
ភ្នំពេញៈ កងកម្លាំងសមត្ថកិច្ចរាជធានី រាប់រយនាក់ បានធ្វើការរាំងខ្ទប់អ្នកភូមិបឹងកក់ ប្រមាណ ៥០ នាក់ មិនឲ្យដើរដង្ហែក្បួនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ទីដែលគណៈប្រតិភូ មកពីបណ្តាប្រទេសចំនួន១២០ ដែលជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកំពុងជួបប្រជុំដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឲ្យមានការជួយដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេនោះឡើយ។
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្នុងតំបន់បឹងកក់ ដែលនៅសេសសល់ប្រមាណជាង ៦០ គ្រួសារ នៅមិនទាន់ទទួលបានចំណែកដីដែលលោកនាយករដ្ឋមន្ត្រី បានកាត់ចេញពីក្រុមហ៊ុន ចំនួន១២,៤៤ ហិកតាកាលពីឆ្នាំ ២០១១ សម្រាប់ចែកជូនប្រជាពលរដ្ឋនៅឡើយទេ ខណៈដែលផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីនសមាជិកព្រឹទ្ធសភាគណបក្សប្រជាជន បានបូមខ្សាច់កប់ពន្លិចហើយឈូសកម្ទេចចោល ដោយពុំទាន់បានផ្តល់សំណងសមរម្យនៅឡើយដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ចេះតែបន្តធ្វើការតវ៉ាស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលនេះ។
នេះបើតាមអ្នកភូមិនិងក្រុមអង្គការសង្គមស៊ីវិល។ ក្រុមអ្នកភូមិបាននិយាយទៀតថា លោក ប៉ា សុជាតិវង្ស ដែលបានឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញជំនួស លោក កែប ជុតិមា កាលពីខែមេសា ហើយបានប្តេជ្ញាថា នឹងធ្វើការដោះស្រាយបញ្ហាជម្លោះដីធ្លីនៅក្នុងតំបន់បឹងកក់ឲ្យបានឆាប់ រហូតមកដល់ពេលនេះ ក៏មិនទាន់ឃើញមានការដោះស្រាយអ្វីលេចចេញជារូបរាងនៅឡើយដែរ ក្រៅពីឲ្យក្រុមមន្ត្រីចុះស្រង់ស្ថិតិប្រជាជនដែលមិនទាន់ទទួលបានចំណែកដី ហើយក៏ស្ងាត់ឈឹង។
លោក ចាន់ ពុទ្ធិស័ក្ដិ តំណាងប្រជាពលរដ្ឋមកពីភូមិ១ នៃសហគមន៍បឹងកក់ដែលនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយនោះបាននិយាយថា តាមគម្រោងអ្នកភូមិ គ្រោងអូសរូបទីងមោង ដែលតំណាងឲ្យមន្ត្រីពុករលួយដើរឆ្ពោះទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីទីដែលគណៈប្រតិភូនៃសមាជិក គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កំពុងបើកកិច្ចប្រជុំ។ ប៉ុន្តែត្រូវសមត្ថកិច្ចនគរបាលបានដាក់កម្លាំងរាប់សិបនាក់បិទផ្លូវគ្រប់ច្រកចេញចូលនៃសហគមន៍នេះ។ ដោយចេញមិនរួចក្រុមអ្នកភូមិក៏សម្រេចចិត្តយករូបទីងមោងទាំងនោះទៅដុតកម្ទេចចោលនៅលើវាលខ្សាច់នៃអតីតបឹងកក់។ លោកថ្លែងថា៖«ក្រុមអ្នកតវ៉ា ចង់ធ្វើការហែរូបទីងមោងទាំងនោះទៅតវ៉ា នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីស្វែងរកអន្តរាគមន៍ ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែត្រូវបានធ្វើការរាំងខ្ទប់ដោយកម្លាំងសមត្ថកិច្ច»។
លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញមិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ ដោយលោកបានបិទទូរស័ព្ទភ្លាមៗ នៅពេលសាកសួរអំពីបញ្ហាការដាក់កម្លាំងរាំងខ្ទប់ការតវ៉ារបស់ក្រុមអ្នកភូមិបឹងកក់។ ប៉ុន្តែ នគរបាលខណ្ឌដូនពេញម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា ការរាំងខ្ទប់អ្នកភូមិមិនឲ្យចេញតវ៉ាគឺដើម្បីការពារសណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈ និងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
អ្នកភូមិម្នាក់ទៀត អ្នកស្រី ផាន់ ឈុនរ៉េត ដែលរហូតមកទល់ពេលនេះ នៅមិនទាន់ទទួលបានចំណែកដីដែរនោះបាននិយាយថា មន្ត្រីអាជ្ញាធរ និងក្រុមហ៊ុនស៊ូកាគូអ៊ីន បានឃុបឃិតប្រព្រឹត្តអំពើពុករលួយរំលោភទៅលើអនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាលជុំវិញការកាត់ដីទំហំ១២,៤៤ហិកតា ចេញពីផ្ទៃដីក្រុមហ៊ុន សម្រាប់ចែកជូនអ្នកភូមិសង់លំនៅឋានរស់នៅ។
អ្នកស្រីបានបន្តថា៖«រូបទីងមោងចំនួន១១ក្បាល ដែលយើងដុតនៅលើវាលខ្សាច់បឹងកក់ គឺតំណាងឲ្យក្រុមមន្ត្រីពុករលួយទាំងនោះ។ព្រោះតែការឃុបឃិតគ្នារបស់ពួកគេ បានធ្វើឲ្យការដោះស្រាយមានសភាពយឺតយ៉ាវ និងស្មុគស្មាញ ដែលមកទល់ពេលនេះយើងខ្ញុំជាង៦០គ្រួសារទៀតនៅមិនទាន់ទទួលបានចំណែកដីនៅឡើយទេ»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីម្សិលមិញ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមមន្ត្រីកំពុងតែធ្វើការដោះស្រាយចំពោះសំណុំរឿងដីធ្លីនៅបឹងកក់ដោយធ្វើការផ្ទៀងផ្ទាត់ស្ថិតិសាលាកបត្រអ្នកភូមិ៕