ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​សុំ​ពន្យារពេល​បញ្ជូន​បុរស​ចិន​ ១១ ​នាក់​ ទៅ​តុលាការ​ដោយសារ​ត្រូវ​ស៊ើបអង្កេត​បន្ថែម បន្ទាប់​ឃាត់ខ្លួន​ពីថ្ងៃ​ ១៧ ​កក្កដា​ នៅផ្ទះ​លេខ​ ៣២២ ​ផ្លូវ​ ៩៥៦ ​ភូមិ​តាងូវ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ករណី​ជំរិត​ទារប្រាក់​បុរស​ជនជាតិ​ចិន​ដូចគ្នា​ម្នាក់ ខណៈ​ការឃុំខ្លួន​ត្រូវ​បញ្ចប់​នីតិវិធី​ត្រឹម​ថ្ងៃ​ម្សិលមិញ​។

លោក​ មុំ ចេក នាយការិយាល័យ​នីតិវិធី​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ករណី​ជនជាតិ​ចិន​ ១១ ​នាក់​នោះ​សមត្ថកិច្ច​លោក​បាន​សួរ​ចប់​អស់​ហើយ​។ ​ក៏​ប៉ុន្តែ​ដោយសារ​សង្ស័យ​ថា​​អាច​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ផ្សេងទៀត​ទើប​លោក​ស្នើសុំ​គោលការណ៍​ទៅ​ថ្នាក់លើ និង​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ឃុំ​ពួកគេ​ទុក​ ២៤ ​ម៉ោង​ទៀត​សិន​។

លោក​បន្តថា តាម​នីតិវិធី​ការឃុំខ្លួន​នោះ​គឺ​ផុត​កំណត់​ថ្ងៃទី​ ១៩ ​កក្កដា ប៉ុន្តែ​ដោយសារ​សមត្ថកិច្ច​នៅ​សង្ស័យ​ទើប​សុំ​ពន្យារពេល​បញ្ជូនទៅ​តុលាការ​។

លោក​ថា​៖ «​តាម​នីតិវិធី​គឺ​ពួកគេ​ត្រូវ​ដល់​ថ្ងៃ​កំណត់​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ ប៉ុន្តែ​ដោយសារ​បទឧក្រិដ្ឋ​អ៊ីចឹង​យើង​ស៊ើប​មិនទាន់​បាន​ជុំ​នៅឡើយ ក៏​ស្នើសុំ​ទៅ​តុលាការ​ដើម្បី​ពន្យារ​ការឃុំខ្លួន​ ២៤ ​ម៉ោង​ទៀត​»​។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ លោក ហែម បូណា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ដែរ​ថា មុនពេល​បង្ក្រាប​គឺ​ខាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ទទួល​ពាក្យបណ្តឹង​ពី​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​មិត្តភក្ដិ​ជនរងគ្រោះ​រឿង​ចាប់ជំរិត​ជន​ជាតិចិន​ដូចគ្នា នៅ​ក្នុង​ផ្ទះ​លេខ​ ៣២២ ​ផ្លូវ​ ៩៥៦ ​ភូមិ​តាងូវ​ ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​​រាជធានី​ភ្នំពេញ​។

លោក​បន្តថា បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ ឧត្ដមសេនីយ៍ត្រី​ ជាវ ​វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដោយ​មាន​ការសម្របសម្រួល​ផ្នែក​ផ្លូវច្បាប់​ពី​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ចុះបង្ក្រាប​ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​ ១៧ ​ខែ​កក្កដា ​ក្នុង​ភូមិ-សង្កាត់​ខាង​លើ​។

លោក​ថា ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ១១ ​នាក់​សុទ្ធ​តែ​មនុស្ស​ប្រុស​ និង​រំដោះ​ជនរងគ្រោះ​ជា​ជនជាតិចិន​ម្នាក់​ដែល​ក្រុម​ជនសង្ស័យ​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ចំនួន​ ១០ ​ម៉ឺន​យន់​។

លោក​ឲ្យ​ដឹង​តាម​សម្តី​ជនរងគ្រោះ​ថា មុន​កើតហេតុ​គឺ​បុរសរងគ្រោះ​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​រក​ការងារ​ធ្វើ​។ គាប់​ជួន​ពេល​ឆែក​មើល​នៅតាម​អនឡាញ​ក៏​ឃើញ​ក្រុម​ជនសង្ស័យ​ប្រកាស​រក​បុគ្គលិក​ធ្វើការ​នៅ​​កម្ពុជា​។ ​ពេល​នោះ​បុរសរងគ្រោះ​បាន​ទាក់ទង​តាម​អាសយដ្ឋាន​ក្នុង​អនឡាញ​នោះ​ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ជនសង្ស័យ​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ក៏ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​ដាក់​ខ្នោះ ហើយ​បង្ខំ​ឲ្យ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​នៅ​ប្រទេស​ចិន​ឲ្យ​ផ្ញើ​លុយ​មក​លោះ​។ ​តែ​ត្រូវ​ក្រុមគ្រួសារ​ជនរងគ្រោះ​ពឹង​មិត្តភក្ដិ​របស់​កូន​គាត់ ឲ្យ​មក​​ប្តឹង​សមត្ថកិច្ច​នៅ​ក្រសួង​មហាផ្ទៃ​ទើប​ឈានដល់​ការបង្ក្រាប​នេះ​។

លោក​បាន​បញ្ជាក់ថា ពេល​សមត្ថកិច្ច​ចូល​ទៅ​រំដោះ​នៅផ្ទះ​កើតហេតុ​នោះ​លោក​បាន​ឃើញ​ដៃ​របស់​ជនរងគ្រោះ​ជាប់​ខ្នោះ តែ​នៅលើ​ខ្លួនប្រាណ​មិនមាន​ស្លាកស្នាម​អី​ទេ​តែ​គាត់​ភ័យ​តក់ស្លុត​ខ្លាំង និង​ញ័រ​ខ្លួន​។ មុនដំបូង​ជនរងគ្រោះ​គិតថា សមត្ថកិច្ច​ជា​ក្រុម​តែមួយ​របស់​ជនសង្ស័យ​។ ប៉ុន្តែ​លុះ​មាន​​សមាគម​ជនជាតិ​ចិន​ប្រចាំ​កម្ពុជា​ជួយ​សម្របសម្រួល​ទើប​ជនរងគ្រោះ​ដឹង និង​មាន​សភាព​ប្រក្រតី​ឡើងវិញ​។

លោក​ថា​៖ «​ពេលនេះ​គាត់​មាន​អារម្មណ៍​និយាយ​ទូរស័ព្ទ​បាន​ធម្មតា និង​មាន​អារម្មណ៍​ល្អ​ឡើងវិញ​ហើយ​»៕