ភ្នំពេញៈ មន្ត្រី​នគរ​បាល​រាជ​ធានី​ភ្នំពេញ​កំពុងស៊ើប​អង្កេត​រកចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ គី​វ ស៊ីថា ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​អតីត​អធិការរង​ក្រុង​តាខ្មៅ បន្ទាប់ពី​រត់គេចខ្លួន​ក្រោយ​បំផ្ទុះអាវុធ​​ ៣ គ្រាប់ក្នុង​ជម្លោះ​ជាមួយ​មន្ត្រី​យោធា​កាល​ពី​ថ្ងៃ ៤ កុម្ភៈក្នុង​ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។

លោក ឆាយ គឹម​ខឿន មន្ត្រី​នាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលម្សិលមិញ​ថា បុគ្គល​ដែល​បាញ់​គំរាម​​មន្ត្រី​យោធា​នោះគឺជា​មន្ត្រី​នគរបាលនៅ​នាយក​ដ្ឋាន​សវនកម្ម​ និង​ជា​អតីត​អធិកា​ររង​ក្រុង​តាខ្មៅ ហើយពេល​នេះ នគរ​បាល​រាជ​ធានីភ្នំពេញ​កំពុង​តាម​ចាប់​ខ្លួន។

លោក​ថា៖​ «តាម​ពិត​អ្នក​បាញ់​អ្នករ​ត់​នោះ គេ​កំពុង​ធ្វើការ​ហើយ​សូម្បី​ម្ចាស់​កាំភ្លើង​ក៏​ឃាត់​ខ្លួន​ដែរ។ ដើម្បី​រឹតតែ​ច្បាស់​សួរ​ខាង​ស្នង​ការ​ទៅ​ គេ​ដឹង​ច្បាស់​ជាង»។

ប៉ុន្តែ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា លោក​មិន​ចង់​បក​ស្រាយ​ច្រើន​ទេ ដោយ​សារ​កំពុង​តាម​រក​ចាប់​ខ្លួន​មន្ត្រី​នោះ។ លោក​ថា៖​ «អាការ​បាញ់បោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​អ៊ីចឹង វា​ត្រូវ (ទោស) ប្រមាណ​អី​ប្រមាណ​មិន​ទាន់​ដឹង​ទេ»។

លោក ធឹ​ម សុ​ផា អគ្គ​នាយ​កនៃអគ្គនាយកដ្ឋាន​សវន​កម្ម​ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​ថា លោក គី​វ ស៊ីថាគឺ​ពិតជា​មន្ត្រី​នៅ​នាយក​ដ្ឋាន​សវន​កម្ម​មែ​ន តែទើបតែ​ផ្លាស់​មកពី​អធិកា​រដ្ឋាន​ក្រុង​តាខ្មៅ​ពី​សប្ដាហ៍​មុន​ប៉ុណ្ណោះ ។

កាលពី​ថ្ងៃ​ទី ៤ កុម្ភៈ ដោយ​សារ​កើត​ជម្លោះ​ជាមួយឈ្មោះ ជា ពេជ្រចិន្តា ជាមន្ត្រីយោធា លោក គី​វ ស៊ីថា បានដណ្ដើម​កាំភ្លើង​ពី​នគរបាល​ម្នាក់​បាញ់​គំរាម​មន្ត្រី​យោធា​នោះ​ចំនួន ​៣ ​គ្រាប់​ ហើយ​ក្រោយ​មក​ក៏​គេច​ខ្លួន​បាត់​ ។

ក្រោយ​កើត​ហេតុ មន្ត្រី​កង​រាជ​អាវុ​ធហត្ថ​បាន​ឃាត់​ខ្លួនលោក ​ជា ពេជ្រចិន្តា ទៅ​សួរ​នៅ​បញ្ជាកា​រដ្ឋាន​កងរាជអា​វុធ​ហ​ត្ថ​ភ្នំពេញ ក្នុងនោះ​ក៏បាន​នាំ​ខ្លួន​មន្ត្រី​នគរបាល​​ជាម្ចាស់​អាវុធទៅ​សួរ​ផង​ដែរ។

ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា គូជម្លោះគឺជា​អ្នក​ជិត​ខាង​គ្នា​ និង​ធ្លាប់​បានឈ្លោះ​គ្នា​យូរមក​ហើយ ។​ លោក អេង ហ៊ី អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​បាន​ប្រាប់​ថា លោក​មិន​អាច​លម្អិ​តជុំវិញ​ការសួ​រមន្រ្តី​យោធា​នោះ​ទេ ខណៈសំណុំ​រឿង​នេះ​កំពុង​ស៊ើប​អង្កេត៕