់​ពាក់​​ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​អ៊ីចឹ​ង ត្រូវតែ​ដាក់​ទោស​ឲ្យ​បាន​ធ្ងន់​ធ្ងរ ហើយ​ទ្វេដង​ តាមច្បាប់​កំណត់ ដោយ​មិនត្រូវ​មាន ការ លើកលែង​ទេ ព្រោះនេះ​ជា​រឿង​មួយ​ដែល​សំខាន់កុំ​ឲ្យ​មន្ត្រី​ទាំងនោះទៅ​សមគំនិត​រកស៊ី​ជាមួយ​អ្នក​ខុសច្បាប់​ទៀត។ ទន្ទឹមគ្នា​នេះ ជាមួយនឹង​ការបង្ក្រា​ប​ទៅលើ​ឈ្មួញ​គ្រឿង​ញៀ​នធំៗ​នេះ​ ត្រូវតែ​មាន​វិធានការ​ហ្មត់​ចត់ ជាពិសេស​ពិនិត្យ​លើ​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​នេះ ដោយ​ត្រូវ​លាង​សម្អាត​មន្ត្រី​របស់ខ្លួន​ហ្នឹងឲ្យ​បានល្អ​ប្រសើរ កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ទើប​ទទួលបាន​ជោគជ័យ»៕