ភ្នំពេញ: សមត្ថកិច្ច​ខណ្ឌ​សែនសុខ​បាន​និង​កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​សម្លាប់​កម្មការិនី​រោងចក្រ​ម្នាក់ បន្ទាប់ពី​គេ​បាន​ប្រទះឃើញ​សាកសព​នាង​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​ ១ ​កន្លែង​ នៅ​ភូមិ​ដូង សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​ ២៧ ខែវិច្ឆិកា ដោយ​សមត្ថកិច្ច​មាន​ការសង្ស័យ​ថា ជា​ករណី​ប្លន់​សម្លាប់​។

លោក ហួរ ម៉េងវ៉ាង អធិការ​នគរបាល​ខណ្ឌ​សែនសុខ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​ខណ្ឌ​សែនសុខ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​បាន​សម្លាប់​នារី​ម្នាក់​ឈ្មោះ សឿង ស្រីដា អាយុ​ ២៣ ​ឆ្នាំ​ ជា​កម្មការិនី​រោងចក្រ​ស្នាក់នៅក្នុង​បន្ទប់​ជួល​ក្នុង​ទីតាំង​កើតហេតុ​ខាងលើ​ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

លោក​បាន​បញ្ជាក់​ថា​៖ «​សមត្ថកិច្ច​បានប្រគល់​សព​ជូន​ទៅ​ឲ្យ​ក្រុមគ្រួសារ​គាត់​នៅ​ខេត្ត​ត្បូងឃ្មុំ​រួចរាល់​ហើយ​នៅ​ថ្ងៃនេះ​ [​ថ្ងៃ​ព្រហស្បតិ៍ ]​ដោយ​យើង​កំពុង​ស្រាវជ្រាវ​រក​ឃាតករ ប៉ុន្ដែ​នីតិវិធី​ស្រាវជ្រាវ​នេះ យើង​មិនអាច​ជម្រាប​ជូន​បានទេ​»​។

លោក នាង ផល្លី នាយប៉ុស្ដិ៍​នគរបាល​សង្កាត់​អូរបែកក្អម​ក៏​បាន​ថ្លែង​ដែរ​ថា សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ឃាតករ ខណៈ​សាកសព​នារី​រងគ្រោះ​ត្រូវបាន​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​របស់គាត់​រួចហើយ​។

លោក​បន្តថា សាកសព​នារី​រងគ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ជិតខាង​បន្ទប់​ជួល​សង្ស័យថា​ស្លាប់​នៅក្នុង​បន្ទប់​ជួល​របស់គាត់​ បន្ទាប់ពី​ធុំក្លិន​ស្អុយ ហើយ​នៅពេល​ទូរស័ព្ទ​ហៅ​ម្ចាស់​ផ្ទះជួល​ឲ្យ​មក​ចាក់​សោ​ចូល​មើល​ក៏​បាន​ប្រទះឃើញ​សព​ជនរងគ្រោះ​ដែល​មាន​សភាព​ស្អុយរលួយ​តែម្ដង​។

លោក​បន្ថែម​ថា នៅ​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​ករណី​ប្លន់​សម្លាប់ ដោយសារ​នៅលើ​សាកសព និង​ក្បែរ​នោះ​មាន​ឃើញ​ស្នាម​ឈាម និង​​មាន​ក្រណាត់​ភួយ​គ្រប​ខាងលើ​មុខ​សាកសព​។ លើស​ពី​នេះ​សាកសព​មាន​ស្នាមរឹតក​ជាមួយ​នឹង​ខ្សែ​អង្រឹង ហើយ​មាន​ស្នាម​ដាច់​រលាត់​ត្រង់​ក​ជនរងគ្រោះ​បណ្ដាល​ឲ្យ​មាន​ឈាម​ព្រមទាំង​បាត់​ទ្រព្យសម្បត្តិ គ្រឿងអលង្ការ​នៅលើ​ខ្លួន​នាង​ ១ ​ចំនួន​ទៀត​។

លោក​បាន​បញ្ជាក់​ថា​៖​ «​យើង​​បាន​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព​ហ្នឹង គឺ​ឃើញ​មាន​ចំណុច​សង្ស័យ​ច្រើន ប៉ុន្ដែ​ឥឡូវនេះ​យើង​មិនទាន់​អាច​ដាក់​​ការសង្ស័យ​លើ​នរណា​ម្នាក់​នៅឡើយ គឺ​យើង​នៅ​បន្ត​ស្រាវជ្រាវ​លម្អិត​សិន ដើម្បី​កុំ​ឲ្យ​មាន​ការភាន់ច្រឡំ​ទៅលើ​នរណា​ម្នាក់​ដែល​គាត់​គ្មាន​កំហុស​»​។

លោក យឹម រ័ត្ន ចៅសង្កាត់​អូរ​បែកក្អម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ពិតជា​មាន​ករណី​ឃាតកម្ម​ទៅលើ​នារី​រងគ្រោះ​ម្នាក់​មែន ប៉ុន្ដែ​លោក​មិនទាន់​បានដឹង​ពី​នីតិវិធី​របស់​សមត្ថកិច្ច​ជំនាញ​ទេ ដោយ​ពួកគាត់​កំពុង​ធ្វើការងារ​នេះ​។

លោក​បាន​បន្តថា តាម​ការសាកសួរ​ពី​មិត្តភក្ដិ​គាត់ និង​ភាគី​រោងចក្រ​ដែល​គាត់​ធ្វើការ​នោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នារី​រងគ្រោះ​បាន​ខកខាន​មក​ធ្វើការ​តាំងពី​ថ្ងៃទី​ ២៤ ខែ​វិច្ឆិកា ដោយ​បាន​បាត់​ដំណឹង​ហើយ​នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ​ក៏​មិន​ចូល​ ឬ​ទាក់ទង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក៏​មិន​ឆ្លើយតប ប៉ុន្ដែ​គ្មាន​អ្នកសង្ស័យ​ថា នាង​ស្លាប់​ទេ​។

លោក​បន្ថែមថា​៖ «​បន្ថែម​លើ​នេះ ខ្ញុំ​បាន​សួរ​ទៅ​អ្នកជិតខាង​បន្ទប់​នាង​ទៀត ហើយ​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា ពួកគាត់​មិន​បាន​ឃើញ​នារី​រងគ្រោះ​ចេញ​​ពី​បន្ទប់​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្ដែ​បន្ទប់​បែរ​ជា​ចាក់សោ​ទ្វារ​ពី​ខាង​ក្រៅ​ជាប់​ដោយ​ពួកគាត់​មិន​បាន​ចាប់អារម្មណ៍​អ្វី​ទេ ទាល់តែ​មាន​ធុំក្លិន​ស្អុយ​ចេញ​ពី​ក្នុង​បន្ទប់​នោះ ទើប​នាំគ្នា​សង្ស័យ ហើយ​ក៏​សុំ​ឲ្យ​ម្ចាស់​ផ្ទះជួល​មក​ចាក់​សោ​មើល​ក៏​ឃើញ​សាកសព​មាន​សភាព​បែប​នេះ​តែម្ដង​»៕