ភ្នំពេញៈ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនល្មើស បន្ទាប់ពីប្រទះឃើញគ្រោងឆ្អឹងសពមួយដែលគេច្រកក្នុងការុងប្លុងចោលក្នុងដីឡូត៍មួយកន្លែងក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី ២៨ វិច្ឆិកា ជាឆ្អឹងដែលសមត្ថកិច្ចសង្ស័យថាជាជនជាតិកូរ៉េ តែកំពុងពិនិត្យ DNA។
លោក ឧត្តសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាករណីឃាតកម្ម ហើយច្រកសាកសពក្នុងការុងប្លុងចោលក្នុងខណ្ឌព្រែកព្នៅនោះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវខណៈបាត់ដាននៅរវាងខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ។
លោកថ្លែងថា៖ «ករណីបាត់ដាននេះយើងបានស្រាវជ្រាវទៅ វាមិនទាន់មានពន្លឺ ហើយចុងក្រោយយើងបានយកសាកសពនោះទៅធ្វើកោសល្យវិច័យដើម្បីដឹងថាវាយ៉ាងម៉េច? ដូច្នេះយើងមិនដឹងថា ករណីហ្នឹងវាយ៉ាងម៉េចទេ ចាំមើលយើងបន្តស្រាវជ្រាវទៀត។ យើងមិនទាន់ដឹងច្បាស់ថាជាជនជាតិកូរ៉េពិតប្រាកដឬយ៉ាងណាទេចាំមើលថ្ងៃស្អែក (ថ្ងៃទី ៣០ វិច្ឆិកា) ទើបយើងបញ្ជាក់ជូនបាន ...» ។
ជាមួយគ្នានេះដែរលោក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅប្រាប់យ៉ាងខ្លីថា នៅកំពុងរង់ចាំលទ្ធផលធ្វើកោសល្យវិច័យដូចគ្នា។
ដោយឡែកលោក សាំង ស៊ិន ចៅសង្កាត់គោករកាបានប្រាប់ថា ករណីនេះមានសមត្ថកិច្ចកោសល្យវិច័យ និងស្នងការនគរបាលរាជធានីភ្នំពេញបានចុះពិនិត្យនៅកន្លែងកើតហេតុ។
លោកប្រាប់ថា៖ «ហ្នឹងហើយឮថាជាជនជាតិកូរ៉េ តែវាមិនទាន់ច្បាស់ថាយ៉ាងម៉េចទេ ព្រោះសាកសពវារលួយនៅតែឆ្អឹងដែលត្រូវគេសម្លាប់ប្រហែលកន្លះខែហើយ។ ខាងស្នងការក្រុងភ្នំពេញគាត់យកគ្រោងឆ្អឹងនោះទៅ» ។
គួររំឭកថាសាកសពនោះត្រូវបានបុរសម្នាក់ឈ្មោះ ឈូក ចំរើន អាយុ ៣៩ ឆ្នាំប្រទះឃើញកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខណៈគាត់ចូលទៅនោមក្នុងដីឡូត៍ ១ ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ច៕