ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានជូនដំណឹងឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អ៊ីនធឺណិត បន្ទាប់ពីអង្កេតឃើញថា មានជនអនាមិកជាច្រើនបានប្រើរូបភាព និងវីដេអូអាសអាភាសដើម្បីគំរាមទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា ដោយសារការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គមនានាដូចជា ហ្វេសប៊ុករបស់ពលរដ្ឋកម្ពុជានៅមានកម្រិតធ្វើឲ្យជនអនាមិកអាចជ្រៀតចូលលួចយកទិន្នន័យទៅប្រើប្រាស់ និងបោកបញ្ឆោតបាន។
លោកថា៖ «ដូចជាការប្រើប្រាស់ហ្វេសប៊ុកពលរដ្ឋយើងទើបតែចេះប្រើ ដូច្នេះការការពាររបស់គាត់នៅមានកម្រិត ធ្វើឲ្យជនល្មើសឆ្លៀតឱកាសចូលយកបាន។ ពលរដ្ឋយើងទៅទីណាចូលចិត្ដថតរូបបង្ហោះលើបណ្ដាញសង្គមដោយមិនបានគិតប្រយ័ត្នប្រយែង ទើបអាចឲ្យជនអនាមិកចូលយកទៅក្លែងបន្លំកាត់ត បង្កជាបញ្ហារឿងឆបោកគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យានេះ»។
លោក ជា ពៅ បានថ្លែងថាបច្ចេកវិទ្យាមានទំហំធំទូលាយណាស់ ហើយចំណេះដឹងពលរដ្ឋកម្ពុជានៅមានកម្រិតនៅឡើយ ដូច្នេះត្រូវប្រុងប្រយ័ត្នចំពោះការថតរូបបង្ហោះលើហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងទៀត។ រីឯការចែករំលែកវីដេអូ ឬរូបភាពក៏ដូចលក់ទំនិញក៏ត្រូវប្រយ័ត្នប្រយែងផងដែរ។
លោកបញ្ជាក់ថា៖ «ចំពោះការទិញទំនិញតាមបណ្ដាញអនឡាញត្រូវបញ្ជាក់ប្រភពឲ្យបានច្បាស់លាស់មុននឹងផ្ទេរប្រាក់តាមបណ្ដាញអ៊ីនធឺណិត និងស្វែងយល់ឲ្យច្បាស់លាស់ពីប្រភពនៃធនាគារដែលត្រូវផ្ទេរប្រាក់ទៅនោះ ព្រោះជនអនាមិកអាចបន្លំចំពោះការផ្ទេរប្រាក់នេះផងដែរ»។
ទោះជាយ៉ាងណាលោក ជា ពៅ មិនបានបញ្ជាក់ពីទិន្នន័យបទល្មើស និងជនអនាមិកទេដោយលោកអះអាងថា មិនស្ថិតនៅការិយាល័យ និងមិនចងចាំទិន្នន័យនេះ។ ប៉ុន្ដែលោកថាសមត្ថកិច្ចធ្លាប់បង្ក្រាបបានច្រើនករណី និងបញ្ជូនទៅតុលាការក៏បានច្រើនហើយដែរ។
នៅមុនពេលចេញសេចក្ដីជូនដំណឹងនេះ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃធ្លាប់បានឲ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ករណីថតរូបភាព ឬវីដេអូអាសអាភាសគំរាមទារប្រាក់ (Sex Extortion) កំពុងកើតមាននៅកម្ពុជាដោយជនល្មើសបានប្រើប្រាស់មធ្យោបាយមួយចំនួនដូចជា រូបនារីស្អាតៗ, គេហទំព័រអាសអាភាស និងមធ្យោបាយផ្សេងៗក្នុងការចម្លងមេរោគទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃដោយប្រើប្រាស់កាមេរ៉ា Webcam ថតសកម្មភាពផ្សេងៗរួចគំរាមទារប្រាក់ពីជនរងគ្រោះតែម្ដង។
សេចក្ដីជូនដំណឹងបញ្ជាក់ថាការគំរាមទារប្រាក់ដោយប្រើប្រាស់នារីស្អាតៗដើម្បីទាក់ទាញជនរងគ្រោះគឺជនល្មើសបានសន្ទនាតាមអនឡាញ, ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះឲ្យប្រព្រឹត្តសកម្មភាពរួមភេទនៅមុខកុំព្យូទ័រ ឬទូរស័ព្ទដៃ រួចជនល្មើសថតសកម្មភាពទាំងនោះដើម្បីគំរាមទារប្រាក់។
បើតាមសេចក្ដីជូនដំណឹងនេះប្រសិនពលរដ្ឋជួបករណីបែបនេះ ត្រូវទៅជួបមន្ត្រីជំនាញដើម្បីប្រឹក្សាដាក់ពាក្យបណ្តឹងស្វែងរកជនល្មើស។ ការបង់ប្រាក់ដល់ជនល្មើសមិនមែនជាមធ្យោបាយដោះស្រាយបញ្ហាបានឡើយ។ ព្រោះបង់ប្រាក់ទៅជនល្មើសនឹងទាមទារឲ្យបង់បន្តបន្ទាប់មិនខាន។
ជាមួយគ្នានេះសេចក្ដីជូនដំណឹងក៏បានរំឭកដែរថា៖ «ប្រសិនមានការគំរាមតាមបណ្ដាញអ៊ីនធឺណិត ពលរដ្ឋត្រូវបិទគណនីបណ្តាញសង្គមបណ្តោះអាសន្នសិន។ ត្រូវប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ស្គែន និងសម្អាតមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ និងត្រូវប្រើប្រាស់ Sticker បិទកាមេរ៉ា Webcam នៅពេលមិនប្រើប្រាស់»។
នៅពេលសួរតាមបណ្ដាញសង្គមដើម្បីសុំការបកស្រាយបន្ថែមជុំវិញករណីនេះ លោក ហោ សំអាត ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ មិនបានឆ្លើយតបទេកាលពីថ្ងៃចន្ទ៕