មណ្ឌលគិរី៖​ នគរបាល​ខេត្ត​មណ្ឌលគិរី​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សព​ស្រ្តី​ម្នាក់​ ​បន្ទាប់​ពី​ពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​ព្រៃ នៅ​ភូមិ​ចុងផាង​ ឃុំ​ពូជ្រៃ​​​ ស្រុក​ពេជ្រាដា ​កាល​ពី​ថ្ងៃទី ​៤ ខែ​កក្កដា​។​

លោក​ សូ​ សុវណ្ណ​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ​សព​ស្រ្តី​នោះ​មាន​អាយុ​ប្រហែល ​៣០ ​ឆ្នាំ​ តែ​លោក​​មិន​ទាន់​ដឹង​ថា​​ត្រូវ​គេ​សម្លាប់ ​ឬ​យ៉ាង​ណា​ទេ​។ ​រហូត​មក​ទល់​ពេល​នេះ​ស្នងការដ្ឋាន​នគរបាល ​ខេត្ត​មណ្ឌលគិរី​បាន​ផ្សព្វផ្សាយ​ករណី​នេះ​ទៅ​គ្រប់​ស្នងការដ្ឋាន​ទូទាំង​​​ប្រទេស ​ដើម្បី​ស្វែងរក​សាច់​ញាតិ​​។

លោក​បន្ត​ថា​ ទន្ទឹម​នឹង​​នេះ​មន្រ្តី​នគរបាល​ជំនាញ​ខេត្ត​ក៏​បាន​ធ្វើ​កោសល្យ​វិច័យ​លើ​សាកសព​ដែរ ក្រែង​លោ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម។ ​រី​ឯ​សាច់​ញាតិ​ និង​គ្រួសារ​សព មិន​ទាន់​មាន​ឃើញ​ទាក់ទង​មក​សមត្ថកិច្ច​ទេ​រហូត​មក​ទល់​ពេល​នេះ។​​

លោក​ថ្លែង​​ថា​៖ «គ្រោង​ឆ្អឹង​សាកសព​ស្រ្តី​ម្នាក់​នោះ​ខាង​ខ្ញុំ​បាន​ប្រមូល​រក្សាទុក​នៅ​វត្ត​មួយ​ក្នុង​ភូមិ​ដែល​ប្រទះ​ឃើញ​សាកសព​នោះ​ ដើម្បី​​ធ្វើ​កោសល្យ​វិច័យ ​និង​ទុក​នៅ​ទីតាំង​មួយ​ងាយ​​ស្រួល​សាច់​​ញាតិ​គេ​មក​រក​។

លោក​ សុ វណ្ណ​ បាន​ឲ្យ​ដឹង​ថា​ សព​នេះ​ត្រូវ​បាន​អ្នក​ចូល​ព្រៃ​រក​បេះ​ផ្លែ​ឈើ​ប្រទះ​ឃើញ​ ហើយ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ឃុំ​ពូជ្រៃ​ចុះ​ពិនិត្យ​ ក៏​ឃើញ​មាន​សភាព​ស្អុយ​រលួយ​នៅ​សល់​តែ​​ស្បែក​ និង​គ្រោង​ឆ្អឹង​។​

លោក​បន្ត​ថា​​ សព​នោះ​ពាក់​អាវ​​សង្រែក​ពណ៌ស និង​​ស្លៀក​​ខោ​ជើង​ខ្លី​ ពណ៌​ខ្មៅ។ ​តែ​ជើង​ស្តាំ​បាន​របូត​ចេញ​ពី​ដង​ខ្លួន និង​មាន​ពាក់​កង​ដៃ​ប្រាក់​ចំនួន ​៣ ​កង​ និង​មាន​សក់​វែង។​

លោក​​បន្ត​ថា ​រហូត​មក​ទល់​ពេល​នេះ​​មិន​ទាន់​មាន​ខេត្ត​ណា​មួយ​​ផ្តល់​ព័ត៌មាន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ពី​ការ​បាត់​សមាជិក​គ្រួសារ​នៅ​ឡើយ​ទេ​។ បើ​តាម​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័យ​ថា ​​ស្ត្រី​នេះ​​អាច​ស្លាប់​ប្រហែល ​១ ​ខែ​មុន​។​ ប៉ុន្តែ​​​សមត្ថកិច្ច​ក៏​មិន​ទាន់​​សន្និដ្ឋាន​ថា ​ជា​ករណី​ឃាតកម្ម​ដែរ។

លោក​ថា​៖ «បើ​ជា​ករណី​ឃាតកម្ម​យ៉ាង​ហោច​ណាស់​ក៏​វា​មាន​បាក់​បែក​ឆ្អឹង​កន្លែង​ណា​មួយ​ ឬ​ក៏​មាន​ផុង​លលា​ដ៍​ក្បាល​ដែរ​តែ​នេះ​វា​អត់​មាន​​»។

លោក​បន្ត​ថា ​គ្រោង​ឆ្អឹង​​សព​ត្រូវ​យក​ទៅរ​ក្សា​ទុក​​ក្នុង​វត្ត​មួយ​រយៈ​ខ្លី​សិន​ ក្រែង​សាច់​ញាតិ​មក​រក។ ​តែ​បើ​មិន​ឃើញ​មាន​សាច់​ញាតិ​ទេ ​សមត្ថកិច្ច​នឹង​ពិភាក្សា​គ្នា​ទៀត​ថា ​តើ​ត្រូវ​បូជា ឬ​​ក៏​កប់​​៕