មណ្ឌលគិរីៈ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យក្នុងបទល្មើសលួចធ្វើអាជីវកម្មរ៉ែមាសដែលបង្កឲ្យមានជនរងគ្រោះជាកម្មករម្នាក់ស្លាប់ក្នុងរណ្ដៅរ៉ែមាស ១ កន្លែងនៅក្នុងភូមិសាស្ត្រភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាកាលពីព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ។
លោក ហួរ តារា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថា កាលពី ១ សប្ដាហ៍មុនមានពលរដ្ឋ ១ ក្រុមមកពីខេត្តក្រចេះបានមកទាក់ទងជាមួយបុរសម្នាក់ឈ្មោះ ឌឹម វណ្ណដា មានលំនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីលួចធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់ក្នុងតំបន់នោះ។ ប៉ុន្តែនៅម៉ោង ១០:៣០ នាទីព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ក្រុមអ្នកភូមិបានឃើញឈ្មោះ ឌឹម វណ្ណដា និងជនចំណាកស្រុក ៤ នាក់ទៀតបាននាំគ្នាចាកចេញពីទីតាំងរណ្ដៅរ៉ែមាសនោះយ៉ាងប្រញាប់ប្រញាល់ និងស្ងៀមស្ងាត់បំផុត។ ឃើញដូច្នេះ ក្រុមអ្នកភូមិបាននាំគ្នាទៅមើលក៏ឃើញបុរសម្នាក់បានស្លាប់នៅក្នុងរណ្ដៅរ៉ែមាសនោះ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច។
លោក តារា បានបន្តថា បុរសរងគ្រោះដែលបានស្លាប់នោះ ឈ្មោះ សឿន លីណាត អាយុ ៣៥ ឆ្នាំមានលំនៅក្នុងភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វខេត្តក្រចេះ។ សពជនរងគ្រោះត្រូវបានក្រុមមន្ត្រីជំនាញធ្វើកោសល្យវិច័យឃើញមានស្នាមរបួសក្បាលផ្នែកខាងក្រោយដោយសារប៉ះទង្គិចនឹងរបស់រឹងក្រោយធ្លាក់ចូលក្នុងរណ្ដៅរ៉ែមាសនោះ។ ប៉ុន្តែក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពបុរសនោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោក តារា បានបញ្ជាក់ថា៖ «ទោះយ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញនៅមិនទាន់ធ្វើការសន្និដ្ឋានថាករណីនេះ ជាអំពើឃាតកម្ម ឬជាគ្រោះថ្នាក់មកពីការធ្វេសប្រហែសខ្លួនឯងនោះទេ ខណៈវាជាបទល្មើសលួចលាក់ធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់»។
លោកបានបន្ថែមថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបុរសសង្ស័យឈ្មោះ ឌឹម វណ្ណដា និងបក្ខពួក ដើម្បីសាកសួរពីករណីនេះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
ជុំវិញករណីនេះលោក នួនសារ៉ន អភិបាលស្រុកកែវសីមាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីចុងឆ្នាំមុន អាជ្ញាធរបានចុះហាមឃាត់ការធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារក្នុងភូមិពូទុង ឃុំចុងផ្លាស់ ដោយសារការរករ៉ែមាសក្នុងតំបន់នោះគ្មានច្បាប់ហើយជារឿយៗតែងបង្កគ្រោះថ្នាក់ដល់កម្មករ ដោយសារការជីករណ្ដៅរ៉ែមាសខុសបច្ចេកទេស។
លោកបានបន្តថា រណ្ដៅរ៉ែមាសស្ទើរតែទាំងអស់ត្រូវបានសមត្ថកិច្ចចម្រុះខេត្ត និងមន្ទីរជំនាញឈូសឆាយកប់លុប លើកលែងតែរណ្ដៅរ៉ែមាសមួយចំនួនដែលម្ចាស់ទីតាំងបានសុំរុះរើ និងលុបចោលដោយខ្លួនឯង។
លោក សារ៉ន បានថ្លែងថា៖ «ការស្លាប់បុរសជាកម្មករម្នាក់ក្នុងរណ្ដៅ រ៉ែមាស របស់ឈ្មោះ ឌឹម វណ្ណដា ពី ៣ ថ្ងៃមុននេះ គឺជាករណីគ្រោះថ្នាក់ការងារលើបទល្មើសលួចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មិនមែន ជាករណីឃាតកម្មនោះទេ»។
លោក សារ៉ន បានបន្ថែមថា បច្ចុប្បន្នទីតាំងរណ្ដៅរ៉ែមាសដែលបង្កគ្រោះថ្នាក់ស្លាប់បុរសម្នាក់ខាងលើនេះ នៅមិនទាន់ លុបវិញនៅឡើយទេ។ ប៉ុន្តែសមត្ថកិច្ចបានបោះបង្គោលហ៊ុមព័ទ្ធដើម្បីរក្សាការពារវត្ថុតាង រង់ចាំការស្រាវជ្រាវបន្ថែមពីក្រុមគណៈកម្មការជំនាញថ្នាក់ខេត្ត៕