បន្ទាយមានជ័យៈ អាជ្ញាធរខ្មែរបានសហការជាមួយអាជ្ញាធរថៃ ក្នុងការស្វែងរកចាប់ខ្លួនជនសង្ស័យ ៧នាក់ ដែលចាប់កុមារ ៣នាក់ បម្រុងនាំឆ្លងដែនយកទៅលក់នៅក្នុង ប្រទេសថៃ កាលពីថ្ងៃអង្គារប៉ុន្តែទាហានថៃបានជួយសង្គ្រោះទាន់។
លោក ព្រហ្ម ថេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា បន្ទាប់ពីជីដូនរបស់កុមារទាំង ៣នាក់ មកប្តឹងកម្លាំងលោកបានផ្តល់ព័ត៌មានទៅកម្លាំងនៅគ្រប់ច្រកដោយសហការជាមួយនឹងសមត្ថកិច្ចថៃផងដើម្បីជួយសង្គ្រោះកុមារទាំងបីនាក់នោះ។
លោកថ្លែងថា៖ «កុមារទាំងបីនាក់ ពីរនាក់ជាបងប្អូនបង្កើតបានជិះកង់ចេញពីផ្ទះទៅសាលារៀនដូចរាល់ថ្ងៃ តែមិនទាន់ទៅដល់សាលាផងក៏មានជនពាក់ម៉ាសចំនួន ៧នាក់ មកស្ទាក់ចាប់រុញចូលក្នុងឡានទួរីសជាមួយកង់រួចបើកទៅបាត់»។
សមត្ថកិច្ចបន្តថា កុមារទាំងបីមានកុមារា សុខ វិសាល អាយុ ១២ឆ្នាំ កុមារី សុខ ពិសី អាយុ ៦ឆ្នាំ និងកុមារា ចាន់ រចនា អាយុ ៦ឆ្នាំ ត្រូវគេដឹកមកច្រក ប៉ោយប៉ែត បម្រុងឆ្លងដែនទៅ ប្រទេសថៃ ដោយឲ្យធ្វើជាបណ្តើរកង់ចូលចំពេលម៉ោងដែលក្មេងៗចេញទៅសាលាពេលថ្ងៃត្រង់ដែរដើម្បីកុំឲ្យសមត្ថកិច្ចសង្ស័យប៉ុន្តែ សំណាងល្អទាហានឈុតខ្មៅថៃឈរយាមច្រកព្រំដែនបានចាប់ក្មេងនោះមកសួរទើបដឹងរួចរាយការណ៍និងបញ្ជូនមកសមត្ថកិច្ចខ្មែរដើម្បីប្រគល់ជូនជីដូនពួកគេវិញ។
លោក ព្រហ្ម ថេង បញ្ជាក់ថា៖ «ជនសង្ស័យបានគេចខ្លួនបាត់បន្ទាប់ពីឃើញក្មេងទាំងនោះត្រូវបានសមត្ថកិច្ចថៃហៅសួរនាំ និងមិនអនុញ្ញាតឲ្យពួកគេដើរចូលទឹកដីថៃទៀត»។
ក្មេងៗរងគ្រោះប្រាប់សមត្ថកិច្ចថា ពួកគេត្រូវជនសង្ស័យគំរាមមិនឲ្យស្រែកបើមិនដូច្នោះទេ គេនឹងសម្លាប់ចោល។
លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យអាណាព្យាបាលត្រូវសហការជាមួយគ្រូ និងរាយការណ៍ឲ្យគ្នាបើមានរឿងមិនល្អកើតឡើងដើម្បីសមត្ថកិច្ចចាត់វិធានការជួយទាន់ពេលវេលា។ឯជនសង្ស័យសមត្ថកិច្ចខ្មែរនិងថៃកំពុងតែស្វែងរកការចាប់ខ្លួន៕