ភ្នំពេញៈ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​មួយក្រុម ដែល​មាន​គ្នា​រហូត​ដល់ ៥៨ នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី ១៩ ខែ​មករា នៅ​ក្នុង​ក្លិប​យីហោ PROKTVPRO ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនី​វង្ស​កំពុង​តែ​ត្រូវ​សាកសួរនៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ ខណៈ​ដែល​ជន​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ទម្ងន់​ជាង ២ គីឡូក្រាម​ម្នាក់ ត្រូវ​នគរបាល​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​តុលាការ។

យោងតាម​របាយការណ៍​ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា សមត្ថកិច្ច (ក ៨ និង ក៣ ) នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី ១៩ ខែ​មករា ឆ្នាំ ២០១៩ បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន និង​ផ្តល់​ទីតាំង​ឲ្យ​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​ក្នុង​ក្លិប​យីហោ​ឈ្មោះ PROKTVPRO ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនី​វង្ស ក្នុង​ភូមិ ៧ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​ប្រើប្រាស់​គ្រឿង​ញៀន ៥៨ នាក់​ក្នុង​នោះ មាន​ជន​ជាតិ​ចិន ២៩ នាក់ (ស្រី ៥ នាក់) កូរ៉េ​ម្នាក់ វៀតណាម ២៣ នាក់ (ស្រី ១៥ នាក់) ថៃ២ នាក់ និង​ខ្មែរ ៣ នាក់ (ស្រី ១ នាក់)។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​តេស្ត​ទឹកនោម​រកឃើញថា ជន​សង្ស័យ​ចំនួន ៥២ នាក់ មាន​ជាប់​សារ​ធាតុ​ញៀន​ក្នុង​ទឹក​នោម និង ៦ នាក់​ទៀត គ្មាន​សារ​ធាតុ​ញៀន​ក្នុង​ទឹក​នោម​ទេ។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង ៥៨ នាក់​ខាង​លើ​មាន​ម្នាក់​ជា​អនុ​ប្រធាន​ក្រុមហ៊ុន​ជា​ម្ចាស់​ទីតាំង​កើត​ហេតុ​ឈ្មោះ ChaCheongmin ជា​ជន​ជាតិ​កូរ៉េ និង​មាន​មេការ​របស់​ក្លិប PROKTVPRO ២ នាក់​ទៀត​ឈ្មោះ Nguyen Tuanna ជា​ជន​ជាតិ​វៀតណាម និង​ឈ្មោះ​ហ៊ត ជឿង ជា​ជន​ជាតិ​ខ្មែរ។ ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹប​អូស​បាន មាន​ថ្នាំ​អ៊ិចស្តាស៊ី​គ្រាប់​ទម្ងន់ ២,០៥ ក្រាម,ម្សៅ​កេតាមីន​ទម្ងន់ ៦,៥៨ ក្រាម និង​ម្សៅ​អ៊ិច​ស្តាស៊ី​ទម្ងន់ ៩៧,០។

លោក អ៊ិ​ន សុង អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា គិត​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​ជន​សង្ស័យ​ទាំង ៥៨ នាក់​នោះ​គឺ​កំពុង​ត្រូវ​បាន​បន្ត​សាក​សួរ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន។

ចំណែក​លោក សាន និមល ស្នងការរង​ទទួល​ផែន​បទល្មើស ខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជន​សង្ស័យ​ដែល​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជាមួយ​គ្រឿង​ញៀន​ជាង ២ គីឡូក្រាម​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មករា មាន​ឈ្មោះ ផល កុសល អាយុ ២៩ ឆ្នាំ​រស់​នៅ​ភូមិ-ឃុំ​សេកុង ស្រុក​សៀម​ប៉ាង។ «បុរស​នោះ ត្រូវ​បាន​សមត្ថកិច្ច​យើង​ចាប់​គាត់ ហើយ​នៅ​នឹង​ខ្លួន​របស់​គាត់​មាន​គ្រឿង​ញៀន​ក្នុង​ថង់​ប្លាស្ទិក​ចំនួន ២ ដុំ ស្មើ ២ គីឡូក្រាម។ យើង​បាន​បញ្ជូន​គាត់​ទៅ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​ពី​ព្រឹក​មិញ (ថ្ងៃ​ទី ២០ មករា)»។

លោក​ថា៖ «យោង​ចម្លើយ​របស់​ជនសង្ស័យ ក្រោយ​យើង​ឃាត់​ខ្លួន គាត់​ប្រាប់​យើង​ថា គ្រឿង​ញៀន​នេះ គាត់​យក​បន្ត​ពី​មនុស្ស​ម្នាក់ តែ​គាត់​ក៏​មិន​បាន​ប្រាប់​យើង​ថា នាំចូល​ពី​ប្រទេស​ ឡាវ​ ដែរ»។

ជាមួយគ្នានេះដែរ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ ២០១៩ ដែល​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី ៩ ខែ​មករា បង្ហាញ​ថា ពេញ​មួយ​ឆ្នាំ ២០១៨ នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ឡាវ​មួយ​នេះ បាន​ធ្វើការ​បង្ក្រាប​គ្រឿង​ញៀន​បាន ៥៦ ករណី ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន ១១៤ នាក់ (ស្រី ៨ នាក់) ក្នុង​នោះ​មាន​ខ្មែរ ១០៧ នាក់ (ស្រី ៨ នាក់) ឡាវ ៥ នាក់ និង​វៀតណាម ២ នាក់។ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​ក៏បាន​រឹប​អូស​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេតាមីន (ICE) បាន​ទម្ងន់ ១៦៤០៧៤,៣៨ ក្រាម ថ្នាំ​ញៀន​ប្រភេទ​មេ​តំហ្វេតា​មីន (WY) ១១៩៩៥ គ្រាប់ ថ្នាំញៀន​ប្រភេទ​កេ​តាមីន​ទម្ងន់ ២២៨៥៧,៨២ ក្រាម ព្រមទាំង​បាន​រឹប​អូស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ៕

(កែសម្រួល សូ វិសាល)