សៀមរាបៈ សមត្ថកិច្ច​នគរ​បាល​ខេត្ត​សៀម​រាប​កំពុង​ស្វែងរក​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ឪពុក​បង្កើត​ដែល​សង្ស័យ​កាប់​កូន​ប្រុស​ស្លាប់​ហើយ​អូសសព​ចូល​ក្នុង​ទឹក​ស្រះ ប្រព្រឹត្ត​កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃទី​២៣ ខែ​វិ​ច្ឆិ​កា នៅ​ភូមិ​ព្រីង ឃុំ-ស្រុក ជីក្រែង ខេត្ត​សៀម​រាប​។

លោក ឌួង សុខា ប្រធាន​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​សៀម​រាប​ប្រាប់​នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ​​ថា ជន​សង្ស័យ​នោះ​ឈ្មោះ ស៊ិន ធុល អាយុ ​៥៥​ឆ្នាំ ​រីឯ​កូន​ប្រុស​រង​គ្រោះ​ឈ្មោះ​ ស៊ុន ថា អាយុ ​២៩ឆ្នាំ។ ​ពួក​គេ​រស់​នៅ​ក្នុង​ភូមិ-ឃុំ កើត​ហេតុ​ខាង​លើ​។

លោក​ថ្លែង​ថា៖​«ករណីនេះ​សម​ត្ថ​កិច្ច​​ខ្ញុំ​កំពុង​ស្វែងរក​ចាប់​ខ្លួន​ជន​លើ្ម​ស​ហើយ​ឯ​មូល​ហេតុ​នៃ​កា​រកាប់​សម្លាប់​នេះ សមត្ថ​កិច្ច​ខ្ញុំ​សង្ស័យ​មកពី​ជន​រង​គ្រោះ​ញៀន​ថ្នាំ»។

ទោះ​យ៉ាង​ណា លោ​ក ទីវ ប៊ុន​រ៉ា នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ជី​ក្រែង បាន​ថ្លែង​ថា​ លោក​មិន​អាច​សន្និ​ដ្ឋាន​បាន​ទេ ខណៈ​អ្នក​ភូមិ​ខ្លះ​ថា ​ជន​រង​គ្រោះ​ជាម​នុស្ស​សរសៃ​ប្រា​សាទ​ រីឯ​សាច់​ញាតិ​ថា ​ជន​រង​គ្រោះ​ញៀន​ថ្នាំ​។

លោក​ថា៖« រឿង​ជន​រង​គ្រោះ​ញៀន​ថ្នាំ​ខ្ញុំ​មិន​ដឹង​ប្រា​កដ​ទេ ប៉ុន្តែ​សាច់​ញាតិ​ប្រាប់​ខ្ញុំ​ថា គេ​ជា​មនុ​ស្ស​ញៀន​ថ្នាំ ប៉ុន្តែ​យើង​មិន​អាច​សន្និ​ដ្ឋាន​ជាក់​លាក់​បាន​ទេ តែ​អ្នក​ភូមិ​ខ្លះ​ថា​ ជា​មនុស្ស​វិកល​ច​រិ​ត​ ខ្លះ​ថា ញៀន​ថ្នាំ»។

លោក រំ​ឭ​ក ​ប្រាប់​ថា ជន​រង​គ្រោះ​កន្លង​មក​តែង​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​ វាយ​បំផ្លាញ​របស់​រប​រ​ក្នុង​ផ្ទះ​និង​ដុត​ផ្ទះ​ក៏​មាន​ដែរ ហើយ​សមត្ថ​កិច្ច​​តែង​ហៅ​ទៅ​ប៉ុស្តិ៍​ដើម្បី​អប់រំ​ជា​រឿយៗ។ ​ប៉ុន្តែ​កន្លង​មក​ជន​រង​គ្រោះ​ធ្លាប់​ទៅធ្វើ​ការ​នៅ​ថៃ​បាន​២​ឆ្នាំ​ លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ជន​រង​គ្រោះ​តែង​ទៅប្រ​កបរបរ​ជា​មួយ​ឪពុក​ម្តាយ ​ប៉ុន្តែ​ក្រោយ​មក​ក៏​កើត​មាន​បញ្ហា​សតិ​មិន​ល្អ​តែ​គ្មាន​ការ​អះអាង​ពី​គ្រួ​ពេទ្យ​ទេ​។

បើតាម​ លោកទីវ ប៊ុន​រ៉ា ​នៅ​យប់​មុន​ថ្ងៃ​កើត​ហេតុ​អ្នក​ជិត​ខាង​បានឮ​សូរ​សំឡេង​ឈ្លោះ​វាយតប់​គ្នា​និង​ឮ​សំឡេង​ស្រែក​ផង តែ​ក្រោយ​មក​ក៏​ស្ងាត់​សំឡេង។​ លុះ​ភ្លឺ​ឡើង​នៅ​ថ្ងៃទី២​៣ ​វិច្ឆិកា ​វេលា​ម៉ោង​ជាង​៤​ល្ងាច ​គេ​បាន​ឃើញ​ជន​សង្ស័យ​ជា​ឪពុក​បណ្តើរ​ម៉ូតូ​ចេញ​ពីផ្ទះ​ទៅ​បាត់​។

លោក​ប្រាប់​ថា​ ដោយ​សង្ស័យ​អ្នក​ជិត​ខាង​បាន​នាំគ្នា​ទៅ​មើល​ក្នុង​ផ្ទះ​​ក៏​ឃើញ​មាន​ឈាម​ហើយក៏​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​​តែម្តង។ ក្រោយ​ទទួល​បាន​ដំណឹង​រូបលោក​រួម​នឹង​មន្ត្រីនគ​របាល​ផ្សេងបាន​ទៅ​ពិនិត្យដល់​ផ្ទះ​កើត​ហេតុ​​ក៏​ឃើញ​មាន​ឈាម ពេលនោះ​លោក​បាន​តាម​ស្នាម​ឈាម​នោះ​រហូតដល់​ស្រះ​ទឹក​មួយ​នៅ​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល​៧០​ម៉ែត្រ​និង​ឲ្យ​អ្នក​ភូមិ​ចុះ​រាវក៏​ឃើញ​សព​ជន​រង​គ្រោះ​តែម្ត​ង។

លោក បញ្ជាក់​ថា នៅលើសាកសព​សមត្ថកិច្ច​រកឃើញ​មាន​ស្នាម​កាប់​រយះ​ក្បាល​២​កន្លែង​ដោយ១កន្លែង​នៅ​ផ្នែក​ខាង​ក្រោយ ​និង ១កន្លែង​ទៀត​នៅ​ផ្នែក​ខាង​លើ​ក្បាល។ គ្រួសារ​នេះ​មា​នកូន​៦​នាក់ ប៉ុន្តែ​មាន​ម្នាក់​​មិន​ទាន់​មា​ន​​គូ​ស្រក​រ​ ​រី​ឯ​ជន​រង​គ្រោះ​​មាន​ប្រពន្ធ​ហើយ​តែ​បាន​លែង​លះ​គ្នា ដោយ​សារប្រើ​ហិង្សា​លើ​ប្រពន្ធ​ស្ទើរ​រាល់​ថ្ងៃ​​។

ជុំវិញប​ញ្ហា​នេះ ​លោ​ក យ៉ង់ គឹមអេង ប្រធាន​មជ្ឈម​ណ្ឌល​​​ប្រ​ជាព​ល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ធ្លាប់​បាន​ស​ម្ដែង​កា​រយល់​ឃើញ​ថា ​ការ​កើត​មាន​អំពើ​ហិង្សា​​រហូត​ដល់​សាច់ញា​តិ​ឬ​កូន​​សម្លាប់​ឪពុក​ម្តាយ​ជា​ហូរ​ហែ​​មក​នេះថា​​ ទី​ ១ ​ទាក់​ទង​នឹង​ការ​ប្រើសា​រ​ធា​តុញៀ​ន​ដូច​ជា គ្រឿង​ញៀន ​និង​គ្រឿង​ស្រវឹង​ជា​ដើម​​។

​ទី​២គឺ​ជួន​កាល​បុគ្គល​នោះ​​មាន​ភាព​ស្ត្រេស​បណ្តាល​មកពី​បរិយា​កាស​នៅ​ជុំវិញ​ខ្លួន​ធ្វើឱ្យ​ជីវិត​ស្មុគ​ស្មាញ​ ឈាន​ដល់​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ហើយ​ក៏មាន​ចិត្ត​ឆេវ​ឆាវ​កាប់​សម្លាប់​គ្នា​។ រីឯបញ្ហា​ទី​៣ ​ប្រ​ហែល​ជា​យើង​ខ្វះ​នូវ​ការអប់រំ​តាម​ផ្លូវ​ចិត្ត​និង​ការអប់រំ​ផ្នែក​សីល​ធម៌​ឱ្យ​បាន​ស៊ីជម្រៅ​និង​ការបញ្ជ្រាប​អ​ហិង្សា​ឱ្យ​បាន​ជ្រៅ​ទៅ​ក្នុង​សហ​គមន៍​។

មួយ​វិញ​ទៀត​លោ​កថា ​គឺ​បុគ្គល​មួយ​ចំនួ​ន​មាន​គំនិត​​បដិសេធ​រឿង​ហិង្សា​ឬ​ក៏​ពាក្យ​សម្តី​​បង្កើត​ឱ្យ​មាន​ហិង្សា​ដែល​គួ​រតែ​មាន​ការ​ការ​ពារ​ ​ឬ​មាន​ការ​បង្ការ​កុំ​​ឱ្យ​វា​កើត​មា​ន​។

លោកថា៖«​ទាំង​អ្នក​នយោ​បា​យ​ទាំង​បុគ្គល​ផ្សេងៗ​ទៀត​​គួរតែ​នាំ​គ្នា​ប្រើ​ភាសា​ដែល​នាំ​ឱ្យ​មាន​សន្តិភាព​​ជា​ភាសា​បែប​អហិ​ង្សា​ អាហ្នឹ​ង​វា​ប្រ​សើរ»៕