ភ្នំពេញៈ សមត្ថកិច្ច​អះអាងថា​ខ្លួន​កំពុង​ស៊ើបអង្កេត​រក​មុខ​សញ្ញា​ជន​សង្ស័យ​ដែល​លួង​លោម​និង​ដាក់​ថ្នាំ​ក្មេង​ស្រី​អាយុ ៨ ឆ្នាំ​ម្នាក់​ពី​សាលា​រៀន​ក្នុង​ខណ្ឌ​ទួលគោក​ដើម្បី​យក​ទៅ​រំលោភ​សេព​សន្ថវៈ ខណៈ​សង្គម​ស៊ីវិល​ធ្វើការ​ការពារ​លើ​កុមារ​សម្តែង​ក្តីបារម្ភ ដោយសារ​ករណី​បែប​នេះ​ធ្លាប់​កើត​ជា​បន្ត​បន្ទាប់​ដែល ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ភាគី​ពាក់ព័ន្ធ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គភាព​ការពារ​កុមារ​បាន​ឲ្យ​ដឹងថា កាល​ពី​ព្រឹក​ថ្ងៃ ៥ មីនា មាន​កុមារី​អាយុ ៨ ឆ្នាំ​ម្នាក់ ត្រូវ​បាន​អ្នក​ផ្ទះ​ជូន​មក​ដល់​សាលា​រៀន​នៅ​ម្តុំ​ទួល​គោក ប៉ុន្តែ​ខណៈ​នាង​ដើរ​សំដៅ​ថ្នាក់​រៀន ស្រាប់​តែ​មាន​យុវជន​អាយុ​ប្រហែល ១៨ ឆ្នាំ​ម្នាក់ មាន​សម្បុរ​ស ធាត់ ខ្ពស់ និង​មាន​ភ្នែក​ធំៗ​ពាក់​អាវ​យឺត​ពណ៌​ក្រហម​ជាមួយ​ខោ​ខូវ​ប៊យ ជិះ​ម៉ូតូ​ម៉ាក Zoomer ពណ៌​ក្រហម​លាយ​ខ្មៅ​បាន​ហៅ​ក្មេង​ស្រី​ជជែក​គ្នា​ដោយ​ប្រាប់​នាង​ថា ម្តាយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ថា​ខ្លួន​នឹង​ជូន​កុមារី​រង​គ្រោះ​ទៅ​ជួប​ម្តាយ។

សេចក្តីប្រកាស​ដដែល​បាន​បន្តថា បន្ទាប់មក​យុវជន​នោះបាន​នាំ​ក្មេងស្រី​រង​គ្រោះ​ទៅ​បន្ទប់​មួយ​នៅ​ទីតាំង​ដែល​កុមារី​មិន​ស្គាល់​រួច​ដាក់​ថ្នាំ​និង​រំលោភ​សេព​សន្ថវៈ​រួច​បាន​នាំ​នាង​មក​ទម្លាក់​ចោល​នៅ​ម្តុំ​បឹង​ទំពុន ហើយ ១ ម៉ោង​ក្រោយ​មក​ទើប​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ប្រទះ​ឃើញ។

លោក កែវ ធា ប្រធាន​កា​រិ​យាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​នេះ សមត្ថកិច្ច​កំពុង​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ តែ​លោក​ថា មិន​អាច​បញ្ជាក់​ពី​លទ្ធផល​បាន​ទេ។

លោក​ថា៖ «ខាង​ប៉ូលិស​យើង​កំពុងធ្វើការ​ដុតដៃដុតជើង​ទាំង​អាជ្ញាធរ​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​រហូត​ដល់​គ្រួសារ​ទៀត ហើយ​ខ្ញុំ​កំពុង​តែ​ធ្វើ​ការងារ​ហ្នឹង អ៊ឹចឹង​មិន​អាច​ប្រាប់​អ្វី​បន្ថែម​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត»។

លោក គង់ សុ​វង្ស អធិការរង​ខណ្ឌមានជ័យ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​ជន​សង្ស័យ​នាំ​កុមារី​រង​គ្រោះ​មក​ទម្លាក់​ចោល​នៅ​ម្តុំ​បឹង​ទំពុន​ក្នុង​ខណ្ឌ​មានជ័យ​នោះ ក្រុម​ជំនាញ​ទាំង​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ទួលគោក បាន​បើក​ការ​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​ជន​សង្ស័យ។

លោក​ថា៖ «ជំនាញ​យើង​បាន​បញ្ចូល​សំណុំរឿង​និង​ភ័ស្តុតាង​ទៅ​ឲ្យ​ជំនាញ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៅ​ខណ្ឌ​ទួលគោក​ជា​អ្នក​ស្រាវជ្រាវ​បន្ត​ក្នុង​ករណី​នេះ​រួច​ហើយ។ មុខ​សញ្ញា​ដែល​យើង​មាន​នៅ​ពេលនេះ​គឺ​ម៉ាក​ម៉ូតូ​ដែល​ជន​សង្ស័យ​ជិះ និង​ភិន​ភាគ​ជន​សង្ស័យ​ក្នុង​កាមេរ៉ា​សុវត្ថិភាព»។

លោក គឹម កូ​លី​ដូ នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​បឹង​សាឡាង បាន​ប្រាប់​ថា កុមារី​រងគ្រោះ មាន​លំនៅ​ក្នុង​សង្កាត់​ទឹកថ្លា ហើយ​គេ​បាន​មក​រៀន​នៅ​សាលា​បឋម​សិក្សា​បឹង​សាឡាង ក្នុង​ខណ្ឌ​ទួលគោក។ លោក​បន្ត​ថា ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ស៊ើប​អង្កេត​តាម​តម្រុយ​ដើម្បី​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ។

លោក​បញ្ជាក់ថា៖ «ជំនាញ​កំពុង​ធ្វើ តែ​រហូតមកទល់​ពេលនេះ​នៅ​មិន​ទាន់​ច្បាស់​ទេ យើង​កំពុង​ប្រមូល​ភ័ស្តុតាង និង​តម្រុយ​នានាតាម​កាមេរ៉ា​យើង​ហ្នឹង​វា​មិន​សូវ​ច្បាស់ ដូច្នេះ​យើង​ពិបាក​នឹង​សម្គាល់​តែ​យើង​មាន​ភិន​ភាគ​និង​អត្ត​សញ្ញាណ​ផ្សេង​ហើយ»។

បើតាម​លោក គឹម កូ​លី​ដូ បច្ចុប្បន្ន​កុមារី​ក្មេងរងគ្រោះ​កំពុងស្ថិត​ក្នុងការ​ថែរក្សា​ពី​អាណា​ព្យាបាល​និង​បាន​បញ្ចូន​ទៅ​មន្ទីរទេព្យ​ពិនិត្យ​សុខភាព​រួច​ហើយ។

លោកស្រី សោម វ​ឌ្ឍ​នា ប្រធាន​ផ្នែក​ផ្តល់​សេវាកម្ម​គាំពារកុមារ​ទូទាំង​ប្រទេស​នៃ​អង្គភាព​ការពារ​កុមារ (child protection unit) បាន​ថ្លែង​ថា កន្លង​មក លោកស្រី​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ពី​ការ​បាត់​ក្មេង​បែប​នេះ​ច្រើន​ករណី​ដែរ ដោយ​ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព​ស្រដៀងៗ​គ្នា​បន្ទាប់​មក​ប្រព្រឹត្ត​បទ​ល្មើស​លើ​ក្មេង​ស្រី។លោក​ស្រី​បារម្ភ​ពី​សុវត្ថិភាព​ក្មេង​ស្រី​ដែល​អាច​ប្រឈម​ការ​រំលោភ​បំពាន​តាម​រូបភាព​ផ្សេងៗ​ដូចជា​ក្នុង​ករណី​នេះ​បើ​មិន​ការពារ​ឲ្យ​ដិត​ដល់​នោះ។

លោកស្រី​បាន​បញ្ជាក់ថា៖ «បច្ចុប្បន្ន​កុមារី​នៅតែ​ប្រឈម មុខ​ច្រើន​ជាពិសេស​នៅ​តាម​ទី​ដាច់​ស្រយាល​ដូច​ក្នុង​ករណី នេះ ក្មេង​ស្រី​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ពី​ការ​រំលោភ​សេព​សន្ថវៈ ដែល​វា​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ដូច្នេះ​សង្ឃឹម​ថា​នឹង​មាន​វិធានការ​នានា​ជួយ​ដល់​កុមារី។ បើ​តាម លោកស្រី វឌ្ឍនា ក្នុង​១ឆ្នាំៗ​លោក​ស្រី​ទទួល​បាន​បណ្ដឹង​ពាក់ព័ន្ធ​នឹង​កុមារី​នៅ​ទូទាំង​ប្រទេស​ប្រមាណ ៣០០ ករណី ក្នុង​នោះ​ភាគ​ច្រើន​រឿង​រំលោភ។

លោក ស្កុ​ត នី​សិន (Scott Neeson) ស្ថាបនិក​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា Cambodian Children''s Fund (CCF) បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ថា ហេតុ​ការណ៍​បែប​នេះ​ធ្លាប់​ត្រូវ​បាន​ជន​សង្ស័យ​ប្រើប្រាស់​កន្លង​មក ដូច្នេះ​សូម​ផ្សព្វផ្សាយ​ដល់​អាណា​ព្យាបាល​របស់​កុមារ​ទាំង​អស់​មិន​ត្រូវ​ឲ្យកុមារ​ទៅ​ណា​ជាមួយ​អ្នក​មិន​ធ្លាប់​ស្គាល់​និង​ត្រូវ​រាយ​ការណ៍​ជូន​លោកគ្រូ អ្នកគ្រូ​របស់​ពួកគេ​ចំពោះ​ជន​សង្ស័យ ព្រមទាំង​ហេតុ​ការណ៍​ផ្សេងៗ​ដែល​អាច​ផ្តល់​ហានិភ័យ​ដល់​កុមារ។

លោក ស្កុ​ត អំពាវនាវ​ថា៖ «តាម​បណ្តា​សាលារៀន គួរ​មានកា​មេរ៉ា​សុវត្ថិភាព​និង​ពិនិត្យ​ដំណើរ​ការ​របស់​កាមេរ៉ា​ឲ្យ​បាន​ល្អ»។

លោក ​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ក្រសួង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ និង​បាន​ដាក់​បញ្ហា​សុវត្ថិភាព​ការពារ​សិស្ស​ជា​អាទិភាព​ក្នុង​ការងារ។​លោក​បន្ត​ថា តាម​សាលា​មួយ​ចំនួន​មាន​កាមេរ៉ា​សុវត្ថិភាព​រួច​ហើយ។

ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ទាំងនេះ ក្រសួង​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​វិធាន​សុវត្ថិភាព​នេះ។

លោក​បញ្ជាក់ថា៖ «ដូចនេះ​អាទិភាព​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​របស់​កុមារា-កុមារី​ក៏​ដូចជា សិស្សា​នុសិស្ស និស្សិត​ទាំង​អស់ គឺ​ក្រសួង​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ហើយ​ករណី​ខាង​លើ​នេះ គឺ​ក្រសួង​ត្រៀមខ្លួន​សហការ​ជា​បន្ត​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​បន្ត​ពង្រឹង​សុវត្ថិភាព​គ្រប់​បែប​យ៉ាងជូន​សិស្សា​នុសិស្ស»៕