
ភ្នំពេញៈសកម្មជនដីធ្លីប្រមាណ៧០នាក់ មកពីសហគមន៍ចំនួនបី កាលពីព្រឹកម្សិលមិញបានប្រឈមមុខជាមួយក្រុមសមត្ថកិច្ចចម្រុះ នៅតាមវិថីព្រះនរោត្តម និងមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្បែរវិមានឯករាជ្យ ខណៈពួកគាត់ស្វែងរកកិច្ចអន្តរាគមន៍បញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់។
ការប្រឈមមុខដាក់គ្នានេះបានកើតឡើងបន្ទាប់ ពីក្រុមសកម្មជនស្ត្រីដែលមកពីសហគមន៍ បឹងកក់ បុរីកីឡា និង សហគមន៍ព្រលានយន្តហោះពោធិចិនតុង បានបរាជ័យក្នុងការស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំគណបក្សប្រជាជននៅទីស្នាក់ការធំគណបក្សនេះ។
ក្រុមសន្តិសុខ ដែលយាមប្រចាំការនៅមុខគណបក្សប្រជាជនកម្ពុជា បានបិទទ្វារនិងបដិសេធភ្លាមៗមិនទទួលយកញត្តិ របស់ក្រុមស្ត្រីទាំងនោះ។ ដោយមានការខកចិត្ត ក្រុមស្ត្រីទាំងនោះ ក៏បាននាំគ្នាប្ដូរគោលដៅត្រឡប់ទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីវិញ ប៉ុន្តែត្រូវបានរារាំងដោយកម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ២០០ នាក់ ដែលរួមមាននគរបាល កងរាជអាវុធហត្ថ សន្តិសុខ និង មន្ត្រីស៊ីវិល ដែលខ្លះប្រដាប់ដោយខែលនិងដំបងផងដែរ។
អ្នកស្រីទេព វន្នី ដែលទើបត្រឡប់ពីទទួលបានពានរង្វាន់សិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក កាលពីដើមខែនេះ បានប្រាប់ទៅសមត្ថកិច្ចថាបើអាជ្ញាធរថ្នាក់ក្រោមដោះស្រាយឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនោះគ្មានពលរដ្ឋណាម្នាក់ធ្វើការតវ៉ាឡើយ។ អ្នកស្រីបន្តថា៖«ពួកយើង ចេញដើរតវ៉ាដូចសព្វថ្ងៃនេះគឺព្រោះតែចង់បានដំណោះស្រាយប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌»។
ទោះជាបែបណាក្ដី ក្រុមសមត្ថកិច្ច មិនព្រមបើកបារ៉ាស់ឲ្យពួកគាត់ធ្វើដំណើរតាមសម្រួល ទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីឡើយ។ មន្ត្រីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖«យើងមានភារកិច្ចការពារសុវត្ថិភាព សន្តិសុខ ... យើងនឹងមិនអនុញ្ញាតឲ្យបងប្អូនទៅប្រមូលផ្ដុំនៅទីនោះទេ»។
នៅខណៈនោះ ក្រុមស្ត្រីប្រមាណជាង ១០ នាក់ បាននាំគ្នាចាប់លើករនាំងដែក ដែលសមត្ថកិច្ចដាក់រាំងខ្ទប់នៅលើដងផ្លូវព្រះនរោត្តម ត្រង់ចំណុចភ្លើងស្តុបខាងត្បូងវិមានឯករាជ្យហើយរុញច្រានកម្លាំងសមត្ថកិច្ច រហូតបានសម្រេចដើម្បីបន្តឆ្ពោះទៅភូមិគ្រឹះនាយករដ្ឋមន្ត្រី។
នៅអំឡុង ពេលនៃការរុញច្រានគ្នាទៅមកនោះ ភាគីខាងស្ត្រី ពិសេសអ្នកស្រី បូ ឆវី ដែលមកពីសហគមន៍បឹងកក់ បានស្រែកខ្លាំងៗថា «ជួយផង! ជួយផង! សមត្ថកិច្ចបន្លំចាប់បៀតបៀនកេរ្តិ៍ខ្មាសខ្ញុំ» បន្ទាប់មកអ្នកស្រីក៏បានរុលចេញមកក្រៅហើយរត់ទៅមុខប៉ុន្តែ នគរបាលប្រឆាំងកុបកម្មម្នាក់បានស្រវាចាប់ឱបគាត់និងរុញគាត់ឲ្យត្រឡប់មកក្រោយវិញ។
យ៉ាងណាក្តី ទីបំផុត ក្រុមស្ត្រីទាំងនោះបានទៅជួបប្រជុំគ្នានៅលើសួនច្បារវិមានឯករាជ្យ ទល់មុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីប៉ុន្តែនៅទីនោះជិតបួនម៉ោង ពុំឃើញមានមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីណាម្នាក់ ចេញមកជួបស្ត្រីទាំងនោះឡើយ។ នៅម៉ោងជិត៣រសៀល ទើបពួកគាត់បានបំបែកគ្នា ទៅផ្ទះវិញ។
ដោយឡែកប្រជាពលរដ្ឋនៃសហគមន៍បុរីកីឡាមួយក្រុមទៀត ចំនួន ៨៧ គ្រួសារ បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខទីស្ដីការកាកបាទក្រហមកម្ពុជា ដើម្បីស្នើសុំស្បៀងអាហារប្រដាប់ប្រដាប្រើប្រាស់និងតង់កៅស៊ូសម្រាប់ប្រក់ស្នាក់នៅនារដូវភ្លៀងដែលជិតមកដល់នេះ។
អ្នកស្រីឆាយ គឹមហ៊ន តំណាងក្រុមអ្នកតវ៉ានៅក្នុងសហគមន៍ក្រីក្រមួយនេះបាននិយាយថា ចាប់តាំងពីក្រុមហ៊ុន ផានអ៊ីម៉ិច ធ្វើការឈូសឆាយផ្ទះរបស់អ្នកស្រីចោល កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១២ មក ពួកគាត់រស់នៅជួបការលំបាកយ៉ាងធ្ងន់ធ្ងរ មិនដែលទទួលបានជំនួយឧបត្ថម្ភពីខាងកាកបាទក្រហមកម្ពុជាឬអាជ្ញាធរដែនដីឡើយ។ អ្នកស្រីបន្តថា៖«យើងខ្ញុំត្រូវការចំណីអាហារ និងតង់កៅស៊ូ ប្រក់ស្នាក់នៅរង់ចាំដំណោះស្រាយជាផ្ទះល្វែងពីរដ្ឋ និង ក្រុមហ៊ុន»។
អ្នកភូមិបុរីកីឡាទាំងនេះត្រូវបាន លោកសេង រតនៈ អភិបាលខណ្ឌទួលគោកហៅទៅជួបនៅសាលាខណ្ឌហើយបានសន្យាថានឹងនាំយកនូវសំណើសុំអន្តរាគមន៍ជាស្បៀង និងតង់កៅស៊ូរបស់ប្រជាពលរដ្ឋទាំងនេះ ទៅប្រគល់ជូនលោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីពិនិត្យនិងសម្រេចតាមសេចក្ដីស្នើនេះ៕