តាកែវ: សមត្ថកិច្ចខេត្តតាកែវកំពុងស្រាវជ្រាវរកអត្ដសញ្ញាណជនដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាបករណីនេះកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដោយរកឃើញដាំចំនួន ១៣ ទីតាំង និងអាងស្តុកទឹកចំនួន ៧ លើផ្ទៃដីប្រមាណ ១ ០១៣ ម៉ែត្រការ៉េ នៅតាមចង្កេះភ្នំគុហាចិន និងភ្នំដាដំរីលេង ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
មន្ត្រីនគរបាលស្រុកគិរីវង់ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃចន្ទថាករណីលួចដាំកញ្ឆានេះ សមត្ថកិច្ចជំនាញបាន និងកំពុងតាមដានរកមុខសញ្ញាដែលលួចដាំដោយបានដាក់ការសង្ស័យលើពលរដ្ឋមួយចំនួនក្នុងមូលដ្ឋាន។
លោកបានឲ្យដឹងថាកាលពីខែមុនសមត្ថកិច្ចធ្លាប់បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកំពុងដាំដំណាំកញ្ឆតាមចង្កេះភ្នំហើយបានបញ្ជូនខ្លួនទៅតុលាការ។ លោកថា ដំណាំកញ្ឆា ប្រើពេលដាំត្រឹមតែ ២ ឬ ៣ ខែប៉ុណ្ណោះ ហើយដោយសារលក់បានថ្លៃផងនោះទើបមានជនខិលខូចឆក់ឱកាសលួចដាំទាំងដឹងថា ជាដំណាំខុសច្បាប់។
លោកបញ្ជាក់ថា៖ «ដំណាំកញ្ឆាមានតម្លៃថ្លៃ អ៊ីចឹងពលរដ្ឋយើងមួយចំនួនបង្ខំចិត្តលួចដាំ បើទោះបីដឹងថាច្បាប់បានហាមក៏ដោយ។ យើងនៅតែបន្តចុះបង្ក្រាបដោយដក និងដុតបំផ្លាញចោល រីឯមនុស្សគឺយើងនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយជាក់ស្ដែងកាលពីខែមុនយើងបានបញ្ជូនសំណុំរឿងអ្នកដាំកញ្ឆាម្នាក់ទៅតុលាការដែរ»។
លោក អិន វុធ នាយប៉ុស្ដិ៍នគរបាលឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់បានថ្លែងពីថ្ងៃចន្ទថា សមត្ថកិច្ចលោកបានសហការជាមួយមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ក្នុងការបង្ក្រាប ប៉ុន្ដែលោកមិនមានរបាយការណ៍ទាក់ទងនឹងការងារនេះទេ។ លោកថា កន្លងមកសមត្ថកិច្ចលោកតែងតែសហការជាមួយមន្ត្រីជំនាញដើម្បីស្វែងរកជនសង្ស័យដែលដាំដំណាំកញ្ឆានេះ។
លោកបន្តថា ទីតាំងភូមិសាស្ត្រនៅលើភ្នំគុហាចិន និងភ្នំដាដំរីលេងនេះជាកន្លែងមានអំណោយផលល្អក្នុងការលួចដាំកញ្ឆា ព្រោះមានព្រៃស្រោងក្រាស់ៗ ហើយមិនសូវមានថ្មធំៗដែលជាឧបសគ្គក្នុងការកាប់គាស់ដីដាំកញ្ឆាទេ។ ម្យ៉ាងវិញទៀតបើចង់ឡើងភ្នំនេះត្រូវប្រើពេលយូរ និងពិបាកឡើងទៀតផង ប៉ុន្ដែចំពោះជនខិលខូចបានស្គាល់ផ្លូវ ឬភូមិសាស្ត្រច្បាស់ទើបអាចឆ្លៀតឱកាសលួចដាំដំណាំនេះបាន។
លោកបញ្ជាក់ថា៖ «បញ្ហាបទល្មើសលួចដាំកញ្ឆានេះ យើងតែងតែបង្ក្រាបជាហូរហែគឺសមត្ថកិច្ចដកចោល និងដុតចោល ហើយខែមុននោះចាប់បានអ្នកដាំម្នាក់ ប៉ុន្ដែអ្នកផ្សេងទៀតនៅតែមិនព្រមរាងចាលសោះ ព្រោះមានអ្នកភូមិមួយចំនួនគាត់ទំនេរពីការធ្វើស្រែរដូវប្រាំង។ អ៊ីចឹងទើបមកលួចដាំកញ្ឆាមួយទៀតគឺលក់ទៅបានថ្លៃជាងស្រូវប្រាំងផងដែរ»។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវកាលពីថ្ងៃទី ១៧ ខែកុម្ភៈបានបង្ហាញថា ការបង្ក្រាបករណីលួចដាំដំណាំកញ្ឆាខុសច្បាប់ក្នុងខេត្ត ជាពិសេសស្រុកគិរីវង់គឺមានការយកចិត្តទុកដាក់ពីសំណាក់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ លោកស្នងការបានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោក យុគសារ៉ាត់ អធិការនគរបាលស្រុកឲ្យចេញប្រតិបត្តិការស្រាវជ្រាវរកទីតាំងលួចដាំកញ្ឆាខុសច្បាប់ និងដុតបំផ្លាញចោល។
របាយការណ៍បន្តថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញកន្លែងដាំដំណាំកញ្ឆាចំនួន ១៣ ទីតាំង អាងស្តុបទឹកចំនួន ៧ អាងដែលជនល្មើសលួចដាំនៅតាមចង្កេះភ្នំ និងតាមកន្លៀតថ្មនៅលើផ្ទៃដីប្រមាណ ១០១៣ ម៉ែត្រការ៉េ (មិនបញ្ជាក់ពីចំនួនដើមកញ្ឆា)។
ភ្លាមៗនោះសមត្ថកិច្ចបានដក និងដុតបំផ្លាញចោលនៅនឹងកន្លែង ហើយកំពុងកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកអត្តសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕