ខេត្ត​ព្រះសីហនុ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រៃនប់ កាល​ពី​ថ្ងៃ​អាទិត្យ ទី ១៨ ខែ មេសា ឆ្នាំ ២០២១ បាន​ធ្វើ​ការ​ផាក​ពិន័យ​អន្តរការណ៍​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន ៨ នាក់ ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​នៅ​ព្រឹក​នេះ​ថា ប្រជាពលរដ្ឋ​ទាំង ៨ នាក់ ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ សមត្ថកិច្ច​បាន​ផាក​ពិន័យ​ទៅ​តាម​អនុក្រឹត្យ​លេខ ៣៧ អនក្រ.បក ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «សមត្ថកិច្ច​យើង​បាន​ផាក​ពិន័យ​ពួក​គាត់​តាម​មាត្រា ១៩ បាន​កំណត់​ថា ត្រូវ​ពិន័យ​អន្តរការណ៍​ពី ២០០ ០០០ (ពីរ​សែន) រៀល ទៅ ១ ០០០ ០០០ (មួយ​លាន) រៀល ចំពោះ​បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព និង​ត្រូវ​ពិន័យ​អន្តរការណ៍​ពី ១ ០០០ ០០០ (មួយ​លាន) រៀល ទៅ ៥ ០០០ ០០០ (ប្រាំ​លាន) រៀល ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​រៀបចំ​ការ​ជួប​ជុំ​មនុស្ស ឬ​សកម្មភាព​សង្គម​ដទៃ​ទៀត​ ដែល​មិន​គោរព​វិធានការ​គម្លាត​សុវត្ថិភាព»។

បើ​តាម​លោក ភារម្យ បន្ទាប់​ពី​កំណត់​វិធានការណ៍​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូវីដ ១៩ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បាន​ឃាត់​ខ្លួន​មនុស្ស ២ នាក់ បញ្ចូន​ទៅ​តុលា​ការ បន្ទាប់​ពី​ពួក​គេ​គេចវេះ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក និង​បាន​ផាក​ពិន័យ​ជា​ប្រាក់​ដល់​ពលរដ្ឋ​ជាង ៤០ នាក់​ទៀត ដែល​គេចវេះ​ពី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចត្តាឡីស័ក។

លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ណែនាំ​អ្នក​នៅ​ជុំវិញ​ខ្លួន ឱ្យ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បាន​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

លោក​បាន​បន្ត​ថា ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការ​លើកលែង។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវ​ចូលរួម​សហការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣ កុំ ៣ ការពារ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​សហគមន៍៕