កំពង់ធំ: មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកំពុងសួរបុរសជាអ្នកបើកបររថយន្តក្រុងម្នាក់ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីម្សិលមិញពាក់ព័ន្ធនឹងការដឹកជញ្ជូនសត្វព្រៃជាង ២០០ គីឡូនៅចំណុចភូមិស្លាកក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ខណៈរថយន្តបម្រុងដឹកសំដៅមកភ្នំពេញ។
លោក អាំ ប៊ុនថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានថ្លែងថា កម្លាំងរបស់លោក និងកងរាជអាវុធហត្ថខេត្តកំពង់ធំបានឃាត់រថយន្ដក្រុង ១ គ្រឿងដែលដាក់ឈ្មោះ ក្រុមហ៊ុនបូព៌ាអាស៊ីពាក់ព័ន្ធការដឹកសត្វព្រៃខុសច្បាប់ ប៉ុន្ដែលោកមិនទាន់ដឹងពីប្រភពសត្វព្រៃទាំងនេះនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងសួរជនសង្ស័យ។
លោកបន្តថា បុរសជាជនសង្ស័យនោះឈ្មោះ ងន វុនរ៉ា អាយុ ២៧ ឆ្នាំរស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាអ្នកបើកបររថយន្ដក្រុង ១ គ្រឿងម៉ាក KIA ពណ៌ស្លាទុំលាយស ពាក់ស្លាកលេខភ្នំពេញ 3D-2417។
លោក ប៊ុនថា បន្ថែមថាប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានអណ្តើកសង្កល់ ២៨ ក្បាលស្មើនឹង ១៧៩ គីឡូពស់ក្រចាន់តាមម ៨២ ក្បាល ស្មើនឹង ៤៥ គីឡូ និងទន្សង ៤ ក្បាល ស្មើនឹង ៨ គីឡូ «បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងត្រូវសួរនៅសង្កាត់រដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការទៅតាមនីតិវិធី ប៉ុន្ដែខ្ញុំមិនទាន់ដឹងថា ត្រូវបញ្ជូនទៅតុលាការនៅពេលណាទេ»។
លោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានថ្លែងថា កម្លាំងកងរាជអាវុធហត្ថខេត្តបានសហការជាមួយមន្ត្រីមូលដ្ឋានឃាត់រថយន្តក្រុងលួចបង្កប់ដឹកសត្វព្រៃនៅចំណុចស្រុកស្ទោង ហើយបានប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត។
លោកថា៖ «ខ្ញុំបានប្រគល់ទាំងវត្ថុតាង និងជនសង្ស័យជូនទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរួចហើយ ប៉ុន្ដែរបាយការណ៍នានា ខ្ញុំអត់ដឹងច្បាស់ទេ។ អ៊ីចឹងសួរទៅមន្ត្រីរដ្ឋបាលព្រៃឈើ គាត់ដឹងច្បាស់ជាងខ្ញុំ»។
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានថ្លែងថាលោកបានទទួលព័ត៌មាននេះហើយ ប៉ុន្ដែមិនទាន់បានទទួលរបាយការណ៍លម្អិតទេ ដោយលោកជាប់មកប្រជុំនៅភ្នំពេញ «ខ្ញុំទទួលបានទទួលព័ត៌មានពីមន្ត្រីខ្ញុំ ប៉ុន្ដែរបាយការណ៍លម្អិតគឺគាត់កំពុងសាកសួរជនសង្ស័យបន្ថែមទៀត»។
ទោះយ៉ាងណាលោក អាំ ប៊ុនថា បានអះអាងថាមន្ត្រីជំនាញគ្រោងនឹងយកសត្វទាំងនេះទៅលែងវិញ ប្រសិនបើមានការបញ្ជាពីតុលាការ ប៉ុន្ដែលោកនៅមិនទាន់ដឹងថា ត្រូវដោះលែងនៅកន្លែងណាឲ្យមានសុវត្ថិភាព ឬប្រគល់ជូនអង្គការការពារសត្វព្រៃ Wildlife Alliance នៅឡើយ។
ក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរកាលពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទចូល ប៉ុន្ដែត្រូវបានចុចផ្ដាច់ទៅវិញ៕