ភ្នំពេញ៖ អាជ្ញាធរ​ក្រុង​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការន​គរបាល​ខណ្ឌ​ទួលគោក ដើម្បី​ស្រាវជ្រាវ​រក​ជនល្មើស ដែល​លួច​ចូល​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក ក្នុង​អំឡុង​ពេល​ម្ចាស់​ផ្ទះ​កំពុង​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ។

ចំណាត់​ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ម្ចាស់​ផ្ទះ​ឈ្មោះ Makara Mom ដែល​ជា​អ្នក​លក់​ឡេ​អនឡាញ បាន​ធ្វើ​ការ​ឡាយ​ផ្ទាល់ កាល​ពី​យប់​ថ្ងៃទី ១១ ឧសភា​ថា មាន​ចោរ​បាន​ចូល​គាស់​ផ្ទះ អំឡុង​ពេល​រូប​គាត់​ និង​ក្រុម​គ្រួសារ​កំពុង​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ នៅ​មជ្ឈមណ្ឌល​ម៉ូឌែន ២ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

អ្នកស្រី​ថា៖ «សូម​ជួយ​ខ្ញុំ​ផង ចោរ​ចូល​គាស់​ផ្ទះ​អស់ ឥឡូវ​នេះ​ខ្ញុំ​មក​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​មួយ​គ្រួសារ និយាយ​ទៅ​ខណ្ឌ​ខ្ញុំ​អត់​មាន​ប៉ូលិស​ទៅ​យាម​ផ្ទះ​ទេ ដឹង​តែ​ផ្ទះ​ខ្ញុំ​រកស៊ី​ហើយ ឥឡូវ​នេះ​អ្នក​ណា​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ឱ្យ​ខ្ញុំ​មក​ធ្វើ​ចត្តាឡីស័ក​មួយ​គ្រួសារ ៧ នាក់»។

អ្នកស្រី​បន្ត​ថា៖ «ឥឡូវ​ចោរ​គាស់​ផ្ទះ​ខ្ញុំ យក​ទូដែក​ទៅ​បាត់​ហើយ ក្នុង​នោះ​លុយ​សុទ្ធ​ជាង ១០ ម៉ឺន​ដុល្លារ លុយ​នៅ​សន្សំ​ក្នុង​កូន​ជ្រូក​ជាង ២ ម៉ឺន​ដុល្លារ ​នៅ​មាន​ប្លង់ផ្ទះ ប្លង់​ដី​ទាំង​អស់ និង​គ្រឿង​ពេជ្រ សរុប​ទាំង​អស់​ខ្ទង់ ៥០ ម៉ឺនដុល្លារ លុយ​ទាំង​នេះ ខ្ញុំ​អត់​ផ្ញើ​នៅ​ធនាគារ​ទេ ព្រោះ​ជា​លុយ​ទុក​សម្រាប់​បង្វិល​ដើម​រកស៊ី»។

អ្នកស្រី​បាន​ស្នើ​យ៉ាង​ទទូច​ដល់​សមត្ថកិច្ច​ខណ្ឌ និង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ជួយ​ស្វែងរក​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌។

លោក គឹម កូលីដូ នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹងសាឡាង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ត៍​ថា សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ទីតាំង​កើត​ហេតុ​ស្ថិត​នៅ​សង្កាត់​បឹងសាឡាង ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត។

លោក​ថា៖ «ពេល​ចុះ​ដល់​ទីតាំង​យើង​មិន​ទាន់​ចូល​​ផ្ទះ​នោះ​ភ្លាម​ទេ រង់ចាំ ខាង​ការិយាល័យ​កម្រិតស្រាល សហការ​ជាមួយ​កម្លាំង​ខណ្ឌ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យ​ហើយ។ ក្រោយ​មក​នៅ​ថ្ងៃ​ទី ១២ ឧសភា យើង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​អាវ​ពេទ្យ​ចូល​ទៅ​ផ្ទះ​នោះ​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ទី១ ឆែក កាមេរ៉ា តែ​កាមេរ៉ា ត្រូវ​បាន​ផ្តាច់​អស់​ហើយ»។

យ៉ាង​ណា​ក៏​ដោយ​លោក​បាន​គូស​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រឿង​នេះ​បន្ថែម​ទៀត ហើយ​ពុំ​ទាន់​មាន​តម្រុយ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​សាកសួរ​ម្ចាស់​ផ្ទះ​បន្ថែម​ទៀត បន្ទាប់​ពី​គាត់​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក។

លោក​ថ្លែង​ថា៖ «តាម​របាយការណ៍​បឋម ហេតុការណ៍​នេះ​កើត​ឡើង​ថ្ងៃទី ១០ ឧសភា ព្រោះ​ថ្ងៃទី ១០ ពលរដ្ឋ​នៅ​ក្បែរ​នោះ ឃើញ​ទ្វារ​ចំហ​នៅ​ចន្លោះ​ម៉ោង ៥ ទៅ ៦ ល្ងាច»។

លោក សាន សុខសីហា អ្នក​នាំាពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា សមត្ថកិច្ច​ក្រុង​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក លើ​ការងារ​នេះ។

លោក​ថា៖ «ខ្ញុំ​អត់​ទាន់​បញ្ជាក់​អ្វី​បន្ថែម​លើស​ពី​នេះ​ទេ ដោយសារ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្វះស្វែង​ធ្វើ​ការងារ​នេះ និង​រង់ចាំ​ជួប​ម្ចាស់​ផ្ទាល់​ ដើម្បី​បំភ្លឺ​ជាក់​ស្តែង រក​តម្រុយ​អី​បន្ថែម​ទៀត ដើម្បី​អាច​ឱ្យ​យើង​ឈាន​ទៅ​រក​ការ​ស្រាវជ្រាវ​បន្ថែម»។

លោក​ថ្លែង​ថា៖ «យើង​យល់​ថា ទីតាំង​នោះ​ជា​តំបន់​ហាម​ឃាត់ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា សមត្ថកិច្ច​មិន​យាម​ទេ យើង​ដាក់​កម្លាំង​យាម និង​កម្លាំង​ចល័ត​ទៀត​ផង ប៉ុន្តែ​យើង​ដឹង​ស្រាប់​ហើយ​ជនល្មើស ជន​សង្ស័យ​មួយ​ចំនួន​ដែល​គាត់​មាន​គម្រោង​គាត់​មាន​វិធីសាស្រ្ត​អី​ខ្លះ អីចឹង​ពួក​ក្រុម​ខូច​ចេះ​តែ​មាន​ជំនាញ មាន​វិធីសាស្រ្ត​របស់​វា»៕