ភ្នំពេញៈ សមត្ថកិច្ចបានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ នៅពេលមានករណីភ្លៀងខ្យល់កើតឡើង។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីដើមឈើធំៗនៅតាមដងផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានបាក់រលំសង្កត់លើរថយន្តមួយគ្រឿង នៅម្តុំរង្វង់មូលរម្យណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំកាលពីព្រឹកថ្ងៃពុធ ក្រោយពីមានភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងកាលថ្ងៃពុធថា នៅវេលាម៉ោងប្រមាណជាង៦ព្រឹកថ្ងៃពុធ [ម្សិលមិញ] នេះ មានករណីបាក់រលំដើមក្ងោកមួយដើមនៅចំណុចរង្វង់មូលវត្តភ្នំ ទល់មុខនឹងអគ្គីសនីកម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សង្កត់លើរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់តាមរង្វង់មូលនោះ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ក្រោយកើតហេតុ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់មន្ត្រីចុះកាត់ដើមក្ងោកនោះចេញ ហើយក្រុមបញ្ជាការកងឯកភាពខណ្ឌដូនពេញ បានចុះជួយសម្រួលការកកស្ទះចរាចរណ៍ និង បាញ់ទឹកសំអាត។ ចំណែកនៅតាមដងមហាវិថីម៉ៅសេទុងវិញ ក៏មានករណីបាក់រលំដើមអង្កាញ់មួយដើមផងដែរ នៅសង្កាត់ទទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ នេះ។
លោក ណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ខណៈមេឃកំពុងភ្លៀងលាយឡំខ្យល់កន្ត្រាក់កើតឡើងនាព្រឹកមិញ [ព្រឹកថ្ងៃពុធ] នេះ ដើមអង្កាញ់មួយដើមបានបាក់រលំមកកាត់លើទទឹងមហាវិថីម៉ៅសេទុង នៅចំណុចកើតហេតុខាងលើនេះ ប៉ុន្តែសំណាងល្អពុំមានអ្នកដំណើរឆ្លងកាត់ត្រង់ចំណុចកើតហេតុនោះ។
លោកថ្លែងថា៖ «យើងគ្រប់គ្នាគួរតែប្រុងប្រយ័ត្ន ចំពោះការធ្វើដំណើរក្នុងកំឡុងពេលដែលមានភ្លៀងធ្លាក់ ព្រោះបច្ចុប្បន្ននេះ ឲ្យតែមានភ្លៀងគឺមានខ្យល់បក់បោកខ្លាំងកើតឡើងព្រមជាមួយគ្នាតែម្ដង»។
ក្រៅពីករណីបាក់រលំដើមឈើ សង្កត់ទ្រូងផ្លូវ និងរថយន្ត បង្កការកកស្ទះចរាចរណ៍ ផ្លូវមួយចំនួនក៏ត្រូវលិចលង់ដោយទឹកភ្លៀង ព្រោះតែការស្ទះប្រព័ន្ធលូផងដែរ ។ ជាក់ស្តែងផ្លូវនៅខាងមុខផ្សារឯករាជ្យ២ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន មានកំណាត់ផ្លូវមួយកំណាត់ត្រូវបានទឹកលិចត្រឹមជង្គង់ បណ្តាលម្ចាស់យានយន្តនិងម៉ូតូមួយចំនួន បង្ខំចិត្តចុះរុញនិងបណ្ដើរម៉ូតូកាត់ទឹក ព្រោះតែវាត្រូវបានរលត់កណ្តាលផ្លូវ ដែលជន់លិចដោយទឹកភ្លៀង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹកបានព្រមានពីហានិភ័យនៃ ការចាក់ដីលុបដីចំណីច្រាំងទន្លេ ស្ទឹង ព្រែក ប្រឡាយ និងបឹងបួរនានា ដែលបង្កឲ្យមានក្ដីព្រួយកង្វល់អំពីលទ្ធភាពនៃការរំដោះគ្រោះទឹកជំនន់ ដែលបង្កឡើងពីសកម្មភាពនៃការរំលោភបំពានតំបន់ទាំងនោះ៕