ភ្នំពេញៈ ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ​និង​មន្ត្រី​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​បាន​និង​កំពុង​ស៊ើបអង្កេតរក​មេខ្លោង​ និង​អ្នក​ពាក់ព័ន្ធ​ដែល​នាំ​គ្រឿងញៀន​ចូល​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដែល​បាន​បិទ​ជាផ្លូវការ​កាលពី​ថ្ងៃទី​​ ២៣​ ខែកុម្ភៈ​ បន្ទាប់ពី​សមត្ថកិច្ច​ បង្រ្កាប​អ្នកប្រើប្រាស់ ​និង​អ្នក​ចែកចាយ​ជាង ៣០០ នាក់​ ព្រមទាំង​ រឹបអូស​បាន​គ្រឿងញៀន​យ៉ាង​ហោច ៥០ គីឡូក្រាម​ មុន​ថ្ងៃ​បិទ ១ ថ្ងៃ។

លោក​ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ​និងជា​អគ្គលេខា​ធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា​​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ ​និង​មន្ត្រី​សាលា​ដំបូង​រាជធានី​បាន​និង​កំពុង​ស៊ើប​អង្កេតរក​មេខ្លោង ​និង​អ្នក​ពាក់​ព័ន្ធ​ដែល​បាន​ផ្គត់​ផ្គង់​និង​ចែកចាយ​គ្រឿង​ញៀន ​នៅក្នុង​មជ្ឈមណ្ឌល​រ៉ុក ​បន្ទាប់ពី​អាជ្ញាធរ​បានសម្រុក​ចូល​ទៅ​បង្ក្រាប​និង​ចាប់ខ្លួន​អ្នកជួញដូរនិងអ្នក​សេព​គ្រឿង​ញៀន ​ជាង ៣០០ នាក់ ​និង​រឹបអូស​គ្រឿង​ញៀន​ដល់​ទៅ​ជាង ៥០​ គីឡូក្រាម​កាលពី​យប់​ថ្ងៃ​ទី ២២​ ខែ​កុម្ភៈ។

លោក​បញ្ជាក់ថា​៖ «យើង​កំពុង​​ស្រាវជ្រាវ​រក​មេខ្លោង។ ​យើង​កំពុង​សួរចម្លើយ​ ស្រា​វជ្រាវ​ និង​ស៊ើបអង្កេត។ យើង​ត្រូវ​រក ដោយសារតែ​មាន​នាំ​ថ្នាំញៀន​ចូល​ដែលមាន​អ្នក​ផ្គត់​ផ្គង់​ និង​ម្ចាស់​ថ្នាំ»។

លោកបានបន្ថែម​ថា ​កម្លាំង​​សមត្ថកិច្ច​បាន​និង​កំពុង​សិក្សា​បន្ថែមថា​តើ​មាន​ការជាប់​ពាក់​ព័ន្ធនឹង​ម្ចាស់​ទីតាំង​ដែរ​ឬ ​ដោយសារតែ​ ម្ចាស់​ទីតាំង​បាន​ជួល​ទីតាំង​ទៅ​ឲ្យ​ម្ចាស់​អា​ជី​កម្ម​ផ្សេង​មួយទៀត​ ហើយ​អ្នក​ដែល​ទទួល​ខុសត្រូវ​ខ្លាំង​គឺ​ម្ចាស់​អាជីកម្ម។

លោក​បន្តថា ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ ចំណែក​ អ្នក​ប្រើប្រាស់ ​នឹង​ត្រូវ​​បញ្ជូនទៅ​មជ្ឈមណ្ឌល​អប់រំ​កែ​ប្រែ​ព្យាបាល ​ហើយ​ចំពោះ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​នឹងត្រូវ​ធ្វើការអប់រំ ​និង​កិច្ចសន្យាថា​នឹងមិន​ពាក់ព័ន្ធ​គ្រឿងញៀន​ដោយ​មាន​អ្នក​ធានា។

លោក ​ម៉េត មាស​ភក្តី ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ អាជ្ញាធរ​​សាលា​រាជធានី ​បាន​សម្រេច​​បិទ​​អាជីវកម្ម​មជ្ឈមណ្ឌល​ក​ម្សា​ន្ត​​រ៉ុក​ជា​ផ្លូវការ​ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ស្រាវជ្រាវរក​ប្រភព​ នៃ​ការ​នាំចូល​គ្រឿង​ញៀន​និង​ក្រុម​ជនល្មើស​ហើយ​ថា​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​បានធ្វើ​ការអប់រំ​ ណែនាំ​និង​ដាក់​ពិន័យ​​ដែល​ឈាន​ទៅដល់​ការបិទ​រហូត​ និង​លែង​ឲ្យ​បើក​ទៀត​ហើយ។

លោក​បញ្ជាក់​ថា​៖ «យើង​សម្រេច​បិទ​ដូច​ក្នុង​ខ្លឹមសារ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ ក្រោយ​​យើង​សហ​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​រហូតដល់​មាន​ជាង៣០០នាក់ ​និង​រឹបអូស​គ្រឿង​ញៀន​មួយចំនួន។ ​ រដ្ឋបាល​​​​​យើង​សម្រេច​បិទ ​លើក​នេះ​យើង​សម្រេច​បិទ​ លែង​ឲ្យ​បើក​ទៀត​ហើយ»។

លោក​បន្ថែមថា​ ទាក់ទង​នីតិវិធី​ស្រាវជ្រាវ ​ឬ​ការងារ​ផ្សេងៗ​ទៀត ​គឺជា​សមត្ថកិច្ច​របស់​ប៉ូលិស​ និង​តុលាការ។

បើតាម​សេចក្តីប្រកាស​ព័ត៌​​មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដែល​ចេញ​នៅ​ព្រលប់​ថ្ងៃទី ២៣ ​ខែកុម្ភៈ បាន​សរសេរ​ថា​៖ «ចំពោះមុខ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​សម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ​ហើយ​ផ្តល់​លទ្ធភាព​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ​និង​តុលាការ​ដើម្បី​បន្ត​នីតិវិធី ​ស្រាវជ្រាវ ​ឈានទៅ​កំណត់​ប្រភព​នៃ​ការ​នាំចូល​គ្រឿងញៀន ​និង​ក្រុម​ជន​ល្មើស​ នាំ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់»។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា​ ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ ពី​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី ​ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ ២០១៩ ​វេលា​ម៉ោង ១​ និង ៤០ នាទី​ទៀប​ភ្លឺ ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក មាន​ទីតាំង ​ស្ថិតនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣១១ នាក់​ ដែល​ក្នុងនោះ​មាន​ជនជាតិ​ចិន ១៤ នាក់ ​ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​ ៣៩​ គីឡូក្រាម ​និង​សារធាតុ​ញៀន​ជា​ទឹក ៩​ គីឡូ​ ២ ខាំ ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ ១២ ​និង​កាំភ្លើង​ខ្លី​ ១ ដើម។

ក្រុមយុវជននិងយុវនារីដែលត្រូវបានឃាត់ខ្លួនសង្ស័យប្រើគ្រឿងញៀនពេលបង្ក្រាបនៅមជ្ឈមណ្ឌលរ៉ុក ថ្ងៃទី ២២ កុម្ភៈ។ ហ្វេសប៊ុក ស ថេត

យុវតី​ ឈ្មោះ​យ៉ា ​អាយុ​ ១៨ ឆ្នាំ ​បានថ្លែងថា​ មិត្តភក្តិ​របស់​នាង​មាន​ ៥ នាក់ ​ត្រូវបាន​ប៉ូលិស ​ចាប់​នៅ​មជ្ឈមណ្ឌល​រ៉ុក​ ហើយ​ក្នុង​ចំណោម​ ៥ នាក់​មាន ​៣ នាក់​ដែលប៉ូលិស​រក​ឃើញ​ថា ​មាន​ប្រើប្រាស់​គ្រឿង​ញៀន​ចំណែក​ ២ នាក់​ទៀត ​មិនបាន​ប្រើទេ​គ្រាន់តែ​ទៅ​លេង។ កញ្ញា​បន្ថែមថា ​ពួកគេ​ប្រើប្រាស់​គ្រឿងញៀន​ដោយសារ​តែ​មិត្តភក្តិ​អូសទាញ ​ហើយ​​ពេល​យប់​កើតហេតុ​ ពួកគេ ​នៅ​ផ្ទះ​ តែ​ពួកម៉ាក​ទាក់ទង​ឲ្យ​មក​លេង​ជាមួយ។

កញ្ញា​និយាយថា​៖ «ខ្ញុំមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​នៅ​ពេល​ដែល​គាត់​បានទាក់ទង​មក​ខ្ញុំ​ហើយ​ ប្រាប់​ខ្ញុំថា ​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ គាត់​មិន​បាន​ពាក់ព័ន្ធ​នឹង​ការចែកចាយ​គ្រឿងញៀន​ទេ​ គាត់​គ្រាន់​តែ​ប្រើប្រាស់»។

កញ្ញាបានបន្ត​ថា​៖ «ខ្ញុំ​សង្ឃឹម​​ថា​ ប៉ូលិស​​នឹង​ឆាប់​ដោះ​ពួកគេ​ដោយសារតែ​ម្តាយ​ និង​សាច់​​ញាតិ​របស់​ពួក​គេ​ព្រួយបារម្ភ​ជា​ខ្លាំង»។

យុវតីឈ្មោះ​ដានី ​អាយុ ​២២ ឆ្នាំ ​ឲ្យដឹងថា​ បង​ប្រុស​របស់​នាង​ត្រូវ​បានគេ​ចាប់​ហើយ​ត្រូវបាន​ប៉ូលិស​រក​មិនឃើញថា​ គាត់​បាន​ប្រើប្រាស់​គ្រឿង​ញៀន​នោះទេ ​ហើយថា​នាង​មាន​ការ​តក់ស្លុត ពេលដែល​ដឹង​ថា​បង​របស់​នាង​ ត្រូវបាន​គេ​ចាប់ខ្លួន​ វា​ជា​រឿង​អយុតិធម៌​សម្រាប់​គាត់។

កញ្ញា​ថ្លែងថា​៖ «ខ្ញុំ​រន្ធត់​ជា​ខ្លាំង​ពេល​ដឹង​ថា​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ គាត់​ជាមនុស្ស​ស្ងប់ស្ងាត់ ​ហើយ ​សុភាព។​ ខ្ញុំ​សង្ឃឹម​​ថា​ប៉ូលិស​នឹង​លែង​គាត់​ភ្លាម​ ដោយសារ​គាត់​មិនដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​នោះ​ទេ»។​

បុរស​ម្នាក់​ឈ្មោះ​ទូច ​អាយុ​ ៤៥ ឆ្នាំ ​បានថ្លែង​ទាំង​ទឹកភ្នែក​ពេល​ឃើញ​កូន​របស់​គាត់​ត្រូវបាន​ជាប់​ខ្នោះ ​និងថា​ កូន​គាត់​មិន​ដែលបាន​ធ្វើ​កំហុស​អ្វី​ធំ​នោះទេ បើ​ទោះបីជា​កូន​របស់​គាត់ ​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក៏ដោយ។

បុរសរូបនោះនិយាយថា​៖ «​ទោះ​បីជា​គេ​ប្រើប្រាស់​គ្រឿង​ញៀន​តែ​គេ​មិនដែល​បង្ក​រឿង​ធំដុំ​សម្រាប់​គ្រួសារ​នៅ​ឡើយ​ទេ។ យើង​គ្មាន​លុយ​ដើម្បី​បញ្ជូន​វាទៅ​មណ្ឌល​អប់រំ​កែប្រែ​នោះ​ទេ។ យើង​ជា​ឪពុក​ម្តាយ​មិន​ចង់​ឃើញ​កូន​ស្ថិត​ក្នុង​សភាព​បែប​នេះ»។

លោក​ស ថេត ​ស្នងការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ឲ្យដឹងថា​ការធ្វើ​តេស្ត​ទឹក​នោម​រកសារ​ធាតុ​ញៀន​ និង​ធ្វើកំណត់​ហេតុ​ទៅ​លើ​យុវជន​យុវនារី​ជាង​ ៣០០ នាក់ ​កំពុង​តែ​ដំណើរការ​នៅ​ស្ន​ងកា​រដ្ឋាន​នគរបា​ល​រាជ​ធានី​ភ្នំពេញ ​ហើយ​ភាគ​ច្រើន ​សុទ្ធតែ​រកឃើញ​មាន​សារ​ធាតុ​ញៀន​នៅ​ក្នុង​ខ្លួន។ សមត្ថកិច្ច​ជំនាញ ​កំពុង​មមាញឹក​បំពេញ​ការងារ​នេះ​ ហើយ​សន្និសីទ​កាសែត ​នឹង​ធ្វើ​នៅ​ពេល​ការងារ​បញ្ចប់៕​