ស្វាយរៀងៈ នគរ​បាល​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀនខេត្ត​ស្វាយ​រៀង​ កំពុង​បន្ត​ស​ហ​ការ​ជា​មួយសមត្ថកិ​ច្ច​​វៀត​ណាម​ដើម្បី​ស្រាវ​ជ្រាវ​រក​អត្ត​សញ្ញាណ​មេ​ខ្លោងជួញគ្រឿង​ញៀន ​បន្ទាប់​ពី​ចាប់​បាន​​មេ​តំ​ហ្វេ​តា​មីន​ជាង ​១​៦​ គី​ឡូ​ក្រាម ​នៅ​ក្បែរ​ព្រំ​ដែន​អន្តរ​ជាតិ​បាវិ​ត​ខណៈ​ជន​សង្ស័យ​ម្នាក់​យួរ​វ៉ា​លិស​គ្រឿង​ញៀន​គេចពី​សមត្ថ​កិច្ច​បម្រុង​ឆ្លង​ដែន​ទៅ​វៀតណាម​កាល​ពី​យប់​ថ្ងៃ​ ទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ ២០១៩។

លោក ​កាន កេន ​នាយ​កា​រិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​​ខេត្ត​​ស្វាយ​រៀង​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​ គ្រឿង​ញៀន​ដែល​ជន​សង្ស័យ​ទម្លាក់​ចោល​ហើយ​សមត្ថកិច្ច​ចាប់​បាន​នោះ​​មាន ១៧ ​កញ្ចប់​ទម្ងន់​ជាង​ ១​៦​ គី​ឡូ​ក្រាម។ បច្ចុប្បន្ន​សមត្ថកិច្ច​កំ​ពុង​ស​ហ​ការ​ជា​មួយ​​ភាគី​វៀត​ណាម​ ដើម្បី​ស្រាវ​ជ្រាវ​រក​មេខ្លោង​ជា​ម្ចាស់​គ្រឿង​ញៀន​នោះ។

​លោក​បន្ត​ថា ​គ្រឿង​ញៀន​នោះ​ជា​ប្រ​ភេទ​មេ​តំ​ហ្វេ​តា​មីន​ដែលជន​សង្ស័យ​​បាន​វេច​ខ្ចប់​ចំ​នួន​ ១​៧​ កញ្ចប់​ ដាក់​ក្នុង​វ៉ា​លិស​ហើយ​ទំនង​​បម្រុង​​នាំ​ឆ្លង​​ដែន​ចូល​ប្រ​ទេស ​វៀត​ណាម ​តែ​ដោយ​សារ​ជន​សង្ស័យ​ឃើញ​សមត្ថ​កិច្ច​​កម្ពុជា​កំពុង​​ល្បាត​តាម​ព្រំ​ដែន​ក៏​ទម្លាក់​វ៉ា​លិស​នោះ​ចោល​ ហើយ​រត់​គេច​ខ្លួន​បាត់។

លោក​ប្រាប់​ថា​៖ ​«​នៅ​យប់​កើត​ហេតុ​នោះ​មាន​ភ្លៀង​ធ្លាក់​ហើយ​ជន​សង្ស័យ​រត់​ចូល​ព្រៃ​ចម្ការ​ដើម​ប្រេង​ខ្យល់​បាត់​ហើយ​យើង​បាន​រុក​រក​ដែរ​ តែ​រក​មិន​ឃើញ​។​ បញ្ហា​នេះ​យើង​បាន​ទាក់​ទង​ជា​មួយ​អាជ្ញាធរ​វៀតណាម​ហើយ​ដើម្បី​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ»។

​លោក​ កាន ​កេន ​បាន​រំឭក​ប្រាប់​ថា នៅ​យប់​កើត​ហេតុ​​កម្លាំង​វរ​សេនា​តូ​ចនគរ​បាល​ការ​ពារ​ព្រំ​ដែន​លេខ ៦១១ នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយ​រៀង​បាន​ចេញ​ល្បាត​នៅ​ចំណុច​ចន្លោះ​បង្គោល​ព្រំ​ដែន​លេខ​ ១៧០ ​និង ១៧១​ ខាង​ជើង​ច្រក​ទ្វារ​អន្តរ​ជាតិ​បាវិត ចម្ងាយ​ប្រហែល ​៥០០​ ម៉ែត្រ​។ ខណៈ​កំពុង​ដើរ​ល្បាត​នោះ​សមត្ថ​កិច្ច​បាន​ឃើញ​​ជន​សង្ស័យ​ម្នាក់​កំពុង​​យួរ​វ៉ា​លិស​ស ១​ ដើរ​កាត់​ស្រែ​បំណង​ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម។

​លោក​បាន​បញ្ជាក់​ថា​ ដោយ​មាន​ការ​សង្ស័យ​សមត្ថ​កិច្ច​ក៏បាន​ហៅ​ឲ្យ​ជន​នោះ​ឈប់​ដើម្បី​សាក​សួរ​តែ​ត្រូវ​ជន​សង្ស័យ​ទម្លាក់​វ៉ា​លិស​នោះ​ចោល​ហើយ​រត់​គេច​ខ្លួន​ចូល​ចម្ការ​ប្រេងខ្យល់​បាត់​។​ លុះ​សមត្ថ​កិច្ច​បាន​យក​វ៉ាលិស​នោះ​ មក​ពិ​និត្យ​ស្រាប់តែ​ឃើញ​​ម្សៅ​ពណ៌​​ស​​ថ្លាចំ​នួន​ ១​៧ ​កញ្ចប់​ ហើយ​ក្រោយ​ពី​ធ្វើ​កោ​សល្យ​វិច័យ​ទើប​ដឹង​ថា​ជា​គ្រឿង​ញៀន​ប្រភេទមេតំ​ហ្វេ​តា​មីន​ មាន​ទម្ងន់​សរុប​ជាង​ ១៦​ គីឡូក្រាម៕​