រតនគិរីៈ នគរបាលស្រុកកូនមុំ ខេត្តរតនគិរីពីម្សិលមិញកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យករណីអារ ក សម្លាប់បុរសជាកម្មករក្រុមហ៊ុនដាំចេកមួយឈ្មោះ ហ័ងអាញ់យ៉ាឡាយ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី បន្ទាប់ពីមានកម្មករម្នាក់ទៀតប្រទះឃើញស្លាប់កាលពីថ្ងៃទី ២៤ កក្កដា។
លោក ភោគ បូរិទ្ធ អធិការនគរបាលស្រុកកូនមុំប្រាប់ពីម្សិលមិញថា ជនរងគ្រោះឈ្មោះ គឹម សារឿន ហៅ តុង អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកជនដៃដល់សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណហើយ ប៉ុន្តែលោកសុំមិនប្រាប់ឈ្មោះជននោះទេ ព្រោះកុំឲ្យដឹងខ្លួន តែករណីនេះអ្នកប្រព្រឹត្តអាចលើសពីម្នាក់។
លោកថា៖ «ខ្ញុំកំពុងតាមចាប់ជនសង្ស័យ តែបើខ្ញុំប្រាប់ឈ្មោះគេគឺដូចរុញជនសង្ស័យទៅឆ្ងាយពីសមត្ថកិច្ច។ ខ្ញុំបានឃើញបុរសជាដៃគូអ្នកស្លាប់ម្នាក់ហើយ ដូច្នេះចាំខ្ញុំធ្វើការបន្តសិន»។
លោកបានបញ្ជាក់ថា សមត្ថកិច្ចបានពិនិត្យសាកសពឃើញមានស្នាមអារក្រឡឹង ក ជិតដាច់ នៅសល់តែស្បែកជាប់កញ្ចឹងកបន្តិច និងមានស្នាមចាក់ត្រង់ឆ្អឹងជំនីរផ្នែកខាងឆ្វេង ១ កាំបិត ធ្លាយពោះវៀន។ ប៉ុន្តែចំពោះមុខសញ្ញាជនសង្ស័យគឺសមត្ថកិច្ចលោកបានស្គាល់អស់ហើយ។
លោកបានឲ្យដឹងថា ករណីនេះត្រូវបានកម្មករដាំចេកម្នាក់ប្រទះឃើញនៅរសៀលថ្ងៃទី ២៤ ខែកក្កដា ត្រង់ចំណុចក្រុមហ៊ុនដាំដំណាំចេកឈ្មោះ ហ័ងអាញ់យ៉ាឡាយ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះនគរបាលប៉ុស្ដិ៍ឃុំសិរីមង្គលបានចុះដល់កន្លែងកើតហេតុ។
លោកថា បើតាមសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃអធិការដ្ឋាននគរបាលស្រុកកូនមុំបានសន្និដ្ឋានថា ជាករណីឃាតកម្មដោយប្រើកាំបិត។
លោកបានរំឭកតាមសម្តីសាក្សីថា នៅម៉ោងប្រហែល ៨ យប់ថ្ងៃទី ២៣ ខែកក្កដា ជនរងគ្រោះបានមកផឹកស៊ីជាមួយបុរសម្នាក់។ ក្រោយមកនៅម៉ោងប្រហែល ១០ យប់ ពួកគេបាននាំគ្នាទៅឆ្លុះកង្កែប ហើយតាំងពីពេលនោះមក មិនឃើញអ្នកទាំង ២ ត្រឡប់មកវិញទេ។ លុះដល់រសៀលថ្ងៃទី ២៤ កក្កដា ទើបមានកម្មករក្រុមហ៊ុន ហ័ងអាញ់យ៉ាឡាយ បានប្រទះឃើញសាកសពជនរងគ្រោះ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ច។
លោកបានបន្ថែមថា ចំពោះវត្ថុភ័ស្ដុតាងដែលសមត្ថកិច្ចបានរកឃើញនៅនឹងកន្លែងកើតហេតុនោះរួមមាន ស្បែកជើង ២ គូ កាំបិតពណ៌សចុងស្រួចតូច ១ និងដំបងឈើចំនួន ២ កំណាត់ ដែលមានប្រឡាក់ឈាមផង៕