ព្រះសីហនុ: មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ដែល​បាញ់​​គ្នា​នៅ​សង្កាត់​លេខ​ ២ ក្រុង/ខេត្ត​ព្រះសីហនុ បណ្ដាល​ឱ្យ​បុរស​អ្នករត់​រ៉ឺម៉ក​កង់ ៣​ ម្នាក់​ស្លាប់ និង​មន្ត្រី​​នគរបាល​ ២ ​នាក់​របួស ខណៈ​​បុរស​ ២ ​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន និង​កំពុង​ស្ថិត​ក្រោម​ការសាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត​។

លោក​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា នគរបាល​ជំនាញ​ខេត្ត​កំពុង​បន្ត​ស្រាវជ្រាវ​រក​ជនសង្ស័យ​ជា​សន្តិសុខ​ឯកជន​ដែល​យាម​នៅ​ហាង​កើតហេតុ​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ២៧ ខែ​កញ្ញា​។

ករណី​នេះ​គឺ​ពួកគេ​បាន​បាញ់​គ្នា​ទៅវិញ​ទៅមក​បណ្ដាល​ឱ្យ​ត្រូវ​បុរស​អ្នករត់​រ៉ឺម៉ក​កង់ ៣​ ម្នាក់​ស្លាប់​នៅលើ​រ៉ឺម៉ក និង​រងរបួស​​មន្ត្រី​នគរបាល​ ២ ​នាក់ ។

លោក​ថា​៖ «​ខ្ញុំ​សុំ​អធ្យាស្រ័យ​ដែល​មិនអាច​បង្ហាញ​ព័ត៌មាន​លម្អិត ព្រោះ​យើង​កំពុង​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​ជនដៃដល់​ដែល​ប្រព្រឹត្ត​បទល្មើស​។ អ៊ីចឹង​យើង​មិន​អាច​បង្ហាញ​ពី​នីតិវិធី​យើង​ឱ្យ​ជនល្មើស​ដឹង​ខ្លួន​ទេ​គឺ​ខ្ញុំ​សុំ​លាក់​ព័ត៌មាន​ខ្លះ​សិន​។ ករណី​បាញ់​នេះ​គឺ​​ពួកគេ​ជា​សន្ដិសុខ​ខ្មែរ​យើង​ទេ ប៉ុន្ដែ​មិន​ដឹងថា ពួកគេ​បាន​កាំភ្លើង​ពី​ណា​ទេ បើ​ចាប់​ពួកគេ​បាន ទើប​អាច​ដឹង​រឿង​ទាំងអស់​»​។

យ៉ាងណាក្ដី​លោក​ ជួន ណារិន្ទ ឱ្យ​ដឹងថា ករណី​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ ២ ​នាក់​ ប៉ុន្ដែ​កំពុងស្ថិត​ក្រោម​ការសាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ឡើយ​។ ទន្ទឹម​នឹង​នេះ​​សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ​រក​ពី​មូលហេតុ​ផងដែរ​។

លោក សេង ហ៊ត នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ ២ ក្រុង​ព្រះសីហនុ​បានឱ្យដឹង​ពី​ម្សិលមិញ​ថា ករណីនេះ​មិនមែន​ជនជាតិ​ចិន​បង្ក​ទេ តែ​ជា​សន្ដិសុខ​យាម​នៅ​ហាង​កន្លែង​​កើតហេតុ​បាញ់​ត្រូវ​ចំ​ទ្រូង​ជនរងគ្រោះ ប៉ុន្ដែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​បានទេ​។

លោក​ថា​៖ «​សមត្ថកិច្ច​ជំនាញ​យើង​កំពុង​ស្រាវជ្រាវ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​គេ​ធ្វើ​ដល់​ណា​ហើយ​ទេ​។ ចំពោះ​ជនរងគ្រោះ​ដែល​ស្លាប់​គឺ​យើង​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​​បុណ្យ​តាម​ប្រពៃណី​ហើយ​»​។

កាលពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​រក​ប្រភព​ទាក់ទង​សាច់ញាតិ​បុរស​ដែល​ស្លាប់​ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​។

ប៉ុន្ដែ​សារព័ត៌មាន​ក្នុង​ស្រុក​​បាន​ដកស្រង់​សម្ដី​ស្ត្រី​ជា​ប្រពន្ធ​​ជនរងគ្រោះ​សុំ​មិន​ប្រាប់​ឈ្មោះថា ប្ដី​គាត់ ឈ្មោះ ហែម រិទ្ធ អាយុ​ ៤៨ ​ឆ្នាំ​ រស់នៅ​ខេត្ត​ព្រះសីហនុ មាន​កូន​ ៤ ​នាក់ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ត្រូវ​ ១ ​គ្រាប់​ស្លាប់​លើ​រ៉ឺម៉ក​កង់​ ៣​ ក្នុង​ពេល​កំពុង​​អង្គុយចាំ​ដឹក​ភ្ញៀវ​។ អ្នកស្រី​មិន​ដឹង​រឿង​ដែល​នាំឱ្យ​ប្ដី​អ្នកស្រី​គ្រោះថ្នាក់​ដល់​ជីវិត​បែប​នេះ​ទេ​។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការបាញ់បោះ​សេរី​នេះ បង្ហាញ​ភាពកម្សោយ​របស់​សមត្ថកិច្ច​នៅ​ទីនោះ​។ ការកើតឡើង​ករណី​នេះ​ជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​ពលរដ្ឋ​ក្នុង​តំបន់ ក៏​ដូច​អ្នក​ប្រកបរ​បរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នកទេសចរ​ផងដែរ​។

លោក​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចាត់​វិធាន​កុំ​ឱ្យ​មាន​ករណី​បែប​នេះ​ទៀត​ដើម្បី​ធានា​លើ​ការអនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ មាន​​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​ថា​៖ «​សមត្ថកិច្ច​ត្រូវតែ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​ឱ្យបាន និង​ត្រូវ​ផ្តល់​សំណង​សមរម្យ​ដល់​គ្រួសារ​ជនរងគ្រោះ​ឱ្យ​គាត់​ដោះស្រាយ​ជីវភាព​»៕